កងទ័ពកម្ពុជា-វៀតណាម ប្រារព្ធពិធីបើក និងបិទធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោក នៅខេត្តស្វាយរៀង

11:03 | 18/12/2019 (រូបថតនិងប្រភព៖ cpp.org.kh - សរុបដោយ ហេង វុធ្ធី)

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីបើក និងបិទលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោករួមគ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស (Ngo Xuan Lich) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជាអញ្ជើញកាត់ខ្សែពរពិធី

ពិធីនេះប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស (Ngo Xuan Lich) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ហើយក្នុងពិធីនេះ ក៏មានការរៀបចំបើកសម្ពោធមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។

ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការរីកចម្រើន។

រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺនមានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួមខាងភាគីវៀតណាម ២៦៥នាក់ ខាងភាគីកម្ពុជា៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១,១៤៣នាក់។

បើតាមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយកម្ពុជា-វៀតណាម បានបញ្ជាក់ថា ខ្លឹមសារនៃការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោកប្រទេសទាំងពីរ ចែកចេញជា៤ ដំណាក់កាលហើយលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ គឺជាលើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា។

នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស (Ngo Xuan Lich) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា

នាយឧត្តមសេនីយ៍បានលើកឡើងថា ការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជាមួយភាគីវៀតណាមនេះ គឺដើម្បីត្រៀមកម្លាំងរួមគ្នា ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរ ខណៈដែលពួកគេជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយដោយយថា ហេតុណាមួយកើតឡើងនោះ។

នាយឧត្តមសេនីយ៍បានបន្តថា ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាង មិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ឱ្យដឹងថា លំហាត់សង្គ្រោះគ្រោះមហន្តរាយ ដែលបានធ្វើរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងវៀតណាមនាពេលនេះមានលំហាត់ចំនួន៤ រួមមាន៖

* លំហាត់ទី១៖ ការជួយសង្គ្រោះប្រជាជននៅពេលមានទឹកជំនន់ជន់លិច ដោយមានឧទ្ធភាគចក្រពីរគ្រឿង សម្រាប់ហោះត្រួតពិនិត្យភូមិសាស្ត្រលិចទឹក និងដឹកប្រជាពលរដ្ឋមកទីទួលលសុវត្ថិភាព។

* លំហាត់ទី២៖ គឺជាលំហាត់ទាក់ទងការបន្សាបសារធាតុគីមី នាយទាហនជំនាញគីមីសាស្ត្រ ធ្វើសកម្មភាពបន្សាបសារធាតុគីមី នៅពេលមានការសាយភាយជាតិគីមីចេញពីរោងចក្រ និងកាកសំណល់សង្គ្រាម។

* លំហាត់ទី៣៖ គឺជាសកម្មភាពរបស់កម្លាំងកងពលទ័ពពិសេសឆត្រយោងលេខ ៩១១ កម្លាំងកងពលតូចលេខ ៧០ និងកម្លាំងកងទ័ពជើងទឹក ដែលបានធ្វើការរុករក និងដឹកជញ្ជូនប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ដែលមានការកសាងរោងសម្រាប់ដាក់ប្រជាជនរងគ្រោះ និងការធានាជីវភាពរស់នៅក្នុងរយៈពេលខ្លីមួយ ។

* លំហាត់ទី៤៖ គឺជាសកម្មភាព ដឹកជញ្ជូនប្រជាជនទៅមណ្ឌលសុខភាព នៅពេលប្រជាពលរដ្ឋមានជំងឺផ្សេងៗ ឱ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស (Ngo Xuan Lich) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញចាប់ដៃ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា

តំណាងទាំងឡាយថតរូបអនុស្សាវរីយ៍ក្នុងពិធី

គួរជម្រាបថា នេះគែជាការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ លើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា ហើយក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាង មិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ។

ការរៀបចំសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលធ្វើឡើងក្នុងគោលបំណងត្រៀមសហការជួយប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ៕


(រូបថតនិងប្រភព៖ cpp.org.kh - សរុបដោយ ហេង វុធ្ធី)

(រូបថតនិងប្រភព៖ cpp.org.kh - សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន