នារសៀលថ្ងៃទី ១ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយលោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជាក្នុងឱកាសអញ្ជើញមកចូលរួមពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាប្រពៃណីនៃគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម និងតាងនាមព្រះមហាក្សត្រ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ទី១ (Moha Serivodho ) ជូនគណៈទាក់ទងបរទេសមជ្ឈមបក្សកុម្មុយនិស្ដវៀតណាម។
លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក ទេព ងន អនុប្រធានទី២នៃព្រឹទ្ធសភាកម្ពុជា (រូបថត៖ vnanet.vn)
លោក ទេព ងន បានសម្តែងនូវការសប្បាយរីករាយចំពោះទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងកម្ពុជា - វៀតណាម ឲ្យកាន់តែរីកច្រើនលើវិស័យជាច្រើន រួមចំណែករក្សាសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។ លោក ទេព ងន បានបញ្ជាក់ថា កម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងកម្ពុជានិងវៀតណាម ។
លោក Tran Quoc Vuong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជានាពេលកន្លងមក ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍និងអនុវត្តឲ្យបានប្រសិទ្ធភាពនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយបញ្ជាក់ថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពចម្បងដល់ការពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម - កម្ពុជា ដោយចាត់ទុកជាទ្រព្យសម្បត្ដិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយរបស់ប្រជាជាតិទាំងពីរ។
ក្នុងឱកាសនេះ លោក Tran Quoc Vuong បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏ធំធេងដែលកម្ពុជាផ្តល់ជូនវៀតណាមរហូតមកដល់ពេលនេះ ហើយសង្ឃឹមថា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាអាណិកជនវៀតណាមនៅកម្ពុជាធ្វើអាជីវកម្មនិងរស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕
ប្រភព៖ Kh.qdnd.vn
(ប្រភព៖ kh.qdnd.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន