ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក បានលើកឡើងថា កងទ័ពជើងគោកកម្ពុជា និងវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ប្រទេសវៀតណាម នឹងបន្តពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ មិត្តភាពជាប្រពៃណីក្នុងនាមជាប្រទេសជាប់ព្រំដែនជាមួយគ្នា។ ទំនាក់ទំនងនេះ ក៏បានផ្ដល់នូវការសិក្សាដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារករសាង និងពង្រឹងសមត្ថភាពកងទ័ព។
ទិដ្ឋភាពនៃជំនួប (រូបថតៈ FN)
ការលើកឡើងបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោក បានទទួលជួបសាវនាការជាមួយឧត្តមសេនីយ៍ទោ Hoang Van Minh នាយកវិទ្យាស្ថានកងទ័ពជើងគោក Da Lat នៃប្រទេសវៀតណាម នៅសាលសវនាការកងទ័ពជើងគោក ដែលនេះ គឺជាជំនួបលើកទី២ រវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពកម្ពុជា-វៀតណាម បន្តពង្រឹងចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ មិត្តភាព ក្នុងនាមជាប្រទេសជាប់ព្រំដែនជាមួយគ្នា (រូបថតៈ FN)
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែង អំណរគុណដល់វិទ្យាស្ថានកងទ័ពជើងគោក Da Lat ដែលបាន ជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក។
ទិដ្ឋភាពនៃជំនួប (រូបថតៈ FN)
ឧត្តមសេនីយ៍ទោ Hoang Van Minh បានថ្លែងថា ក្នុងនាមជំនួសមុខជូនក្រសួងការពារប្រទេសវៀតណាម សូមថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ ដែលបានជួយបណ្តុះបណ្តាលភាសាខ្មែរ ដល់យោធិនវៀតណាម ដែលកំពុងសិក្សានៅសាកលវិទ្យាល័យការពារជាតិ។
ប្រតិភូអញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថតៈ FN)
ឧត្តមសេនីយ៍ទោ Hoang Van Minh បានវាយតម្លៃខ្ពស់ថា សកម្មភាពមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ព ប្រជាជនវៀតណាមទាំងនេះ បានបង្ហាញឱ្យឃើញ ពីមិត្តភាពល្អជាប្រពៃណីរបស់កងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕
(ប្រភព៖ Fresh News)




មតិពីមិត្តអ្នកអាន