លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានប្រាប់ ប្រមុខការទូតកម្ពុជាថា វៀតណាមគាំទ្រកម្ពុជា ដែលបានប្រឆាំងនឹងការអនុម័តច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង ដោយសភាពជាន់ទាបរបស់សហរដ្ឋអាមេរិក។
លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមក្នុងជំនួបសម្តែងការគួរសម ជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា
ក្នុងជំនួបសម្តែងការគួរសម ជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា វៀតណាមបន្តតាមដានការវិវត្តផ្សេងៗនៅកម្ពុជា ក៏ដូចជាតាមដានរឿងពីសហរដ្ឋអាមេរិក និង EU ផងដែរ។ ជាពិសេសក្រោយពីសភាតំណាងរាស្ត្រអាមេរិក បានអនុម័ត Cambodian Democracy Act (ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា) គឺវៀតណាមបានសម្តែង ការគាំទ្រចំពោះការប្រតិកម្មតបរបស់កម្ពុជា ជាការប្រតិកម្មមួយយ៉ាងសមស្រប។
នេះបើតាមការបញ្ជាក់ពី លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចជំនួបនេះ។
ច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានសភាតំណាងរាស្ត្រ សហរដ្ឋអាមេរិកអនុម័តជាឯកច្ឆ័ន្ទ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ ច្បាប់នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា និងស្តារលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក បានលើហេតុផលថា ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានការធ្លាក់ចុះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការអនុម័តច្បាប់ ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សមាជិកសភាអាមេរិក គឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងសោកស្តាយ។ លោកបានចាត់ទុកថា ការសម្រេចនេះជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា។
ជាមួយគ្នានេះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា ការអនុម័តច្បាប់នេះ បង្ហាញឱ្យឃើញពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
ដោយឡែក រដ្ឋាភិបាល តាមរយៈក្រសួងការបរទេស និងរដ្ឋសភាកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្ត និងបដិសេធដាច់អហង្ការ នូវការចោទប្រកាន់ទាំងឡាយណា មកលើរដ្ឋាភិបាលកម្ពុជាផងដែរ៕
(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន