យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែកក្កដា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ធនាគារ Emperor ដែលជាធនាគារវិនិយោគដោយពាណិជ្ជករវៀតណាមមួយរូបកាន់ដំណែងជាប្រធានក្រុមប្រឹក្សាភិបាល។
ទិដ្ឋភាពនៃពិធីសម្ពោធបើកឲ្យដំណើរការធនាគារ Emperor (រូបថតៈ rasmeinews.com )
ការបើកសម្ពោធបានធ្វើឡើង ក្រោមការចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh, អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាលោក ជា ចាន់តូ និងមានការចូលរួមពីលោក ឱម វិសាល អគ្គនាយកធនាគារ Emperor រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។
អញ្ជើញថ្លែងក្នុងពិធីលោក ជា ចាន់តូ អគ្គទេសារភិបាលធនាគារជាតិនៃកម្ពុជាបានអបអរសារទរចំពោះការខិតខំប្រឹងប្រែង របស់ភាគហ៊ុននិកធនាគារ Emperor ដែលបានបំពេញលក្ខខណ្ឌ និងទទួលបានការអនុញ្ញតពី ធនាគារជាតិនៃកម្ពុជា ឲ្យចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លោកអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងថា៖ វត្តមានរបស់ធនាគារ Emperor បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត, ការគាំទ្រ និងការចូលរួមចំណែកកាន់តែច្រើនពី វិនិយោគិនបរទេសមកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ។ នេះជាទិសដៅមួយលើការអភិឌ្ឍវិស័យធនាគារ និងហិរញ្ញាត្ថុរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
រូបថត៖ rasmeinews.com
ក្នុងពិធីនេះ លោក ឱម វិសាល នាយកប្រតិបត្តិធនាគារ Emperor បានឲ្យដឹងថា ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធនាគារមានចក្ខុវិស័ជាក់លាក់ចំពោះទីផ្សារ និងមានផែនការទីផ្សារច្បាស់លាស់ ក្នុងការអភិវឌ្ឍ និងពង្រីកសក្ដានុពលរបស់ខ្លួន ដោយឈរលើស្មារតីរួមគឺ រួមគិតរួមធ្វើ សម្រាប់តម្រងទិសលើរាល់ការធ្វើសេចក្ដីសម្រេចចិត្ត ដើម្បីសម្រេចគោលដៅនានា។
លោកនាយកប្រតិបត្តិ Emperor បន្ថែមថា ៖ធនាគារ Emperor មានចក្ខុវិស័យខ្ពស់ក្នុងការប្រែក្លាយខ្លួនជា ធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ប៉ុន្ដែដំបូងឡើយធនាគារនឹងផ្ដល់នូវសេវាផ្សេងៗដូចជា៖ ការទទួលប្រាក់បញ្ញើជាសាធារណៈ, ការផ្ដល់ឥណទាន, ការផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ម្យ៉ាងវិញទៀត ធនាគារ ផ្ដោតសំខាន់លើសហគ្រាសធុនតូច និងមធ្យមជាចម្បង ហើយបច្ចុប្បន្ននេះធនាគារ Emperor ទើបតែមាន១សាខាប៉ុណ្ណោះនៅកម្ពុជា ប៉ុន្ដែគ្រោងនឹងពង្រីក ទៅតាមរាជធានី-ខេត្ត និងពង្រីកទៅតំបន់អាស៊ានដូចជា៖ អាហ្វ្រិក, អាមេរិក និងអឺរ៉ុបជាដើម។
ទិដ្ឋភាពនៃពិធីបើកសម្ពោធ (រូបថតៈ rasmeinews.com)
ធនាគារ Emperor ត្រូវបានលោកស្រី Huynh Kim Hao ដែលអាជីវករមួយរូបដើមកំណើតវៀតណាម បង្កើត វិនិយោគ និងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល។
| គួរបញ្ជាក់ដែរថា៖ ធនាគារ Emperor បានផ្ដោតលើគោលដៅអាទិភាពមួយចំនួនដូចជា៖ ១៖ បំពាក់ម៉ាស៊ីនដាក់ និងដកប្រាក់ស្វ័យប្រវត្តិ (ម៉ាស៊ីន ATM) ដែលប្រើបច្ចេកវិទ្យា សម្គាល់ភិនភាគផ្ទៃមុខ ដើម្បីផ្ដល់ភាពងាយស្រួលឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជន។ ២៖ បង្កើត Emperor Banking Center សម្រាប់បម្រើអតិថិជន ដើម្បីទទួលបាននូវបទពិសោធន៍សេវា One-Stop-Service។ ៣៖ វិនិយោគបន្ថែមទៀតព្រមទាំងធ្វើការសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដើម្បីបង្កើតមូលដ្ឋានគ្រឹះទិន្នន័យ ឌីជីថលសម្រាប់ការវាយតម្លៃហានិភ័យឥណទាន និងការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុជូន ដល់អតិថិជនជាគោលដៅ។ |
(យោងតាម vov.vn និង rasmeinews សរុបព័ត៌មានដោយស្រីពេជ្រ)



មតិពីមិត្តអ្នកអាន