នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន

20:39 | 29/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ២៩ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថតៈ TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវការសប្បាយរីករាយយ៉ាងក្រៃលែង ដោយបានទទួលស្វាគមន៍ ប្រធានរដ្ឋសភា សម្តេចហេងសំរិន ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម និងជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់សម្តេច នឹងសម្រេចបាននូវផ្លែផ្កាជាច្រើន ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង រវាងវៀតណាមនិងកម្ពុជា ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថតៈ TTXVN)

សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកប្រទេសវៀតណាមនាពេលនេះរបស់សម្តេច និងគណៈប្រតិភូ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់រដ្ឋសភានីតិកាលទី៦ ដែលជានីតិកាលថ្មី កើតចេញពីការបោះឆ្នោតសកល កាលពីពាក់កណ្តាលឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចតាមការអញ្ជើញរបស់ លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម ទទួលបានផ្លែផ្កាជាច្រើន ក្នុងការរួមចំណែកបន្តរឹតបន្តឹងទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទំាងពីរ កម្ពុជា-វៀតណាម ជាពិសេស សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិទំាងពីរ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចបានជម្រាប នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថា ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋសភាទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តពង្រឹងពង្រីក លើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ជាពិសេសការលើកកម្ពស់យេនឌ័រ និងសភាវ័យក្មេង ព្រមទាំងកម្រិតបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានទាំងពីរ។ រដ្ឋសភាទាំងពីរ ជានិច្ចជាកាលតែងបានសហការ និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា និង លោកនាយករដ្ឋមន្រ្តីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោះបង្គោលព្រំដែន រវាងប្រទេសទំាងពីរ សម្រេចប្រមាណ ៨៤% ដើម្បីប្រែក្លាយជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន (រូបថតៈ TTXVN)

អញ្ជើញជាការឆ្លើយតប នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះប្រសាសន៍របស់សម្តេច ហេង សំរិន អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅក្នុងការបង្កើតនូវកិច្ចសហប្រតិបត្តិការនិងមិត្តភាពគ្រប់ជ្រុងជ្រោយជាមួយកម្ពុជានិងគាំទ្រប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រីចង់ឱ្យភាគីទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងការចែករំលែកព័ត៌មានដើម្បីរក្សាបរិស្ថានសន្តិសុខនិងស្ថិរភាពរួម។ ម្យ៉ាងវិញទៀត ប្រកាន់ខ្ជាប់គោលការណ៍នេះមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយប្រើទឹកដីរបស់ភាគីម្ខាងដើម្បីប្រយុទ្ធប្រឆាំងនឹងភាគីម្ខាងទៀតផងដែរ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ TTXVN)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើរដ្ឋសភាកម្ពុជា បន្តគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាពិសេស ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបានកម្រិតលើសពី ៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២០ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នារួចជាស្រេច។ ទន្ទឹមជាមួយគ្នានោះ ស្នើឲ្យរដ្ឋសភាកម្ពុជាឱ្យមានបទបញ្ជាច្បាប់បន្ថែមទៀត ដើម្បីជំរុញនិងសម្របសម្រួលការវិនិយោគនិងសកម្មភាពអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជា ព្រមទាំងការពារផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសវៀតណាម ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីក៏ដូចជាច្បាប់អន្តរជាតិ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ TTXVN)

ស្តីពីបញ្ហាអាណិកជន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជាចំពោះការយកចិត្តទុកដាក់និងការបង្កលក្ខណៈងាយស្រួល សម្រាប់សហគមន៍ជនវៀតណាមរស់នៅប្រកបដោយស្ថិរភាពនៅកម្ពុជា។ ជាពិសេសតាមរយៈសម្តេច ហេងសំរិន នាយករដ្ឋមន្ត្រីបានផ្ញើរអំណរគុណដល់លោកនាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែន សម្រាប់ការផ្តល់ការណែនាំទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តការជម្លៀសប្រជាជនក្នុងខេត្តកំពង់ឆ្នាំង ចេញទីទន្លេសាប ទៅទីលំនៅប្រថ្មី។

ទិដ្ឋភាពនៃជំនួបពិភាក្សា

ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ច្បាស់ថា នៅឆ្នាំ ២០២០ វៀតណាមនឹងកាន់ដំណែងជាប្រធានអាស៊ាន ហើយបច្ចុប្បន្នកំពុងចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ក្នុងឆ្នាំ ២០២០នេះតែម្តង កម្ពុជាបានទទួលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុបលើកទី ១៣(ASEM 13) ហេតុដូច្នេះ វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រនិងរួមសហការជាមួយកម្ពុជា ដើម្បីរក្សា ជំរុញសាមគ្គីភាពនិងគោលជំហររួមរបស់អាស៊ាន ដែលរួមចំណែកដល់ការរក្សាសន្តិភាពនិងភាពរុងរឿងរួមនៅក្នុងតំបន់៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ