យុគសម័យ - នាវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលទទួលស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាលោក Nguyen Phu Trong និងគណៈប្រតិភូនៅព្រលានយន្តហោះ រួមមានដូចជា សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង, លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងឥស្សរជនមួយចំនួនទៀត។

អំឡុងពេលអញ្ជើញមកដល់កម្ពុជា នៅល្ងាចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

ដោយឡែក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកក៏នឹងចូលថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោក Nguyen Phu Trong នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកប្រធានរដ្ឋ ក៏នឹងអញ្ជើញចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនផងដែរ៕
(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com សរុបព័ត៌មានដោយស្រីពេជ្រ)
មតិពីមិត្តអ្នកអាន