យុគសម័យ - ប្រព័ន្ធផ្សព្វផ្សាយមានអត្ថបទជាច្រើនដែលឆ្លុះបញ្ចាំងនិងវាយតម្លៃខ្ពស់ចំពោះវិធានការដែលបានអនុវត្តដោយរដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃវីរុស SARS-CoV-2 ដែលបង្កឱ្យមានការផ្ទុះឡើងជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវកូវីដ១៩ (COVID-19)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កំពុងពិនិត្យរថយន្តចល័តធ្វើតេស្តជម្ងឺរាតត្បាតកូវីដនៅវិទ្យាស្ថានវេជ្ជសាស្ត្រយោធា (រូបថត៖ vnanet)
គេហទំព័រ Asia Times បានចុះផ្សាយពីការវិភាគរបស់អ្នកសារព័ត៌មាន David Hutts ដែលក្នុងនោះលោកបាននិយាយថា“ បក្សកុម្មុយនិស្តវៀតណាមបានទទួលការអបអរសាទរយ៉ាងខ្លាំង” ទាំងក្នុងនិងក្រៅប្រទេសសម្រាប់ការសម្រេចចិត្ត ភ្លាមៗប្រកប ដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីទប់ស្កាត់ការផ្ទុកជម្ងឺកូវីដ១៩ ។ វិធានការយ៉ាងម៉ឺងម៉ាត់របស់វៀតណាមបង្ហាញពីស្មារតីប្តេជ្ញាចិត្តជាមួយនឹងការមូលមតិគ្នារបស់ប្រជាជននៅទូទាំងប្រទេសផងដែរ។
ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមលោក Kidong Park ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើម “ដោយភាពម្ចាស់ការ និងម៉ឺងម៉ាត់ក្នុងដំណើរការឆ្លើយតបទៅនឹងជម្ងឺរាតត្បាត” របស់រដ្ឋាភិបាលវៀតណាមផងដែរ។
ទន្ទឹមនឹងនេះ កាសែត The Diplomat បានបញ្ជាក់ថារដ្ឋាភិបាលវៀតណាមបានរក្សាព័ត៌មានប្រកបដោយតម្លាភាពអំពីស្ថានភាពជំងឺរាតត្បាត និងអនុញ្ញាតឱ្យផ្សព្វផ្សាយព័ត៌មានដែលមិនមានការរឹតត្បិតលើបណ្តាញសង្គមហ្វេសប៊ុក។
រីឯសារព័ត៌មាន Bloomberg បានកត់សម្គាល់ពីវិធានការណ៍របស់ប្រទេសវៀតណាម ដែលបានពង្រីកតំបន់ដាក់នៅដាច់ដោយឡែក ដើម្បីរៀបចំឲ្យប្រជាជន វៀតណាមដែលវិលត្រឡប់មកពីប្រទេសដទៃទៀត ហើយកងទ័ពវៀតណាមបានផ្តល់ទីលំនៅដ្ឋាននានាដែលអាចផ្ទុកបាន ៦ ម៉ឺននាក់ដើម្បីធ្វើជាកន្លែងដាក់នៅ ដាច់ដោយឡែកតែម្តង។
លើកពីនេះទៀត សារព័ត៌មានបរទេសក៏បានរាយការណ៍ផងដែរថាឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងរដ្ឋាភិបាលវៀតណាមដែលបានជួយពលរដ្ឋអង់គ្លេសទៅកាន់ប្រទេសវៀតណាម ហើយបានរកឃើញផ្ទុកជម្ងឺកូវីដ១៩ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន