យុគសម័យ៖ នាព្រឹកថ្ងៃទី ១០ មករា នៅសារមន្ទីរយុទ្ធនាការហូជីមិញ សមាគមមិត្តភាពវៀតណាម - កម្ពុជា នៅទីក្រុងហូជីមិញ សហការជាមួយអគ្គ កុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហូជីមិញបានរៀបចំពិធីប្រគល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ចំពោះសពឧត្តមសេនីយ៍ត្រី Hoang The Thien។
អញ្ជើញចូលរួមក្នុងពិធីនេះមានលោក សុខ ដារ៉េត អគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងនៃយោធភូមិភាគ ៧ តំណាងសមាគមមិត្តភាពវៀតណាម - កម្ពុជា នៅទីក្រុងហូជីមិញ រួមជាមួយប្រតិភូអន្តរជាតិ អតីតយុទ្ធជន និងក្រុមគ្រួសារសពឧត្តមសេនីយ៍ត្រី Hoang The Thien។
លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហូជីមិញ (ខាងស្តាំ) ប្រគល់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនគ្រួសារសពឧត្តមសេនីយ៍ត្រី Hoang The Thien (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
យោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាលើ ព្រះរាជក្រិត្យ ប្រោសព្រះរាជទានជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ចំពោះសពឧត្តមសេនីយ៍ត្រី Hoang The Thien ជារង្វាន់ដ៏ថ្លៃថ្នូរបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាជូនចំពោះជនបរទេសដែលមានការចូលរួមវិភាគទានដ៏ធំធេង និងសំខាន់ក្នុងការកសាង ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ជាពិសេស ការចូលរួមវិភាគទានសំខាន់ៗរបស់សពឧត្តមសេនីយ៍ត្រី Hoang The Thien ក្នុងអំឡុងពេលអនុវត្តកាតព្វកិច្ចអន្តរជាតិ ដើម្បីជួយបដិវត្តកម្ពុជាក្នុងដំណាក់កាល ១៩៧៨-១៩៨២។ នេះជាលើកដំបូងដែលព្រះរាជាណាចក្រកម្ពុជាបានប្រកាសទម្រង់ការប្រោសព្រះរាជទានជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនជនបរទេសដែលបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះប្រទេស និងប្រជាជនកម្ពុជា។
ក្នុងឱកាសនេះដែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រគល់ជូនគ្រួសារនិងអគាអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ត្រី Hoang The Thien នូវកន្ត្រកផ្កា និងអាំងស៊ីងរំលឹកខួបលើកទី ៤០ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧-មករា-១៩៧៩ / ៧-មករា-១៩៩៩) ដើម្បីថ្លែងអំណរគុណចំពោះសពឧត្តមសេនីយ៍ Hoang The Thien ក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕
(ប្រែសម្រួលដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន