យុគសម័យ - ក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្ដស្ដីពីការបង្កើតទិវាអន្តរជាតិការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅថ្ងៃទី ២៧ ខែធ្នូ រៀងរាល់ឆ្នាំ ដែលផ្ដល់គំនិតផ្តួចផ្តើមដោយវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានសារអំពាវនាវឲ្យបណ្តាប្រទេស អង្គការ និងបុគ្គល គាំទ្រនិងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ដនេះ។ ទិនានុប្បវត្តិយុគសម័យសូមចេញផ្សាយសាររបស់លោកនាយករដ្ឋមន្រ្តីដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ Quang Hieu)
ក្នុងគ្រាដែលពិភាពលោកជិតឆ្លងឆ្នាំចាស់ ២០២០ ដែលជាឆ្នាំជួបការលំបាកនិងបញ្ហាប្រឈមជាច្រើនដោយសារការរាតត្បាត Covid-19 មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចចិត្ដស្ដីពីការបង្កើតទិវាអន្ដរជាតិការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលផ្ដល់គំនិតផ្តួចផ្តើមដោយប្រទេសវៀតណាម។ នេះជាសេចក្ដីសម្រេចចិត្ដមួយដែលមានសារៈសំខាន់យ៉ាងខ្លាំង រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់បុគ្គលគ្រប់រូប សហគមន៍ ប្រទេសជាតិនិងអន្តរជាតិអំពីសារៈសំខាន់និងភាពចាំបាច់និងភាពបន្ទាន់នៃការការពារ កិច្ចសហប្រតិបត្តិការ និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងរោគរាតត្បាត។
ដោយមានការគាំទ្រនិងរួមដៃគ្នាពីប្រជាជននៅទូទាំងប្រទេស និងក្រុមវេជ្ជបណ្ឌិត រួមទាំងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយបណ្តាប្រទេស អង្គការក្នុងតំបន់និងអន្តរជាតិជាច្រើន រហូតមកដល់ពេលនេះ វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាត Covid-19 យ៉ាងល្អ ធានាសុខុមាលភាពសង្គម ស្ដារឡើងវិញនិងរក្សាបាននូវកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់។ ជាមួយនឹងសមិទ្ធិផលដែលសម្រេចបានក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្ដិ ២០២០-២០២១ ហើយជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមបានមានគំនិតផ្តួចផ្តើមស្ដីពីការបង្កើតទិវាអន្តរជាតិការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
យើងមានមោទនភាពខ្លាំងណាស់នៅពេលដែលគំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ ដែលនេះបានបង្ហាញថា គំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងពេលសមស្រប ទាន់ពេលវេលានិងទទួលបានការយកចិត្ដទុកដាក់ជាច្រើនពីសហគមន៍អន្តរជាតិក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាការរាតត្បាតផ្សេងនាបច្ចុប្បន្ននិងក្នុងអនាគតផងដែរ។ នេះជាសញ្ញាសម្គាល់មួយនៃគោលការណ៍ធ្វើសមាហរណកម្មអន្តរជាតិ និងជំរុញគោលនយោបាយការបរទេសពហុភាគីរបស់វៀតណាម។
ក្នុងស្មារតីអបអរសាទរទិវាអន្តរជាតិការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតលើកដំបូង (ថ្ងៃទី ២៧ ធ្នូ) ខ្ញុំសូមអំពាវនាវឱ្យបណ្ដាប្រទេសអង្គការនិងបុគ្គលទាំងអស់គាំទ្រនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ដនេះ។ ជាពិសេសផ្ដោតលើខ្លឹមសារដូចខាងក្រោមៈ
ទី ១ គឺបង្កើនការសម្របសម្រួលនូវគោលនយោបាយ ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អង្គការពហុភាគីក្នុងអភិបាលកិច្ចពិភពលោកដែលមានអង្គការសហប្រជាជាតិដើរតួនាទីមជ្ឈភាព ដើម្បីទប់ស្កាត់ជំងឺរាតត្បាត Covid-19 និងការពារនិងប្រយុទ្ធប្រឆាំងនឹងគ្រប់រោគរាតត្បាតប្រកបដោយប្រសិទ្ធភាព។
ទី ២ គឺប្រកាន់យកផលប្រយោជន៍របស់ប្រជាជនជាចំណុចស្នូលនៃគោលនយោបាយនិងសកម្មភាពទាំងអស់ ហើយផ្ដល់អាទិភាពចំបងគឺការពារសុខភាពនិងអាយុជីវិតមនុស្ស។ ជាពិសេសចាំបាច់ត្រូវធានាឲ្យប្រជាជននៅគ្រប់ប្រទេសនិងតំបន់ដែនដី អាចទទួលបានវ៉ាក់សាំង Covid-19 និងថ្នាំព្យាបាលជំងឺរាតត្បាត Covid-19 ក្នុងតម្លៃសមរម្យ។
ទី ៣ គឺម្ចាស់ការនិងឆ្លើយតបក្នុងដំណាក់កាល “ធម្មតាបែបថ្មី ” ដោយអនុវត្តដំណោះស្រាយក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង ការស្តារសេដ្ឋកិច្ចឡើងវិញ ការសម្រួលដល់ពាណិជ្ជកម្មនិងការវិនិយោគឆ្លងកាត់ព្រំដែនផង រួមទាំងការរក្សាខ្សែចង្វាក់ផ្គត់ផ្គង់ ជាពិសេសទំនិញប្រើប្រាស់ចាំបាច់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈវេជ្ជសាស្រ្ត ...។
វៀតណាមជឿជាក់ថា សហគមន៍អន្តរជាតិនឹងលើកកម្ពស់ឆន្ទៈនិងកម្លាំងរបស់ប្រជាជននៅប្រជាជាតិនីមួយៗក៏ដូចជាស្មារតីសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំនះរាល់បញ្ហាប្រឈមនិងនាំមកនូវអនាគតកាន់តែប្រសើរសម្រាប់គ្រប់ប្រទេសនិងគ្រប់ប្រជាជនទាំងអស់។ វៀតណាមត្រៀមខ្លួនចូលរួមចំណែកក្នុងដំណើរដ៏ថ្លៃថ្នូនោះ៕
(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន