យុគសម័យ - ឆ្នាំ ២០២០ គឺជាឆ្នាំពោរពេញដោយការលំបាក សម្រាប់បណ្តាប្រទេសអាស៊ាននិយាយរួមនិងពិភពលោកនិយាយដោយឡែក ដោយសារផលប៉ះពាល់អវិជ្ជមានបណ្តាលមកពីជំងឺរាតត្បាតនិងគ្រោះមហន្តរាយធម្មជាតិ។ ថ្វីត្បិតដូច្នេះក៏ដោយ ក្នុងបរិបទដ៏លំបាកនោះ វៀតណាមបានលេចចេញជាប្រទេសមួយ ដែលទទួលបានជោគជ័យលេចធ្លោជាច្រើនលើទិដ្ឋភាពចំនួន ៣៖
ការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព។
ទីមួយ៖ ការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព។ ពោលគឺ វៀតណាមបានគ្រប់គ្រងយ៉ាងល្អនូវ ស្ថានការណ៍ជំងឺ ដោយមានអ្នកឆ្លងជំងឺចំនួន ១.២១៣ ករណី ដែលក្នុងនោះ អ្នកជំងឺ១.០៧០ ករណីបានជាសះស្បើយ ហើយវៀតណាមបានឆ្លងកាត់ជាង ២ ខែ ដែលគ្មានករណីឆ្លងនៅក្នុងសហគមន៍ឡើយ។ ទទួលបានជោគជ័យនេះ គឺដោយសាររដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម បានម្ចាស់ការក្នុងការងារផ្សព្វផ្សាយព័ត៌មាន ជាពិសេស ផ្តល់ព័ត៌មានជាប្រចាំអំពីស្ថានភាពរាតត្បាតនិងវិធីបង្ការជំងឺ។ ទន្ទឹមជាមួយគ្នានោះ អនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍បង្ការ ទទប់ស្កាត់ជំងឺ ដាក់នៅដាច់ដោយឡែក រក្សាគម្លាតសង្គម ក៏ដូចជា លះបង់ប្រយោជន៍សេដ្ឋកិច្ចដើម្បីធានាសុខភាពប្រជាជន។ ជាងនេះទៅទៀត ប្រមូលការគាំទ្រនិងការឯកភាពពីប្រជាជនទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ ពីលទ្ធផលវិជ្ជមានទាំងនេះ វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់និងបានក្លាយជាបទពិសោធន៍និងគំរូក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។
វៀតណាមរក្សាសេដ្ឋកិច្ចឱ្យមានអត្រាកំណើនវិជ្ជមានក្នុងបរិបទដែលប្រទេសនានាក្នុងតំបន់និងជុំវិញពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។
ទី ២៖ រក្សាសេដ្ឋកិច្ចឱ្យមានអត្រាកំណើនវិជ្ជមានក្នុងបរិបទដែលប្រទេសនានាក្នុងតំបន់និងជុំវិញពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសភាគតិចនៅលើពិភពលោក ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២០ នេះ។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ សេដ្ឋកិច្ចវៀតណាមបានកើនឡើង ២,១% បើទោះបីជាទាបជាងកំណើន ៧% ក្នុងរយៈពេលដូចនាឆ្នាំ ២០១៩ក៏ដោយ ប៉ុន្តែនៅតែជាលទ្ធផលគួរឱ្យចាប់អារម្មណ៍មួយនៅក្នុងបរិបទឆ្លងរាលដាលជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក។ យោងតាមការព្យាករណ៍ថ្មីៗនេះ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានប្តេជ្ញាចិត្តបានថយចុះត្រឹមតែ ១៩% ប៉ុណ្ណោះ នៅក្នុងបរិបទដែលលំហូរ FDI សកលត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី ៣០ ទៅ ៤០%។ ជាពិសេសអតិរេកពាណិជ្ជកម្មទំនិញរបស់វៀតណាមឈានដល់ ១៦,៨ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។
យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក ផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមអាចឈានដល់ ២,៨% ហើយអតិផរណានឹងបានរក្សានៅក្រោម ៤% ក្នុងឆ្នាំ ២០២០ ជាមួយនឹងការស្តារសេដ្ឋកិច្ចយ៉ាងរឹងមាំនិងទូលំទូលាយជាងនេះទៀតនាពេលខាងមុខ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានព្យាករណ៍ថានៅឆ្នាំ ២០២០ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើង ១,៦%។ ទំហំផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងមានចំនួន ៣៤០,៦ ពាន់លានដុល្លារ ឈរនៅលំដាប់ទី ៤ នៅអាស៊ីអាគ្នេយ៍ (វ៉ាដាច់សិង្ហបុរី ដែលមាន ៣៣៧.៥ ពាន់លានដុល្លារអាមេរិក ម៉ាឡេស៊ីមាន ៣៣៦,៣ ពាន់លានដុល្លារអាមេរិក ហើយឈរលំដាប់ក្រោយឥណ្ឌូណេស៊ីដែលមានចំនួន ១,០៨៨,៨ ពាន់លានដុល្លារ, ថៃ ៥០៩,២ ពាន់លានដុល្លារនិងហ្វីលីពីន ៣៦៧,៤ ពាន់លានដុល្លារអាមេរិក។ រហូតដល់ឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងឈានដល់ ៥.២១១.៩០ ដុល្លារអាមេរិកជាពុំខាន។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung នៅអង្គការសហប្រជាជាតិ។
ទីបី៖ អនុវត្តន៍ដោយមានការទទួលខុសត្រូវនិងបំពេញតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ និងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០។ ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមករាឆ្នាំ ២០២០ វៀតណាមបានដឹកនាំនិងចាត់ចែងការងារជាប្រចាំនិងជាទៀងទាត់។ ជាពិសេស វៀតណាមបានរៀបចំព្រឹត្តិការណ៍សំខាន់ៗ ចំនួន ២ ដែលទាក់ទាញការចាប់អារម្មណ៍របស់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិនិងនិងបង្កើតសញ្ញាសម្គាល់មួយសម្រាប់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ។ ទាំងនេះរួមមាន “កិច្ចពិភាក្សាបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ ដោយប្រធានបទ ជំរុញការអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ” និង “សម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន”។ នេះជាលើកដំបូង ដែលប្រធានបទទាំងនេះត្រូវបានពិភាក្សានៅក្នុងក្រុមប្រឹក្សាសន្តិសុខផងដែរ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមនិងប្រទេសសមាជិកមិនអចិន្ត្រៃយ៍ចំនួន ៨ ផ្សេងទៀត បានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ ដើម្បីពិភាក្សាអំពីជំងឺរាតត្បាតកូវីដ ១៩ នៅដើមខែមេសា ហើយនេះគឺជាកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខលើបញ្ហានេះ។ ក្រៅពីនេះនោះ វៀតណាមក៏បានចូលរួមចំណែកយ៉ាងច្រើនដល់ដំណើរការចរចារលើបណ្តាឯកសាររបស់ក្រុមប្រឹក្សាសន្តិសុខដោយឆ្លើយតបនឹងការយកចិត្តទុកដាក់រួមនិងត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។
ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ វៀតណាមបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវរបៀបវារៈអាស៊ាន និងបញ្ហាសំខាន់ក្នុងឆ្នាំ ២០២០ ទៅជាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ និងទទួលបានការឆ្លើយតបពីប្រទេសដទៃទៀត។ ជាពិសេសវៀតណាមបានសម្របសម្រួលជាមួយប្រទេសដទៃ ក្នុងការចេញសេចក្តីប្រកាសប្រធាន ស្តីពីការឆ្លើយតបរបស់អាស៊ានចំពោះការរីករាលដាលនៃកូវីដ ១៩ (នាថ្ងៃ ១៤ កុម្ភៈ) ទាំងព្រមានពីហានិភ័យបណ្តាលមកពីជំងឺរាត្បាត ក៏ដូចជាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។ ជាមួយគ្នានេះ វៀតណាមបានរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំង សម្របសម្រួលរៀបចំកិច្ចប្រជុំជាច្រើនជាមួយដៃគូ ដូចជា ចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងអង្គការអន្តរជាតិនានា ដើម្បីរួមគ្នាទប់ស្កាត់និងរុញថយក្រោយជំងឺរាតត្បាតឲ្យបានឆាប់រហ័ស។ ជាងនេះទៅទៀត វៀតណាមបានរៀបចំប្រកបដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងបណ្តាកិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយដៃគូ តាមប្រព័ន្ធវីដេអូ។ បច្ចុប្បន្ននេះ វៀតណាមកំពុងរៀបចំកិច្ចប្រជុំកំពូលលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៣-១៥ ខែវិច្ឆិកាឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូផងដែរ។
ក្នុងបរិបទដែលជួបប្រទះនឹងការលំបាកជាច្រើន ក្រោមឥទ្ធិពលអវិជ្ជមានបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ និងការខូតខាតយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ព្យុះនិងទឹកជំនន់នោះ ជោគជ័យរបស់វៀតណាមដូចដែលបានរៀបរាប់ខាងលើបានបញ្ជាក់ពីរដ្ឋមួយរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ព្រមទាំងបង្ហាញយ៉ាងច្បាស់នូវខ្លឹមសារសំខាន់មួយនៃគោលនយោបាយការបរទេសរបស់វៀតណាម “គឺជាមិត្ត ជាដៃគូគួរឱ្យទុកចិត្តនិងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”៕
(ដោយវិច្ឆិកា)



មតិពីមិត្តអ្នកអាន