ទឹកចិត្តពេទ្យយោធានៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់

09:13 | 04/11/2020

ប្រឈមមុខនឹងការលំបាកផ្ទួនៗបន្ទាប់ពីឆ្លងកាត់គ្រោះមហន្តរាយដែលបណ្តាលមកពីព្យុះ និងទឹកជំនន់នោះ នៅថ្ងៃទី ២ ខែវិច្ឆិកា ក្រុមគ្រូពេទ្យនៃក្រុមការងារក្រសួងការពារប្រទេសបានចុះទៅជួយពិនិត្យសុខភាព ហើយនិងប្រគល់អំណោយ ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជននៅស្រុក Nam Tra My (ខេត្ត Quang Nam)។

ក្រុមការងារពេទ្យយោធាជួយពិនិត្យសុខភាពឲ្យប្រជាជន

ផ្លូវជាតិលេខ 40B ទៅកាន់ឃុំ Tra Leng (ស្រុក Nam Tra My) ទោះបីត្រូវបានបើកឲ្យធ្វើដំណើរឡើងវិញក្តី ប៉ុន្តែការធ្វើដំណើរទៅកាន់ចំណុចសាលាមត្តេយ្យសិក្សា Ong Luc (ភូមិ ១ ឃុំត្រាង) ដែលជាទីតាំងក្រុមការងារក្រសួងការពារប្រទេសរៀបចំការការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងជូនអំណោយដល់ប្រជាជននៅមូលដ្ឋាននៅតែប្រឈមមុខនឹងការលំបាកជាច្រើន។

ជជែកជាមួយពួកយើងខ្ញុំនៅពេលឈប់នៅកន្លែងប្រមូលផ្តុំសម្រាប់ការពិនិត្យសុខភាពនោះ លោកវរសេនីយ៍ឯកបំរុង Luong Cong Thuc អនុប្រធានមន្ទីរពេទ្យយោធា ១០៣ នៃវិទ្យាស្ថានវេជ្ជសាស្ត្រយោធា និងជាប្រធានក្រុមការងារចុះជួយពិនិត្យ និងព្យាបាលជំងឺនៅឃុំ Tra Leng បានអោយដឹងថា៖ “យើងខ្ញុំ​ទើបតែវិលត្រឡប់ផ្ទះវិញបន្ទាប់ពីបានបញ្ចប់ការពិនិត្យព្យាបាល និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជននៅស្រុក Na Hang ខេត្ត Tuyen Quang ហើយទទួលបានបញ្ជាពីថ្នាក់លើឲ្យចេញដំណើរទៅបំពេញបេសកកម្មនៅខេត្ត Quang Nam ភ្លាមៗ។ ដើម្បីបំពេញបេសកកម្មដែលបានប្រគល់ឱ្យបានល្អ មន្ទីរពេទ្យយើងខ្ញុំបានចាត់តាំងបញ្ជូនវេជ្ជបណ្ឌិតចំនួន ៦ នាក់ដែលមានជំនាញខ្ពស់ចុះជួយពិនិត្យសុខភាពជូនប្រជាជន។ យើងខ្ញុំនឹងព្យាយាមជួយព្យាបាលជំងឺទូទៅមួយចំនួនដែលតែងតែជួបប្រទះក្រោយពីទឹកជំនន់ដូចជា៖ ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ រោគសើស្បែក ភ្នែក ឆ្អឹង និងសន្លាក់ ... និងណែនាំអំពីការប្រើប្រាស់ថ្នាំពេទ្យ វិធីបង្ការ និងគ្រប់គ្រងជំងឺផ្សេងៗទៀតក្នុងរដូវវស្សា និងទឹកជំនន់”។

ប្រជាជនឃុំ Tra Leng មានអារម្មណ៍រំភើបរីករាយជាខ្លាំងត្រូវបានគេជូនដំណឹងថា មានក្រុមគ្រូពេទ្យនៃកងទ័ពចុះមកជួយពិនិត្យព្យាបាល និងផ្គត់ផ្គង់ថ្នាំពេទ្យដោយឥតគិតថ្លៃ។ បន្ទាប់ពីត្រូវបានពិនិត្យសុខភាព ផ្តល់អំណោយ និងផ្តល់ថ្នាំពេទ្យឥតគិតថ្លៃ លោក Tran Van Meo ជាប្រជាជននៅភូមិ ២ ឃុំ Tra Leng បានប្រាប់យើងថា៖ “ដោយសារភ្លៀងធ្លាក់ក្នុងរយៈពេលយូរ បណ្តាលឲ្យផ្លូវរងការរអិលបាក់ដីបានជាយើងខ្ញុំជួបការលំបាកជាច្រើនក្នុងការធ្វើដំណើរ។ ខ្ញុំបានក្អក និងឈឺទ្រូងអស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែខ្ញុំមិនអាចទៅជួបគ្រូពេទ្យបានទេ។ ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយ រំភើបចិត្ត និងនឹងចិត្តណាស់ដោយបានទទួលការត្រួតពិនិត្យសុខភាពពីសំណាក់គ្រូពេទ្យកងទ័ព” ។ ចំពោះលោកស្រី Ho Thi Hoa ភូមិ ១ ឃុំ Tra Leng បានមានប្រសាសន៍ថា “បន្ទាប់ពីការពិនិត្យ និងផ្គត់ផ្គង់ថ្នាំពេទ្យនោះ គ្រូពេទ្យថែមទាំងបានណែនាំអំពីរបបអាហារ ការយល់ដឹងអំពីការថែរក្សាអនាម័យធ្មេញមាត់យ៉ាង យកចិត្តទុកដាក់ណាស់"។

លោកស្រី Le Thi Thu Hang អនុលេខាគណៈកម្មាធិការបក្សឃុំ Tra Leng បានមានប្រសាសន៍ថា៖ ឃុំទាំងមូលមានជាង ៥០០ គ្រួសារដោយមានប្រជាជនជាង ២០០០ នាក់។ ដោយសារឥទ្ធិពលនៃព្យុះ និងភ្លៀងខ្លាំងអូសបន្លាយ ឃុំ Tra Leng បានរងការខូចខាតយ៉ាងដំណំ។ បន្ទាប់ពីគ្រោះទឹកជំនន់ ជីវភាពរស់នៅរបស់ប្រជាជនបានជួបការលំបាកជាច្រើន ហានិភ័យនៃការរីករាលដាលរោគអាសន្នគឺខ្ពស់។ សកម្មភាពចុះជួយត្រួតពិនិត្យសុខភាព និងជូនអំណោយដល់ប្រជាពលរដ្ឋនៅទីនេះរបស់ក្រុមការងារក្រសួងការពារប្រទេសពិតជាការងារមួយដែលមានអត្ថន័យយ៉ាងសំខាន់រួមចំណែកដល់ការថែរក្សាសុខភាពប្រជាជនក៏ដូចជារួមជាមួយអាជ្ញាធរដែនដីជួយធ្វើឲ្យជីវភាពរស់នៅប្រជាជនមានភាពលំនឹងឡើងវិញក្នុងរយៈពេលឆាប់ៗបំផុត។ ក្នុងអំឡុងពេលនៃបេសកកម្មលើកនេះ រួមជាមួយការរៀបចំការត្រួតពិនិត្យសុខភាព ព្យាបាលជំងឺដោយឥតគិតថ្លៃនោះ មជ្ឈមណ្ឌលវេជ្ជសាស្ត្របំរុងយោធាភាគខាងត្បូង ក៏បានសហការជាមួយក្រុមការងារនៃស្នងការដ្ឋានភស្តុភារ នៃយោធភូមិភាគទី ៥ រៀបចំការបាញ់ថ្នាំសំលាប់មេរោគ សម្អាតបរិស្ថាន និងណែនាំប្រជាជនក្នុងមូលដ្ឋានអោយចេះរបៀបសម្អាតទឹកក្នុងការហូបចុក។ បន្ទាប់ពីស្តាប់លោកវរសេនីយ៍ត្រី Bui Xuan Bach ប្រធានផ្នែកអនាម័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្របំរុងយោធាភាគខាងត្បូងណែនាំដោយផ្ទាល់អំពីវិធីព្យាបាលទឹកប្រើប្រាស់ក្នុងគ្រួសាររបស់លោក Ho Van Hanh និងលោកស្រី Ho Thi Xuyen នៅភូមិ ១ ឃុំ Tra Leng បានចែក​រំ​លែក​ថា​៖​ “នៅទីនេះយើងខ្ញុំប្រើទឹកនៅលើភ្នំពេញមួយឆ្នាំ។ ក៏ប៉ុន្តែនារដូវភ្លៀងទឹកកខ្វក់ណាស់។ ថ្ងៃនេះយើងត្រូវបានផ្តល់ឱ្យនូវសារធាតុគីមីព្យាបាលទឹកដោយកងទ័ពសម្រាប់ប្រើប្រាស់ ពួកគាត់បានណែនាំឲ្យយើងខ្ញុំចេះរបៀបប្រប្រាស់ ដូច្នេះយើងមានទឹកស្អាតហើយ។ មាន​តែកងទ័ពអ៊ំហូទេដែលទើបអាចធ្វើបានអញ្ចឹង”។

ក្រោយពីបានចុះពិនិត្យកន្លែងកើតហេតុបណ្តាលឲ្យមានទឹកជំនន់ និងឧប្បត្តិហេតុរអិលបាក់ដីក្នុងភូមិ ១ ឃុំ Tra Leng នោះ លោកឧត្តមសេនីយ៍ត្រី Pham Manh Cuong អនុប្រធាននៃអគ្គស្នងការដ្ឋានភស្តុភារបានចុះសួរសុខទុក្ខ និងលើកទឹកចិត្តចែករំលែកការលំបាក និងការខាតបង់របស់បងប្អូននៅទីនេះ។ លោកអនុប្រធាននៃអគ្គស្នងការដ្ឋានភស្តុភារបានមានប្រសាសន៍ថា៖ “អនុវត្តតាមបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងការចង្អុលបង្ហាញរបស់អគ្គសេនាធិការ អគ្គស្នងការដ្ឋានភស្តុភារបានរៀបចំផែនការ, បង្កើតក្រុមត្រួតពិនិត្យ, ដឹកនាំការងារជំនះនូវផលវិបាកនៃព្យុះ និងទឹកជំនន់របស់បណ្តាអង្គភាពកងទ័ព, ធានាផ្នែកភស្តុភារដើម្បី ជួយប្រជាជនអោយជៀសផុតពីផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ, រៀបចំការត្រួតពិនិត្យនិងការព្យាបាល ចែកថ្នាំដោយឥតគិតថ្លៃ និងណែនាំប្រជាជនអំពីវិធានរក្សាអនាម័យ និងការពាររោគអាសន្ននៅតាមតំបន់មួយចំនួនស្ថិតក្នុងតំបន់យោធភូមិភាគទី ៤ និង យោធភូមិភាគទី ៥”។

សកម្មភាពជាក់ស្តែងរបស់កងទ័ពភ័ស្តុភារជាទូទៅ និងពេទ្យយោធានិយាយដោយឡែកជាមួយប្រជាជននៅស្រុក Nam Tra My បានជួយឲ្យបណ្តាគ្រួសារនៅទីនេះសម្រាលបានការលំបាកមួយចំនួនក្នុងជីវភាពរស់នៅ ទន្ទឹមនឹងនោះធ្វើឲ្យរូបភាពពីកងទ័ពអ៊ំហូកាន់តែដក់ជាប់ក្នុងដួងចិត្តប្រជាជនជាកិច្ច៕


(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត