នាថ្ងៃទី ២ ខែតុលា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅវៀតណាមលោក Guido Hildner ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung បានទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Guido Hildner (រូបថត៖ baoquocte.vn)
នៅក្នុងជំនួបនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក To Anh Dung បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ព្រមទាំងលោកសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលកន្លងមក ហើយលោកសង្កត់ធ្ងន់ថាឆ្នាំ ២០២០ ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្ររវាងវៀតណាម - អាល្លឺម៉ង់ នៅពេលដែលប្រទេសទាំងពីរអបអរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត (២៣ កញ្ញា ១៩៧៥-២៣ កញ្ញា ២០២០) ។
លោកអនុរដ្ឋមន្ដ្រី To Anh Dung មានបំណងចង់ឲ្យភាគីអាល្លឺម៉ង់នឹងសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ដំណាក់កាល ២០១៩-២០២១ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីដោយផ្តោតលើវិស័យនានាដូចជា៖ សហការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ថាមពល ការអភិវឌ្ឍប្រកបដោយចីរភាពនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ...
លោកឯកអគ្គរដ្ឋទូត Guido Hildner បានឲ្យដឹងថា ដោយសារឥទ្ធិពលនៃការរីករាលដាលនៃ Covid-19 សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបលើកទី ៣០ នៃទិវាបុណ្យឯករាជ្យជាតិអាល្លឺម៉ង់ ដូចជាការរៀបចំដំណើរទស្សនកិច្ច ការប្រារព្ធពិធីអនុស្សាវរីយ៍ ... មិនបានដំណើរការដូចដែលបានគ្រោងទុកទេ ក៏ប៉ុន្ដែរោគរាតត្បាត Covid-19 មិនប៉ះពាល់ដល់ការអនុវត្តគម្រោងរវាងភាគីទាំងពីរទេ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍនិងបើកទូលាយសាកលវិទ្យាល័យវៀតណាម - អាល្លឺម៉ង់ ជាដើម។
លោកឯកអគ្គរដ្ឋទូតបានថ្លែងយ៉ាងសង្ខេបស្តីពីទិសដៅគោលនយោបាយរបស់អាល្លឺម៉ង់សម្រាប់តំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២០ ព្រមទាំងសង្កត់ធ្ងន់លើគោលបំណងរបស់អាល្លឺម៉ង់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងតំបន់ ជាពិសេសគឺវិស័យសន្តិសុខសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម - វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស...។ ក្នុងគោលនយោបាយនេះ អាស៊ានដើរតួនាទីមជ្ឈភាព ហើយវៀតណាមដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការអនុវត្តន៍នេះដែរ./.
(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន