យុគសម័យ - នាព្រឹកថ្ងៃទី ៣ ខែសីហា រដ្ឋាភិបាលវៀតណាមបានបើកកិច្ចប្រជុំជាប្រចាំនៅខែកក្កដាឆ្នាំ ២០២០ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ដោយពិភាក្សាអំពីការអនុវត្តគោលដៅពីរនិងភារកិច្ចដែលកំពុងក្លាយជាបន្ទុកកាន់តែច្រើនឡើងៗ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានឈានចូលដំណាក់កាលទី ២ ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ vnanet)
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបញ្ជាក់ថា៖ ដោយសារការរីករាលដាលនៃរលកទី ២ នៃជំងឺកូវីដ១៩ កាន់តែស្មុគស្មាញ ហេតុនេះហើយប្រជាជនវៀតណាមម្នាក់ប្រដូចជា «យុទ្ធជនម្នាក់ៗ» ប្រយុទ្ធប្រឆាំនៅលើសមរភូមិជំងឺកូវីដ១៩ ផងដែរ។ ទន្ទឹមនឹងនេះដែរ សមាជិករដ្ឋាភិបាលបានកោតសរសើរយ៉ាងខ្លាំងចំពោះគ្រូពេទ្យនៅលើខ្សែត្រៀមជួរមុខនៅតាមតំបន់នានាដែលផ្ទុះជំងឺរាតត្បាតកូវីដ១៩។ មានកន្លែងជាច្រើនបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេនៅទីក្រុងធំៗដូចជាទីក្រុងហូជីមិញនិងហាណូយដែលត្រៀមខ្លួនជាស្រេចនឹងចាត់វិធានការយ៉ាងរឹងមាំថែមទៀតក្នុងការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។
លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថាទោះបីជាក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានវិបត្តិសេដ្ឋកិច្ចជាច្រើនដោយសារជំងឺ កូវីដ១៩ក៏ដោយ ប៉ុន្តែអង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ នៅលើពិភពលោកសុទ្ធសឹងតែមានការវាយតម្លៃដ៏សុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចរបស់វៀតណាម។ ធនាគារពិភពលោកបានបញ្ជាក់កាលពីថ្ងៃទី ៣០ ខែកក្កដាថាទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកូវីដ១៩ ក៏ដោយ ក៏ប្រទេសវៀតណាមនៅតែស៊ូទ្រាំបានល្អដោយព្យាករណ៍ថាវៀតណាមនឹងក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចលំដាប់ទី ៥ នៅលើពិភពលោកនៅឆ្នាំ ២០២០ ជាមួយនឹងកំណើនកើនឡើង ២,៨% ។ ទស្សនាវដ្តីសេដ្ឋវិទូបានវាយតម្លៃថាប្រទេសវៀតណាមគឺជាគោលដៅដែលវិនិយោគិនចូលចិត្តបំផុត ហើយក៏បានក្លាយជាកត្តាដ៏សំខាន់មួយនៅក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោក។ នេះក៏ជាមូលដ្ឋាន និងជំនឿទុកចិត្តរបស់វិនិយោគិននិងស្ថាប័នហិរញ្ញវត្ថុអំពីសេដ្ឋកិច្ចវៀតណាម។
ក្នុងស្មារតីនេះនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យសមាជិករដ្ឋាភិបាលគួរតែពិភាក្សាគ្នាអំពីវិធានការបន្ថែមទៀតដើម្បីរក្សាចំនួនអង្គភាពអាជីវកម្មដែលបានចុះបញ្ជីថ្មីព្រោះនេះគឺជាតម្រូវការដ៏ធំធេង ជាពិសេសនៅក្នុងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗដូចជាដូចជាទីក្រុងហូជីមិញនិងទីក្រុងហាណូយផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន