យុគសម័យ - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២២ ខែមិថុនា បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញដើម្បីពិភាក្សាពីស្ថានភាពនៅអាហ្វ្រិកកណ្តាល។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះតំណាងប្រទេសវៀតណាមបានអំពាវនាវឱ្យរដ្ឋាភិបាលអាហ្វ្រិកកណ្តាលនិងភាគីពាក់ព័ន្ធនានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញដើម្បីបង្កើតបរិយាកាសនយោបាយអំណោយផលសម្រាប់ដំណើរការបោះឆ្នោតដ៏សំខាន់របស់ប្រទេសនេះ។
សម័យប្រជុំតាមអ៊ិនធរណេតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
អង្គប្រជុំបានបង្ហាញចំណាប់អារម្មណ៍ពិសេសក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងក្រុមប្រដាប់អាវុធចំនួន ១៤ ក៏ដូចជាដំណើរការត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងរដ្ឋសភានៅចុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។ កិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅខែកុម្ភៈឆ្នាំ ២០១៩ គឺជាជំហានសំខាន់ឆ្ពោះទៅរកការចូលរួមចំណែកដល់ស្ថេរភាពនៅអាហ្វ្រិកកណ្តាលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ទោះយ៉ាងណាស្ថានការណ៍នៅតែមានភាពស្មុគស្មាញជាងមុនដោយសារតែការរំលោភក្រុមប្រដាប់អាវុធនៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពនិងអាយុជីវិតរបស់ប្រជាជនស៊ីវិល។ បរិយាកាសនយោបាយមុនការបោះឆ្នោតនៅអាហ្រ្វិកកណ្តាលកំពុងជួបប្រទះភាពតានតឹងជាក់លាក់រវាងក្រុមប្រឆាំងក៏ដូចជាបញ្ហាប្រឈមកង្វះថវិកាសម្រាប់ការរៀបចំការបោះឆ្នោត។
ថ្លែងមតិនៅឯអង្គប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គសហប្រជាជាតិបានសង្កត់ធ្ងន់លើការជួយឧបត្ថម្ភជាបន្តបន្ទាប់របស់សហគមន៍អន្តរជាតិជាមួយសាធារណៈរដ្ឋអាហ្វ្រិកកណ្តាលក្នុងដំណាក់កាលបច្ចុប្បន្នដើម្បីជួយឲ្យប្រទេសនេះរក្សាសន្តិភាពនិងត្រៀមខ្លួនរៀបចំការបោះឆ្នោតក៏ដូចជាការដោះស្រាយស្ថានភាពមនុស្សធម៌និងផលប៉ះពាល់របស់ជំងឺឆ្លងកូវីឌ១៩។ នៅចំពោះមុខនឹងការលំបាកនិងគ្រោះថ្នាក់ដែលកងកម្លាំងរក្សាសន្តិភាពនិងដៃគូមនុស្សធម៌ដែលកំពុងប្រតិបត្តិការនៅអាហ្វ្រិកកណ្តាលឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីធានាសន្តិសុខនិងសុវត្ថិភាពរបស់អ្នកដែលមានវត្តមាននិងខិតខំដើម្បីជួយប្រទេសនិងប្រជាជននៅទីនេះផងដែរ។
គួរបញ្ជាក់ថាក្រុមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល (MINUSCA) ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២១៤៩ ឆ្នាំ ២០១៤ ដើម្បីការពារជនស៊ីវិលនិងគាំទ្រដល់ដំណើរការសន្តិភាព ក៏ដូចជាដោះស្រាយបញ្ហាមនុស្សធម៌នៅប្រទេសនេះ។ នាបច្ចុប្បន្នប្រទេសវៀតណាមមានកម្មាភិបាលនិងយុទ្ធជនចំនួន ៦ នាក់ចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅទីនេះ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន