យុគសម័យ - ដើម្បីឆ្លើយតបនឹងតម្រូវការនៃសមត្ថភាពការពារពាណិជ្ជកម្មនៅពេលចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបាននឹងកំពុងបំពេញយ៉ាងសកម្មនូវប្រព័ន្ធភ្នាក់ងារស៊ើបអង្កេតទាំងមូលដោយធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានច្បាប់គតិយុត្តិ ក៏ដូចជាជម្រុញឃោសនានិងផ្សព្វផ្សាយ ព័ត៌មានស្តីពីបទបញ្ញត្តិគាំពារពាណិជ្ជកម្មស្របតាមកិច្ចព្រមព្រៀង EVFTA។
វៀតណាមឆ្លើយតបយ៉ាងសកម្មចំពោះវិធានការគាំពារពាណិជ្ជកម្ម (រូបថត៖ baocongthuong)
យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ប្រសិនបើគិតទាំងកិច្ចព្រមព្រៀង EVFTA ប្រទេស វៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៤ ចូលជាធរមាន។ ក្នុងចំណោមនោះមាន FTA ជំនាន់ថ្មីជាមួយនឹងការរំពឹងទុកមិនត្រឹមតែកាត់បន្ថយពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍការវិនិយោគសេវាកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៀតផង។
កម្រិតនៃការកាត់បន្ថយពន្ធគយគ្របដណ្តប់រហូតដល់ ៨០% នៃទំហំពាណិជ្ជកម្មនាំចូលនិងនាំចេញសរុប ហើយនេះក៏ជាកម្លាំងចលករដើម្បីជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់វៀតណាម។ដើម្បីចាប់យកឱកាសក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាជាពិសេសដើម្បីឆ្លើយតបនឹងតម្រូវការនៃសមត្ថភាពគាំពារពាណិជ្ជកម្មនៅពេលចូលរួមកិច្ចព្រមព្រៀងនេះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំយ៉ាងសកម្មជាច្រើន។ រហូតមកដល់ពេលនេះប្រទេសវៀតណាមបានបំពេញមូលដ្ឋានច្បាប់ពេញលេញនិងពេញលេញសម្រាប់សកម្មភាពស៊ើបអង្កេតនិងដោះស្រាយករណីការពារក្តីពាណិជ្ជកម្ម។
ផលិតផលដែកថែបសំណង់របស់វៀតណាម - ក្រុមហ៊ុនដែកថែបអាឡឺម៉ង់នៅក្នុងឃ្លាំងត្រៀមលក់ចេញ (រូបថត៖ Vnanet)
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការនូវការណែនាំអំពីការដាក់ចេញនូវសារាចរណែនាំនៃវិធានការណ៍ការគាំពាណិជ្ជកម្មនៅតាមកិច្ចព្រមព្រៀង EVFTA ផងដែរ។
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងអនុវត្តគម្រោង «ជម្រុញការអនុវត្តប្រព័ន្ធព្រមានមុនក្នុងវិស័យគាំពារពាណិជ្ជកម្ម» ដោយបង្កើតមូលដ្ឋានទិន្នន័យព្រមានប្រកបដោយប្រសិទ្ធភាពសម្រាប់សហគ្រាសអំពីលទ្ធភាពនៃការស៊ើបអង្កេតនូវវិធានការគាំពារពាណិជ្ជកម្មនានា មុខទំនិញដែលមានហានិភ័យនៃការក្លែងបន្លំ ប្រភពដើមទំនិញ ការដឹកជញ្ជូនខុសច្បាប់និងការធ្វើបច្ចុប្បន្នភាពជាប្រចាំដើម្បីឱ្យអង្គភាពអាជីវកម្មអាចកសាងបានយុទ្ធសាស្ត្រអាជីវកម្មយ៉ាងសមស្របនិងមានប្រសិទ្ធភាពផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)


មតិពីមិត្តអ្នកអាន