ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី១៥ ខែឧសភា បានរាយការណ៍ថា ខ្លួនបានរកឃើញអ្នកផ្ទុកជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ២៤នាក់បន្ថែមទៀត។ ករណីឆ្លងថ្មីទាំងអស់នេះ គឺជាករណីនាំចូលមកពីបរទេស។
បុគ្គលិកវេជ្ជសាស្រ្ត បាញ់ថ្នាំសម្លាប់វីរុសនៅលើយន្តហោះ Vietnam Airlines។ រូបភាព៖ Reuters)
អស់រយៈពេល ២៩ថ្ងៃហើយ ដែលវៀតណាម មិនមានករណី COVID-19 ឆ្លងនៅក្នុងស្រុក។ នាថ្ងៃទី ១៥ ឧសភា ក្នុងកិច្ចប្រជុំប្រចាំខែឧសភា របស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា យើងលែងការឆ្លងរាលដាល នៅក្នុងសហគមន៍ទៀតហើយ។ ទោះយ៉ាងណា វៀតណាមត្រូវប្រយ័ត្នប្រយែង នៅពេលដែលជំងឺនេះរាលដាលនៅក្នុងប្រទេសជាច្រើន ហើយមិនទាន់មានវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ទេ។
ប៉ុន្តែមានករណីនាំចូលមកពីបរទេសជាបន្តបន្ទាប់។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម មនុស្សចំនួន ២៤នាក់ ដែលស្ថិតនៅក្រោមវិធានចត្តាឡីស័ក ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 ។ ករណីទាំងអស់នេះ គឺជាអ្នកដំណើរមកពីរុស្ស៊ី។ តួលេខសរុប COVID-19 របស់វៀតណាម មានចំនួន ៣១២ ករណី មិនមានករណីស្លាប់ និងអ្នកជាសះស្បើយមានចំនួន ២៦០នាក់។
ការរឃើញករណីថ្មីនេះ ធ្វើឡើងបន្ទាប់ពីវៀតណាមទើបតែរកឃើញ ១៧ ករណី ដែលនាំចូលមកអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី៧ ខែឧសភា។
គិតមកត្រឹមពេលនេះ វៀតណាមបានលើកចោលការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេស ហើយចំណែកសាលារៀនក៏បានបើកទ្វារឲ្យសិស្សចូលរៀនផងដែរ ៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន