យុគសម័យ - នាថ្ងៃទី២២ មេសា រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសសមាជិកអាស៊ាននិងប្រទេសជប៉ុនបានអនុម័តជាផ្លូវការលើ សេចក្ដីថ្លែងការណ៍រួមស្ដីពី គំនិតផ្ដួចផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញសំដៅឆ្លើយតបនឹងផលវិបាកលើផ្នែកសេដ្ឋកិច្ច ក៏ដូចជាខ្សែ សង្វាក់ផ្គត់ផ្គង់ដែលបង្កឡើងដោយសារជំងឺកូវីដ១៩ (Covid-19)។
រដ្ឋមន្រ្តីក្រសួង ឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (congthuong.vn)
ការដែលអនុម័តលើសេចក្តីថ្លែងការណ៍រួមនេះគឺជាលទ្ធផលនៃការពិភាក្សាការងារតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ក្នុងឋានៈជាប្រធាននៃក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២០ រួម ជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនានារបស់ជប៉ុនលោក Kajiyama Hiroshi កាលពីរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ ។
សេចក្ដីថ្លែងការណ៍នេះបានអះអាង នូវឯកភាពរវាងប្រទេសអាស៊ានទាំងអស់និងជប៉ុន ក្នុងការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយនានាសំដៅសម្រេចបានគោលដៅស្នូលទាំង៣រួមមានការរក្សាទំនាក់ទំនងសេដ្ឋកិច្ចដ៏ស្អិតរមួតរវាងអាស៊ាននិងជប៉ុន ការកាត់បន្ថយផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលបង្កឡើងចំពោះសេដ្ឋកិច្ច និងការបង្កើនសមត្ថភាពក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។
ក្នុងសេចក្ដីថ្លែងការណ៍រួមនេះ បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងជប៉ុន បានឯកភាពលើគោលការណ៍រួមស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចដូចជា ការប្តេជ្ញាបើកទីផ្សារនិងទប់ស្កាត់ការខកខាននៃសកម្មភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងនិងពង្រីកប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងលើសកលលោកប្រកបដោយនិរន្តរភាព ពិពិធកម្ម និងធានាការដោះដូរមុខទំនិញដ៏ចាំបាច់ ក៏ដូចជាការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីធានាសកម្មភាពរបស់អង្គភាពអាជីវកម្មនានា រួមទាំងសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម(MSMEs)ផងដែរ។
នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញ “ផែនការធ្វើសកម្មភាពដើម្បី ស្ដារសេដ្ឋកិច្ចឡើងវិញរវាងអាស៊ាន-ជប៉ុន” ដើម្បីអនុវត្តវិធានការជាក់លាក់ក្នុងពេលឆាប់ៗដើម្បីគាំទ្រដល់អង្គភាពអាជីវកម្មរបស់ភាគីទាំងពីរ ក្នុងការទប់ស្កាត់នឹងការរាតត្បាតជំងឺ កូវីដ១៩ ព្រមទាំងពង្រឹងសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោកនិងស្តារសេដ្ឋកិច្ចអាស៊ាននិងជប៉ុនឡើងវិញឲ្យបានល្អថែមទៀតផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: congthuong.vn)

មតិពីមិត្តអ្នកអាន