យុគសម័យ - លោក Hoang Tuan Anh ជាសហគិនម្នាក់នៅទីក្រុង Ho Chi Minh បានបង្កើត “ម៉ាស៊ីនចែកចាយអង្ករឥតគិតថ្លៃស្វ័យប្រវត្ដិ ២៤/៧ (ម៉ាស៊ីន ATM អង្ករ)” បានមានប្រសាសន៍ថា លោកនឹងសហការជាមួយអ្នកឧបត្ថម្ភជាច្រើនទៀត ដើម្បីតំឡើងម៉ាស៊ីន នៅក្នុងប្រទេសមួយចំនួន ដំបូងគឺឥណ្ឌា។
បច្ចុប្បន្នសាជីវកម្មពហុជាតិបានទាក់ទងនឹងលោក Hoang Tuan Anh ដើម្បីបញ្ជាទិញម៉ាស៊ីនម៉ាស៊ីន ATM អង្ករ ចំនួន ២០ សម្រាប់ជូនដល់ប្រទេសឥណ្ឌា។
ទន្ទឹមនឹងនេះនាថ្ងៃទី ១៦ ខែមេសា ទីប្រឹក្សាពាណិជ្ជកម្មម៉ាឡេស៊ី ប្រចាំនៅវៀតណាមក៏បានមកទស្សនា និងស្វែងយល់អំពីរបៀបផលិតនិងដំណើរការម៉ាស៊ីន ATM អង្ករស្វ័យប្រវត្តិ។ លោក Tuan Anh បានមានប្រសាសន៍ថា ប្រទេសម៉ាឡេស៊ីកំពុងអំពាវនាវអាជីវកម្មមួយចំនួន ដើម្បីជួយនាំយក“ ម៉ាស៊ីនATM អង្ករ” មកប្រទេសនេះ។
មុននេះលោក Tuan Anh បានទាក់ទង តាមរយៈក្រសួងការបរទេស ដើម្បីបង្ហាញពីបំណងប្រគល់ជូនម៉ាស៊ីន ATM អង្ករ ដោយឥតគិតថ្លៃ ទៅប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា ថៃ…
លោកបានមានប្រសាសន៍ថា“ ខ្ញុំសង្ឃឹមថា នឹងយកផលិតផលនេះរបស់វៀតណាមមកនិងជួយគាំទ្រប្រទេសដទៃទៀត ហើយមិត្តភក្តិអន្តរជាតិមើលឃើញការច្នៃប្រឌិតនិងទឹកចិត្តល្អរបស់ប្រជាជនវៀតណាម” ។
ប្រជាជនទទួលបានអង្ករ ដោយឥតគិតថ្លៃ ពីម៉ាស៊ីន ATM អង្ករ។ ( រូបថត៖ zing.com.vn)
នៅក្នុងប្រទេសវៀតណាម មានម៉ាស៊ីនម៉ាស៊ីន ATM អង្ករ ប្រហែល ៣០ ត្រូវបានតំឡើងដោយក្រុមរបស់លោក Tuan Anh នៅតាមខេត្តនិងក្រុងជាច្រើន។ ម៉ាស៊ីនទាំងអស់ត្រូវបានផ្ទេរដំណើរការ ទៅកាន់មូលដ្ឋាននីមួយៗ។ ជាពិសេស “ ម៉ាស៊ីន ATM អង្ករ” ដំបូងបង្អស់ ស្ថិតនៅខណ្ឌ Tan Phu (ទីក្រុង Ho Chi Minh) បរិមាណអង្ករដែលបានចែក រហូតមកដល់ពេលនេះមានច្រើនជាង ៣០ តោន។
ចំណាយនៃការផលិតម៉ាស៊ីន ATM អង្ករមួយជាមធ្យមពី ២៥-៣០ លានដុង ដោយមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូននិងថ្លៃដំណើការផ្សេងៗ ទៀត នៅឡើយ។ គោលដៅរបស់លោក Tuan Anhផលិតបានម៉ាស៊ីន ATM អង្ករ ចំនួន ១០០ សម្រាប់ដំឡើងពីខាងជើងទៅខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ លោកនិងមិត្តរួមការងារអាចផលិតបានតែ ៥-១០ ម៉ាស៊ីន ក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតម្រូវការបច្ចេកទេសនិងសម្ភារៈ។
គំនិតផ្តួចផ្តើមរបស់ Hoang Tuan Anh បានជម្រុញអ្នកឧបត្ថម្ភជាច្រើនផ្សេងទៀត។ ប្រហែលមួយសប្តាហ៍ត្រឡប់មកវិញ "ម៉ាស៊ីន ATM អង្ករ " ជាច្រើនផ្សេងទៀត បានលេចចេញនៅរដ្ឋធានី Ha Noi Hue Dak LaK Da Nang... ដែលបានជួយមនុស្សរាប់ពាន់នាក់ នៅទូទាំងប្រទេសនៅ ក្នុងរយៈពេលដ៏លំបាកនេះដោយសារតែ Covid - 19 ។
មុននេះលោក Hoang Tuan Anh និងសហការីរបស់លោកបានតំឡើងកណ្តឹងទ្វារនិងកាមេរ៉ា រាប់រយនៅមន្ទីរពេទ្យបណ្តោះអាសន្ន Cu Chi Can Gio និងបន្ទប់តេស្តរកវីរុស នៅវិទ្យាស្ថាន Pasteur និងបរិច្ចាគទឹកលាងដៃ ម៉ាស់ជូនដល់បុគ្គលិកសំអាត របស់ក្រុមហ៊ុនសេវាកម្មសាធារណៈ./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន