យុគសម័យ - នាថ្ងៃទី ១៧ ខែមេសា ស្ថាប័នមានសមត្ថកិច្ចវៀតណាម សហការជាមួយស្ថានទូតអ៊ីតាលីប្រចាំនៅទីក្រុងហាណូយ និងក្រុមហ៊ុន ENI (ប្រទេសអ៊ីតាលី) បានបញ្ជូនពលរដ្ឋអ៊ីតាលី ដែល«ជាប់គាំង»នៅវៀតណាម ដោយសាររងផលប៉ះពាល់ជំងឺរាតត្បាតសកល Covid-19 ឲ្យត្រឡប់ទៅស្រុកកំណើតវិញ។
យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (រូបថត៖ VN+)
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ក៏ដឹកជញ្ជូន ម៉ាស់ការពារ ដែលរដ្ឋាភិបាលនិងប្រជាជនវៀតណាមផ្តល់ជូនរដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីផងដែរ។នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្កលក្ខខ័ណ្ឌអំណោយផលសម្រាប់ស្ថាប័នបេសកកម្មការទូតបរទេសប្រចាំនៅវៀតណាម ដើម្បីអនុវត្តការងារគាំពារប្រជាពលរដ្ឋ និងជួយគាំទ្រដល់សហគមន៍អន្តរជាតិក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
យោងតាមគោលនយោបាយរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក៏បានបញ្ជូនសិក្សានុស្សិសនិងពលរដ្ឋវៀតណាមមួយចំនួននៅប្រទេសអ៊ីតាលីឲ្យវិលត្រឡប់ មកស្រុកកំណើតវិញ។ យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Da Nang នាព្រឹកថ្ងៃទី ១៨ ខែ មេសា។
ដើម្បីទប់ស្កាត់លទ្ធភាពនៃការរីករាលដាលនៃជំងឺនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាម បានអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវវិធានការណ៍នានាដើម្បីបង្ការនិងទប់ស្កាត់ជំងឺឆ្លងនេះក្នុងកំឡុងពេលហោះហើរ។ នៅពេលមកដល់ប្រទេសវៀតណាមវិញអ្នកដំណើរត្រូវបានពិនិត្យសុខភាពនិងត្រូវបានដាក់ឱ្យនៅដាច់ដោយស្របតាមបទប្បញ្ញត្តិដែលវៀតណាមបានកំណត់ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន