យុគសម័យ - នារសៀលថ្ងៃទី ៩ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំតាមប្រព័ន្ធអនឡាញ់ដើម្បីពិភាក្សាអំពីជំងឺរាតត្បាតសកល COVID-19 ជាលើកដំបូង តាមសំណើរបស់ប្រទេសវៀតណាមនិងប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍ចំនួន ៨ ផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខផងដែរ។
ទិដ្ឋភាពនៃមហាសន្និបាតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ vnanet)
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថាជំងឺរាតត្បាតកូវីដ១៩គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់ពិភពលោកចាប់តាំងពីឆ្នាំ ១៩៤៥ ដែលគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិបង្កឱ្យមានការភ្ញាក់ផ្អើលផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សរាប់ពាន់លាននាក់។ លោកបន្ថែមទៀតថាស្ថានការណ៍នឹងកាន់តែលំបាកថែមទៀតជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍និងប្រទេសដែលមានជម្លោះផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ការសម្របសម្រួលអន្តរជាតិ និងពហុភាគីនិយមក្នុងស្ថានភាពបច្ចុប្បន្ន ដោយអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេស ប្រព័ន្ធអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា ជាពិសេសអង្គការសុខភាពពិភពលោក ( WHO) រួមទាំងអង្គការ ពាក់ព័ន្ធនានា បន្តបង្កើនការសម្របសម្រួលគ្នាដើម្បីបម្រើដល់អាទិភាពមួយគឺជាការជួយគាំទ្រដល់ប្រទេសដែលរងផលប៉ះពាល់ដោយជំងឺឆ្លងនេះផងដែរ។
លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថាវៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិនិងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលកន្លងមក ដោយចែករំលែកការអំពាវនាវរបស់អគ្គលេខាធិការ ស្តីពីបទ ឈប់បាញ់ក្នុងជម្លោះនៅលើពិភពលោក ព្រមទាំងស្នើអង្គការសហប្រជាជាតិនិងភាគីនានាផ្តោតការយកចិត្តទុកដាក់លើមុខសញ្ញាដែលងាយរងគ្រោះបំផុត ដូចជាស្ត្រី កុមារ មនុស្សចាស់ជរា ជនពិការ ក៏ដូចជាផ្តោតសំខាន់លើការធានាសុវត្ថិភាពបុគ្គលិករបស់អង្គការសហប្រជាជាតិក្នុងការជួយគាំទ្រដល់ប្រទេសនីមួយក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន