យុគសម័យ - អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញផ្ញើលិខិតអំពាវនាវដល់ជនរួមជាតិ សមមិត្ត និងយុទ្ធជននៅទូទាំងប្រទេសក្នុងឱកាសទិវាប្រជាជនទាំងមូលបរិច្ចាគឈាមស្ម័គ្រចិត្ត។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ VGP)
ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើលិខិតដល់ជនរួមជាតិ សមមិត្ត និងយុទ្ធជននៅទូទាំងប្រទេស ដោយលើកសរសើរ ទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពនិងទឹកចិត្តដ៏ថ្លៃថ្នូនិងពោរពេញដោយសប្បុរសធម៌និងមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់អ្នកផ្តល់ឈាមស្ម័គ្រចិត្តក៏ដូចជាអង្គការនិងបុគ្គលនានាដែលបានចូលរួមវិភាគទានយ៉ាងវិជ្ជមានដល់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអំពាវនាវដល់ជនរួមជាតិ សមមិត្តនិងយុទ្ធជននៅទូទាំងប្រទេសថា មនុស្សម្នាក់ដែលមានសុខភាពល្អនិងមានលក្ខខ័ណ្ឌគ្រប់គ្រាន់គប្បីត្រៀមខ្លួនចូលរួមក្នុងការបរិច្ចាគឈាមនិងកៀងគរប្រជាពលរដ្ឋឱ្យបរិច្ចាគឈាមជាទៀងទាត់ដើម្បីជួយសង្គ្រោះអ្នកជំងឺរួមទាំងជួយពិនិត្យមើលសុខភាពរបស់ពួកគេ ក្នុងគោលបំណងរួមចំណែកដល់បុព្វហេតុការពារ ថែរក្សា និងលើកកម្ពស់សុខភាពប្រជាជននិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពផងដែរ ។
ក្នុងឱកាសនេះដែរ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៣០ ខែមេសា គណៈកម្មការជាតិសម្រាប់ការបំផុសចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងគណៈកម្មការដឹកនាំគ្រប់លំដាប់ថ្នាក់នឹងសហការគ្នាអនុវត្តសកម្មភាពដ៏មានអត្ថន័យជាច្រើនថែមទៀតដូចជា៖យុទ្ធនាការផ្សព្វផ្សាយគាំទ្រទិវា “ប្រជាជនទាំងមូលបរិច្ចាគឈាមដោយស្ម័គ្រចិត្ត” និងណែនាំពីរឿងនិងរូបភាពនៃគំរូអ្នកបរិច្ចាគឈាមដ៏គួរជាទីចាប់អារម្មណ៍ជាដើម៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vtv.vn)

មតិពីមិត្តអ្នកអាន