យុគសម័យ - នាព្រឹកថ្ងៃទី ៤ ខែមីនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានក្រុមមន្រ្តីជាន់ខ្ពស់ វៀតណាមប្រចាំអាស៊ាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (ASEAN -SOM) នៅទីក្រុង Da Nang ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាសមាជិកទាំង១០ក្នុងអាស៊ាន និងអគ្គលេខាធិការរងអាស៊ានផងដែរ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung (រូបថត៖ baoquocte)
ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាគ្នាអំពីការអនុវត្តកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (នៅទីក្រុង Nha Trang នាខែមករាឆ្នាំ ២០២០) ដោយត្រៀមខ្លួនរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងសន្និសីទពាក់ព័ន្ធនានា ត្រូវបានគេរំពឹងថានឹងរៀបចំឡើងនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ៨-៩ ខែមេសាឆ្នាំ ២០២០។ អង្គប្រជុំក៏ បានផ្តល់យោបល់លើជំហានអនុវត្តគំនិតផ្តួចផ្តើមនិងអាទិភាព ដែលបានស្នើឡើងដោយប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ ក្រោមប្រធានបទ "អាស៊ាន៖ ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម"។
អង្គប្រជុំបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមដូចជាការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការសាង សង់សហគមន៍អាស៊ាន រហូតដល់ឆ្នាំ ២០២៥ ការចាប់ផ្តើមការផ្លាស់ប្តូរទៅអាស៊ានក្រោយពីឆ្នាំ ២០២៥ ព្រមទាំងការវាយតំលៃចំពោះការអនុវត្តធម្មនុញ្ញអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ និងលើកកំពស់តួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍ ពង្រឹងរូបភាពអាស៊ានជាដើម។
អង្គប្រជុំថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ baoquocte)
ក្នុងជំនួននេះ លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានអះអាងអំពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រកបដោយជោគជ័យ រួមមានការជំរុញដំណើរការកសាងសហគមន៍អាស៊ាន ពង្រីកទំនាក់ទំនងកិច្ចការបរទេស និងកែលម្អវិធីសាស្ត្ររបៀបធ្វើការនៃអាស៊ាន។
ទាក់ទិននឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានបញ្ជាក់ថា វៀតណាមគឺជាគោលដៅទេសចរសុវត្ថិភាពសម្រាប់ប្រទេសនានា ហើយការរីករាលដាលជំងឺឆ្លង ត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឆ្នាំនេះ វៀតណាមបាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាសុវត្ថិភាពនិងសុខភាពសម្រាប់អង្គប្រជុំទាំងឡាយផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន