យុគសម័យ - ក្រោមប្រធានបទ “ការតភ្ជាប់ឆ្លាតវៃសម្រាប់ការផ្លាស់ប្តូរឌីជីថលអាស៊ាន”នោះ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ អាស៊ាន ១៩ (TELMIN 19) បានបើកនៅថ្ងៃទី ២៤ ខែតុលានៅរដ្ឋធានីវៀងចន្ទន៍។ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម លោក Nguyen Thanh Hung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។
ប្រមុខប្រតិភូអាស៊ានក្នុងពិធីបើកកិច្ចប្រជុំ (រូបថតៈ TTXVN)
យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសឡាវ បានអោយដឹងថា ចូលរួមពិធីបើកនេះ មានវត្តមាន ឧបនាយករដ្ឋមន្ត្រីឡាវ Sonesay Siphandone; អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Lim Jock Hoi; ថ្នាក់ដឹកនាំភ្នាក់ងារទទួលបន្ទុកផ្នែកទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន (IT) នៃប្រទេសអាស៊ានទាំង ១០ រួមទាំងប្រទេសសន្ទនា គឺចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក គណៈកម្មការអឺរ៉ុប (EC) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonesay Siphandone បានសង្កត់ធ្ងន់ថា៖ “បច្ចុប្បន្ននេះ បច្ចេកវិទ្យាព័ត៌មាននិងការផ្លាស់ប្តូរឌីជីថលគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អាស៊ាន។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យាព័ត៌មាននិងបច្ចេកទេសឌីជីថលកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយការធ្វើឌីជីថល នឹងបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស នាំមកនូវឱកាសរាប់មិនអស់និងក្លាយជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម”។
តាមគម្រោង ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តី លោក Nguyen Thanh Hung និងសមាជិកនៃគណៈប្រតិភូនឹងជួបប្រជុំទ្វេភាគីនិងធ្វើការជាមួយបណ្តាប្រទេសនិង ITU ដើម្បីផ្លាស់ប្តូរនិងចែករំលែកព័ត៌មានក៏ដូចជាវិស័យជាក់លាក់នៃកិច្ចសហប្រតិបត្តិការនាពេលអនាគត៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន