យុគសម័យ - រសៀលថ្ងៃទី ២៥ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងពិធីទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋបេឡារុស្សលោក Igor Lyashenko ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់និងស្វាគមន៍ចំពោះសំណើរស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្សលោក Igor Lyashenko (រូបថត៖ VGP/Quang Hieu)
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមតែងតែគោរពនិងរក្សាទំនាក់ទំនងប្រពៃណីល្អជាមួយបេឡារុស ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចែករំលែកនូវមនោសញ្ចេតនានិងចំណងមិត្តភាពរបស់ថ្នាក់ដឹកនាំនិងប្រជា ជនបេឡារុស្សសម្រាប់វៀតណាម ជាពិសេសជួយប្រជាជនភាគកណ្តាលវៀតណាមក្នុងការជំនះនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ភាគីទាំងពីរនៅអង្គការនិងវេទិកាអន្តរជាតិជាពិសេសនៅអង្គការសហប្រជាជាតិតែម្តង។
នៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Igor Lyashenko បានជម្រាបថា នាថ្ងៃទី ២៦ ខែកញ្ញានៅទីក្រុង Hung Yen (ភាគខាងជើងវៀតណាម) បេឡារុស្សនិងវៀតណាមនឹងបើករោងចក្រផលិតរថយនដឹកទំនិញហើយ ព្រមទាំងបានអោយដឹងថា បេឡារុស្សក៏នឹងអនុវត្តគម្រោងសម្ព័ន្ធអាជីវកម្មផលិតឡានក្រុង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រទេសវៀតណាមជាពិសេសទីក្រុងហាណូយតែម្តង។ ឧបនាយករដ្ឋមន្រ្តីបេឡារុស្ស លោក Igor Lyashenko បានមានប្រសាសន៍ថា ទំនាក់ទំនងវៀតណាម - បេឡារុស្សគួរតែផ្លាស់ប្តូរពីពាណិជ្ជកម្មសុទ្ធទៅការបង្កើតសម្ព័ន្ធអាជីវកម្មផលិតកម្មឧស្សាហកម្មដើម្បីបម្រើសេចក្តីត្រូវការរបស់ភាគីទាំងពីរ។ យ៉ាងណាមិញ ប្រទេសបេឡារុស្សមានរោងចក្រផលិតសំបកកង់រថយន្តធំមួយ ដោយប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដ៏ច្រើនរបស់ប្រទេសវៀត ណាម។ ហេតុដូច្នេះ លោករូបនេះ បានស្នើឱ្យភាគីទាំងពីរ បង្កើតសម្ព័ន្ធអាជីវកម្ម ដើម្បីផលិតសំបកកង់រថយន្តនៅបេឡារុស្សដោយប្រើប្រាស់វត្ថុធាតុដើមកៅស៊ូរបស់វៀត ណាម សម្រាប់ប្រើប្រាស់នៅក្នុងទីផ្សារនៃបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបង្កើតសម្ព័ន្ធអាជីវកម្មដើម្បីផលិតជីប៉ូតាស្យូមនៅប្រទេសវៀតណាម។
ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)
អញ្ជើញថ្លែងក្នុងពិធី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការដែល ឧបនាយករដ្ឋមន្ត្រីបេឡារុស្ស លោក Igor Lyashenko បានចូលរួមនិងកាត់ខ្សែបូសម្ពោធរោងចក្រសម្ព័ន្ធភាពផលិតរថយន្តដឹកទំនិញ MAZ នៅវៀតណាម ដែលជាសកម្មភាពបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់រដ្ឋាភិបាលបេឡារុស្ស ចំពោះបណ្តាគម្រោងសេដ្ឋកិច្ចទ្វេភាគីជាមួយវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា វិស័យផលិតរថយន្តត្រូវបានរដ្ឋាភិ បាលវៀតណាម ផ្តោតការយកចិត្តទុកដាក់ពិសេស ហេតុដូច្នេះ កិច្ចសហប្រតិបត្តិការផលិតរថយន្តដឹកទំនិញរវាងប្រទេសទាំងពីរមានយថាទស្សន៍ជោគជ័យខ្ពស់ណាស់។ លោកនាយករដ្ឋមន្រ្តីរំពឹងថា សម្ព័ន្ធអាជីវកម្មនេះនឹងបង្កើនអត្រាធ្វើមូលដ្ឋាននីយកម្មដល់ ៥០% ដោយសង្ឃឹមថា ភាគីបេឡារុស្សនឹងសិក្សាបង្កើតសម្ព័ន្ធអាជីវកម្មជាមួយវៀតណាមដើម្បីផលិតសំបកកង់រថយន្តយ៉ាងឆាប់ៗ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងដំណើរការកែច្នៃរ៉ែផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរផលិតផលរឹងមាំនិងជាក់ស្តែងដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី៕
(សរុបដោយស្រីព្រេជ)


មតិពីមិត្តអ្នកអាន