យុគសម័យ - លោកប្រធានហូជីមិញបានបន្សល់ទុកអោយប្រជាជាតិនូវមរតកសាសន៍ជាប្រវត្តិសាស្ត្រ ដែលក្នុងនោះលោកបានផ្តោតជាពិសេសទៅលើស្មារតីសាមគ្គីភាពជាតិនិងសាមគ្គីភាពអន្តរជាតិផងដែរ។ ពីសតិអារម្មណ៍និងបំណងប្រាថ្នាដើម្បីស្វែងរកសុភមង្គលនិងសេរីភាពសម្រាប់ប្រជាជន លោកប្រធានហូជីមិញបានចាក់គ្រឹះនិងកសាងសាមគ្គីភាពអន្តរជាតិដ៏ធំធេងរបស់ប្រជាជនវៀតណាម ជាមួយប្រជាជនពិភពលោក ដោយឆ្ពោះទៅរក ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។
លោលោកប្រធានហូជីមិញជួបសំណេះសំណាលជាមួយតំណាងនៃបណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំអន្តរជាតុសាមគ្គីភាពជាមួយប្រជាជនវៀតណាម ប្រឆាំងចក្រព័ត្តអាមេរិក ការពារសន្តិភាព ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាខែវិច្ឆិកា ឆ្នាំ ១៩៦៤ (រូបថត៖ ឯកសារ)
មិត្តដ៏ជិតស្និទ្ធិរបស់វៀតណាម
Raymond Aubrac (១៩១៤-២០១២) ត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកប្រធានានហូជីមិញនិងការរួមចំណែករបស់លោក ចំពោះសន្តិភាពរបស់វៀតណាមក្នុងសង្គ្រាមការពារឯករាជ្យនិងការបង្រួបបង្រួមជាតិ។ លើសពីនេះទៀត លោកបានចូលរួមវិភាគទានវិជ្ជមានជាច្រើនដល់ដំណើរការផ្លាស់ប្តូរថ្មីរបស់វៀតណាមក៏ដូចជាក្នុងការថែរក្សាមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - បារាំង។
លោក Raymond Aubrac បានជួយចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរវាងវៀតណាមនិងបារាំង (១៩៥៥); ផ្លាស់ប្តូរសាររវាងទីក្រុងហាណូយនិងវ៉ាស៊ីនតោនដើម្បីកំណត់ការបញ្ចប់ដោយគ្មានលក្ខណចំពោះការទម្លាក់គ្រាប់ បែករបស់អាមេរិកទៅលើវៀតណាម (១៩៦៧); អំពាវនាវឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែកលើទំនប់ទន្លេក្រហម (១៩៧២); បន្ទាប់ពីការតស៊ូប្រឆាំងនឹងចក្រពត្តិនិយមអាមេរិករបស់ប្រជាជនវៀតណាមដណ្តើមបានជ័យជម្នះមក លោក Raymond Aubrac ក្នុងនាមជាតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអនុវត្តកម្មវិធីគាំទ្រវៀតណាមដើម្បីដណ្តើមឯករាជ្យ (១៩៧៦) ។ ដោយស្នើអោយអាមេរិក ជួយវៀតណាមអនុវត្តកម្មវិធីសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការសហប្រជាជាតិនិងអង្គការស្បៀងអាហារពិភពលោក (FAO)។
លោក Henri Martin និងលោកស្រី Raymonde Dien ជាសមាជិកពីរនាក់នៃគណបក្សកុម្មុយនីស្តបារាំង ដែលធ្លាប់បានក្រោកឈរឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងសង្គ្រាមអយុត្តិធម៌របស់ពួកអាណានិគមបារាំងនៅវៀតណាម។ នៅថ្ងៃទី ២៣ ខែកុម្ភះឆ្នាំ ១៩៥០ លោកស្រី Raymonde Dien កាលនោះជាយុវនារីទើបមានអាយុ ១៧ ឆ្នាំ ធ្លាប់កេងលើផ្លូវរថភ្លើងនៅស្ថានីយ៍ Saint Pierre des Corps (នៃទីក្រុង Tours) ដើម្បីរាំងស្កាត់ក្បួនរថភ្លើងដឹកអាវុធនិងរថក្រោះ ទៅបម្រើសង្គ្រាមរបស់ពួកអាណានិគមបារាំងនៅវៀតណាម។ ហើយលោក Henri Martin ជាទាហានជើងទឹកបារាំង បានចែកខិតប័ណ្ណដល់ប្រជាជនបារាំងដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងសង្គ្រាមរបស់កងទ័ពបារាំងនៅវៀតណាម។
លោកប្រធានហូជីមិញបានថតរូបជាមួយក្រុមគ្រួសាររបស់លោក Raymond Aubrac (នាខែកក្កដាឆ្នាំ ១៩៤៦) (រូបថត៖ឯកសារ)
លោកស្រី Raymonde Dien ត្រូវចាប់ខ្លួនអស់រយៈពេលជិត ១ ឆ្នាំ។ ចំណែកលោក Henri Martin ក៏ត្រូវបានចាប់ខ្លួនហើយតុលាការកាត់ក្តីជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ។ ក្រោយមក លោកនៅបន្តគាំទ្រដល់វៀតណាម ពោលគឺនៅសន្និសីទក្រុងប៉ារីសស្តីពីវៀតណាមលោកក៏បានចូលរួមចំណែកយ៉ាងច្រើនសម្រាប់ការបញ្ចប់នៃសង្គ្រាមដើម្បីស្តារសន្តិភាពនៅវៀតណាមឡើងវិញ (១៣ ឧសភា ១៩៦៨ - ២៧ មករា ១៩៧៣)។ លោកស្រី Raymonde Dien បន្ទាប់ពីបានដោះលែងពីពន្ធនាគារមក លោកស្រីបន្តចូលរួមក្នុងការតស៊ូដើម្បីសន្តិភាពរបស់វៀតណាម។ ឥឡូវនេះ ទោះបីនាងមានអាយុជរាក៏ដោយ ប៉ុន្តែនៅពេលណាដែលអាចធ្វើទៅបាន លោកស្រីតែងតែចូលរួមក្នុងសកម្មភាពដើម្បីជួយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងនៅវៀតណាម ដែលរៀបចំឡើងដោយសមាគមមិត្តភាពបារាំង - វៀតណាម។
ទន្ទឹមជាមួយគ្នានោះ ចំណងមិត្តភាពភាពជាបងប្អូនដ៏ជ្រាលជ្រៅរវាងលោកប្រធានហូជីមិញនិងមេដឹកនាំ Wilhelm Pieck បានធ្វើឱ្យប្រជាជនវៀតណាម - អាឡឺម៉ង់ ទោះបីមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីគ្នាក៏ដោយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរ ហាក់ដូចជាមានឧត្តមគតិរួម គឺតស៊ូដើម្បីឯករាជ្យជាតិ។ ក្រោមការដឹកនាំរបស់លោកប្រធាម Wilhelm Pieck ចលនាសាមគ្គីភាពមួយគាំទ្រវៀតណាមត្រូវបានបង្កើតឡើងនិងអភិវឌ្ឍតាំងពីឆ្នាំដំបូងដែលប្រជាជនវៀតណាមតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងមក។ តាមការណែនាំរបស់លោកប្រធាន Wilhelm Pieck កម្មាភិបាលសុខាភិ បាល វប្បធម៌និងសារព័ត៌មាននៃសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ បានមកជួយវៀតណាម បន្ទាប់ពីថ្ងៃទទួលជ័យជំនះ Dien Bien Phu ផងដែរ។
ក្នុងជីវិតផ្សងព្រេងរបស់ខ្លួន លោកប្រធានហូជីមិញបានរាប់អានជាមួយមនុស្សជាច្រើន ហើយមនុស្សជាច្រើនបានតស៊ូដើម្បីជួយវៀតណាមដណ្តើមឯករាជ្យ។ ទាំងនេះគឺជាមនុស្សដែលស្រឡាញ់សន្តិភាព ស្រឡាញ់សេរីភាព ប្រជាធិបតេយ្យ ហើយរវាងពួកគេនិងលោកប្រធានហូជីមិញជាចំណងភក្តិភាពដ៏ស្មោះត្រង់។ អ្នកទាំងអស់ បានក្លាយជាមិត្តជិតស្និទ្ធិ។
ស្មារតីអន្តរជាតិដ៏ថ្លៃថ្លា
ក្នុងដំណើរការស្វែងរកផ្លូវសង្គោះជាតិ លោកប្រធានហូជីមិញបានឆ្លងកាត់ប្រទេសជាច្រើនទូទាំងពិភពលោក។ លោកក៏បានឃើញផ្ទាល់ការលំបាកវេទនារបស់វណ្ណកម្មកម្មករនិងប្រជាជនពលករ។ ក្នុងអំឡុងពេលប្រជាជនវៀតណាម តស៊ូ ដណ្តើមឯករាជ្យ និងការពារឯករាជ្យរបស់ខ្លួន លោកប្រធានហូជីមិញបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍចំណងមិត្តភាពរវាងវៀតណាមជាមួយបណ្តាប្រទេសអាស៊ី អាហ្វ្រិក និងអាមេរិកឡាទិន ដើម្បីបើកទូលាយទំនាក់ទំនងអន្តរជាតិនិងឆ្លៀតយកការគាំទ្ររបស់ប្រទេសនានា។
អាចនិយាយបានថា ស្មារតីអន្តរជាតិថ្លៃថ្លានៅក្នុងក្រមសីលធម៌របស់លោកប្រធានហូជីមិញផ្តើមចេញពីការស្រលាញ់របស់លោកចំពោះប្រជាជន។ ក្នុងគោលបំណងដើម្បីរំដោះប្រជាជនដែលត្រូវគេជិះជាន់, រំដោះវណ្ណៈនិងរំដោះប្រជាជន នាំមកនូវសេរីភាពនិងភាពស្មើគ្នាដល់ប្រជាជន។ ពីលទ្ធិអន្ដរជាតិសុទ្ធសាធនោះ លោកបប្រធានហូជីមិញបានចាក់គ្រឹះនិងកសាងសាមគ្គីភាពអន្តរជាតិដ៏ធំធេងរបស់ប្រជាជនវៀតណាមជាមួយប្រជាជននៅលើពិភពលោក រួមចំណែកដល់ជ័យជំនះដ៏ធំធេងរបស់ប្រជាជនវៀតណាមនិងប្រជាជនពិភពលោកផងដែរ។
មរតកសាសន៍របស់លោកប្រធានហូជីមិញនិងឥទ្ធិពលអន្តរជាតិ
ជាអ្នកបង្កើតបក្សនិងជាមេដឹកនាំជាន់ខ្ពស់របស់បក្ស រហូតដល់ពេលសរសេរមរតកសាសន៍ក្នុងប៉ុន្មានឆ្នាំ ១៩៦០ នៃទសវត្សទី២០ លោកប្រធានហូជីមិញបានសរសេរមរតកសាសន៍ដោយជាសេចក្តីផ្តែផ្តាំរបស់លោកចំពោះបក្ស អំពីសកម្មភាពដែលបក្សត្រូវធ្វើដើម្បីសម្រេចគោលដៅដើម្បីផលប្រយោជន៍របស់មាតុប្រទេសនិងប្រជាជន។
លោក Nguyen Ai Quoc នៅមហាសន្និបាតទូទាំងបក្សសង្គមបារាំង នៅទីក្រុង Tua នៃប្រទេសបារាំង កាលពីខែធ្នូឆ្នាំ ១៩២០ (រូបថតៈឯកសារ)
ក្រៅពីបានផ្តែផ្តាំបក្សនិងប្រជាជនវៀតណាគ្រប់ស្រទាប់វណ្ណៈមក លោកប្រធានហូជីមិញក៏មានការព្រួយបារម្ភអំពីចលនាកុម្មុយនិស្តពិភពលោកដែរ។ លោកបានសរសេរថា “ចំពោះចលនាកុម្មុយនិស្តពិភពលោក - ក្នុងនាមជាអ្នកបម្រើបដិវត្តពេញមួយជីវិត ខ្ញុំកាន់តែមានមោទនភាពចំពោះការវិវឌ្ឍន៍នៃចលនាកុម្មុយនិស្តនិងកម្មករអន្តរជាតិកាន់តែខ្លាំង ហើយខ្ញុំក៏មានអារម្មណ៍ក្រៀមក្រំណាស់ដោយសារតែការខ្វែងគំនិតគ្នានាពេលបច្ចុប្បន្នក្នុងចំណោមបក្សបងប្អូន!”
លោកបានបណ្តាំតាមរយៈមរតកសាសន៍ថា “ខ្ញុំសង្ឃឹមថា បក្សរបស់យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកក្នុងការស្តារសាមគ្គីភាពរវាងបក្សបងប្អូននានា ឈរលើមូលដ្ឋាននៃលទ្ធិម៉ាក្ស - លេនីន និងលទ្ធិអន្តរជាតិជាតិ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាភាតរភាពពិតជានឹងរួបរួមគ្នាជាពុំខាន”។
ដោយកោតសរសើរចំពោះភាពវាងវៃនៃបញ្ញា ដ៏ថ្លៃថ្នូរបស់លោកប្រធានហូជីមីញ នៅលើកាសែតសុខុមាលភាពក្រហម (នៃទីក្រុង Praha ប្រទេសឆេកូស្លូវ៉ាគី) នៅថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ១៩៨៩ អ្នកនិពន្ធ I Liu Sitlic បានចុះផ្សាយនូវសរសេរអត្ថបទដោយសង្កត់ធ្ងន់ថា “លោកប្រធានហូជីមិញជាមួយមរតកសាសន៍របស់លោក ដែលជាកម្មសិទ្ធិរបស់ចលនា កុម្មុយនិស្ត កម្មករនិងចលនាបដិវត្តនៅក្នុងពិភពលោក។ ជីវិតនិងអាជីពរបស់លោកបានឆ្លងកាត់ព្រំដែននៃមាតុប្រទេសខ្លួន”៕
(យោងតាម thoidai.com.vn ប្រែសម្រូលដោយស្រី ព្រេជ)



មតិពីមិត្តអ្នកអាន