យុគសម័យ - ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមកដល់អាកាសយានដ្ឋានយោធា Don Mueang (ទីក្រុងបាងកកនៃប្រទេសថៃ) ចាប់ផ្តើមចូលរួម AIPA ៤០ និងធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ។
ពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅអាកាសយានដ្ឋានយោធា Don Mueang (រូបថត៖ TTXVN)
យោងតាមបេសកជនពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានអោយដឹងថា នារសៀលថ្ងៃទី ២៥ ខែសីហា ម៉ោងក្នុងស្រុក ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានយោធា Don Mueang នៃទីក្រុងបាងកក ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤០ (AIPA ៤០) និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែសីហា តាមការអញ្ជើញរបស់លោក Chuan Leekpai - ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រថៃនិងជាប្រធានមហាសន្និបាត AIPA ៤០។
អញ្ជើញទទួលស្វាគមន៍ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅឯអាកាសយានដ្ឋាន ពីភាគីថៃមានវត្តមានលោក Suphachai Pohsu អនុប្រធានទី ២ នៃរដ្ឋសភាថៃនិងអគ្គលេខាធិការរដ្ឋសភាថៃលោក Sorosak Pienvej; ពីភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Nguyen Hai Bang រួមទាំងមន្ត្រីស្ថានទូតវៀតណាមនិងតំណាងសហគមន៍ប្រជាជនវៀតណាមនៅថៃផងដែរ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅអាកាសយានដ្ឋានយោធា Don Mueang (រូបថត៖ TTXVN)
ប្រធានបទនៃមហាសន្និបាត AIPA ៤០ គឺ “ជំរុញភាពជាដៃគូសភាដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព”។ ចូលរួមមហាសន្និបាតនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភា វៀតណាម បន្តអះអាងអំពីតួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាមក្នុង AIPA ព្រមទាំងអះអាងពីការចូលរួមយ៉ាងសកម្មនិងទំនួលខុសត្រូវរបស់វៀតណាមក្នុងដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព វិបុលភាពនិងចីរភាព។
ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសចាប់តាំងពីបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ២០១៣មក។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញជួបពិភាក្សានិងជួបសវនការជាមួយថ្នាក់ដឹកនាំថៃ ដើម្បីវាយតម្លៃការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្តូរនូវវិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហការក្នុងវេទិកាតំបន់និងអន្តរជាតិ រួមទាំងពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន