យុគសម័យ - នារសៀលថ្ងៃទី ២ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី Cait Moran ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាមក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាបញ្ចប់អាណត្តិបេសកម្មការទូតផងដែរ។
លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ឯកអគ្គរដ្ឋទូតអៀរឡង់លោកស្រី Cait Moran (រូបថតៈ VGP/Quang Hieu)
ក្នុងជំនួបនេះនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់លោកស្រីឯកអគ្គរដ្ឋទូតនិងស្ថានទូតអៀរឡង់ប្រចាំនៅវៀតណាមក្នុងការជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងអៀរឡង់ ក្នុងរយៈពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអៀរឡង់និយាយរួមនិងលោកស្រីឯកអគ្គរដ្ឋទូតនិយាយដោយឡែកដែលបានជំរុញយ៉ាងសកម្មសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងស្នើអោយអៀរឡង់ បន្តប្រើឥទ្ធិពលដើម្បីសអ៊ឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ក្នុងឆ្នាំនេះតែម្តង។
អញ្ជើញជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតអៀរឡង់បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចវៀតណាមដែលបានជួយគាំទ្រដើម្បីលោកស្រី អាចបំពេញភារកិច្ចរបស់ខ្លួននៅវៀតណាមប្រកប ដោយជោគជ័យ។ លោកស្រីឯកអគ្គរដ្ឋទូត Cait Moran បានសង្កត់ធ្ងន់ថា ទោះបីមានភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាព លើគ្រប់វិស័យ។ ពោលគឺ អៀរឡង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម ហើយជាមួយនឹងការគាំទ្រពីអាជ្ញាធរមានសមត្ថកិច្ចនៅវៀតណាមនោះ អៀរឡង់បានបើកការិយាល័យពាណិជ្ជកម្មនៅទីក្រុងហូជីមិញជាស្ថាពរហើយ។
ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)
ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU លោកស្រីឯកអគ្គរដ្ឋទូតបាននិយាយថា អៀរឡង់នឹងបន្តផ្តល់អនុសាសន៍ដល់សភាអឺរ៉ុបអោយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីវិស័យពាណិជ្ជកម្ម លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងថា អៀរឡង់ប្តេជ្ញារួមដំណើរជាមួយវៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងឱកាសនេះ លោកស្រី Cait Moran បានអបអរសាទរវៀតណាមដែលបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១។
ដោយទទួលយកនូវប្រសាសន៍របស់លោកស្រីឯកអគ្គរដ្ឋទូត Cait Moran, លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានសម្តែងក្តីរីករាយ ចំពោះការដែលទំហំពាណិជ្ជកម្មទ្វេភាគីមានការបោះជំហានគួរឲ្យកត់សម្គាល់ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី Cait Moran ពោលគឺ ក្នុងឆ្នាំ ២០១៨ សម្រេចបាន ១,៩៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ៣០% បើប្រៀបនឹងឆ្នាំ២០១៧។ លោកនាយករដ្ឋមន្រ្តីរំពឹងថា ភាគីទាំងពីរនឹងជំរុញថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រីបានស្នើអៀរឡង់គាំទ្រវៀតណាមក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងគាំទ្រប្រទេសវៀតណាមក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២០ ផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានជឿជាក់ថា មិនថាលោកស្រីឯកអគ្គរដ្ឋទូតអៀរឡង់មានតួនាទីអ្វីក៏ដោយ ប៉ុន្តែលោកស្រីនៅតែរក្សាចំណាប់អារម្មណ៍ល្អចំពោះប្រទេសនិងប្រជាជនវៀតណាមជានិច្ច ក៏ដូចជាបន្តពូនជ្រុំអោយទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណីល្អរវាងវៀតណាមនិងអៀរឡង់ជារៀងរហូតផងដែរ៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន