យុគសម័យ - នាព្រឹកថ្ងៃទី ១១ ខែកក្កដានៅទីក្រុងហាណូយ ស្ថានទូតសឹង្ហបូរីប្រចាំនៅ វៀតណាមបានប្រារព្ធពិធីរំលឹកខួបអនុស្សវរីយ និងពិធីជប់លៀង ដើម្បីអបអរខួបលើកទី ៥៤ នៃទិវាប្រពៃណីកងកម្លាំងប្រដាប់អាវុធសិង្ហបុរី។ តាងនាមឱ្យក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ទោ Ngo Minh Tien អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាមបានអញ្ជើញចូលរួមពិធីនេះ។
លោកវរសេនីយឯក Edmund Tan
ថ្លែងក្នុងពិធីនេះ លោកវរសេនីយឯក Edmund Tan អនុពន្ធយោធាសិង្ហបុរីប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា សិង្ហបុរីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម ខណៈដែលភាគីទាំងពីរបន្តកសាងទំនុកចិត្តនិងការយល់ដឹងគ្នាទៅវិញទៅមកក្នុងបរិបទដែលសន្តិសុខកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ ហើយប្រទេសទាំងពីរក៏ត្រូវតែដោះស្រាយរាល់បញ្ហាប្រឈមរួមដែលកើតឡើងនាពេលខាងមុខផងដែរ។ លោកវរសេនីយឯក Edmund Tan បានសង្ឃឹមថាទំនាក់ទំនងការពារទ្វេភាគី សិង្ហបុរី - វៀតណាមនឹងបន្តរីកចម្រើនបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។
លោកឧត្តមសេនីយ៍ទោ Ngo Minh Tien
រីឯខ្លួនវិញ លោក Ngo Minh Tien អះអាងថា វៀតណាមជានិច្ចកាលមានបំណងចង់ឲ្យអភិវឌ្ឍន៍ទំនាក់ទំនងការពារជាតិដ៏ល្អប្រពៃជាមួយសឹង្ហបុរី ដោយឈរលើមូលដ្ឋានអនុវត្តនូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការជួបប្រាស្រ័យទាក់ទងគ្នារវាងនាយទាហានវ័យក្មេង ការបណ្តុះបណ្តាល និងការចែករំលែកព័ត៌មានជាដើម៕
(យោងតាម baobienphong.com.vn បកប្រែ ដោយហេង វុធ្ធី)


មតិពីមិត្តអ្នកអាន