យុគ្គសម័យ - នៅព្រឹកថ្ងៃទី ៣ ខែមិថុនា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីនគរបាលវៀតណាម បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ José Louis Caetano Higino de Sousa អគ្គនាយកនៃអគ្គនាយកចារកម្មនិងកិច្ចការបរទេសអង់ហ្គោឡាដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។
លោកនាយឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីនគរបាលវៀតណាម បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ José Louis Caetano Higino de Sousa អគ្គនាយកនៃអគ្គនាយកចារកម្មនិងកិច្ចការបរទេសអង់ហ្គោឡា (រូបថត៖ vietnamplus.vn)
នាយឧត្តមសេនីយ៍ឯក To Lam បានអះអាងថា ក្រសួងនគរបាលវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសអង់ហ្គោឡា ដោយមានឆន្ទៈចែករំលែកព័ត៌មាន និងបទពិសោធន៍ស្តីពីសន្តិសុខជាតិ ការបង្ការនិងប្រឆាំងបទឧក្រិដ្ឋកម្ម និងកិច្ចសហប្រតិបត្តិការឯកទេសផ្សេងៗទៀតលើវិស័យសន្តិសុខ ប៉ូលីស បញ្ហាជួយ សង្គ្រោះ និងការបង្ការនិងពន្លត់អគ្គីភ័យជាដើម។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ឯក To Lam បានស្នើឱ្យភាគីទាំងពីររៀបចំកិច្ចចរចាឲ្យបានឆាប់ៗនូវកិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័ន កិច្ចព្រមព្រៀងស្តីពីការប្រគល់មនុស្សដែលត្រូវបានកាត់ទោសជាប់ពន្ធនាគាររវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃអង់ហ្គោឡា។
រីឯនាយឧត្តមសេនីយ៍José Luis Caetano Higino de Sousa វិញ លោកបានអះអាងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអង់ហ្គោឡានិងវៀតណាមជាទូទៅ និងរវាងក្រសួងមហាផ្ទៃអង់ហ្គោឡានិងក្រសួងនគរបាលវៀតណាមនាពេលអនាគតផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vietnamplus.vn)

មតិពីមិត្តអ្នកអាន