យុគសម័យ - នៅថ្ងៃទី ២៨ ខែកុម្ភៈ អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត: Lam Khanh/TTXVN)
“ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ វៀតណាមនិងសហគមន៍អន្តរជាតិបានឃ្លាំមើលយ៉ាងដិតដល់នូវកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងដ៏មានសារៈសំខាន់ នៅទីក្រុងហាណូយ។ គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺ គាំទ្រ ដំណើរការសន្តិភាពនិងគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានកូរ៉េខាងជើង លោក Kim Jong – un បានអះអាងថា កិច្ចប្រជុំនៅទីក្រុងហាណូយគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការចរចារវាងភាគីទាំងពីរ។ តាមរយៈការសន្ទនាគ្នានៅឯកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំកំពូលនៃភាគីទាំងពីរបានបង្កើតកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានជាច្រើនដោយបានពិភាក្សានូវបញ្ហាសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងសន្តិភាពនិងគ្មាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី២ វៀតណាមបានខិតខំប្រឹងប្រែង ត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្នគ្រប់ទិដ្ឋភាពទាំងអស់ និងធានាសន្តិសុខ សុវត្ថិភាពដាច់ខាតសម្រាប់កិច្ចប្រជុំ ដែលបង្ហាញយ៉ាងច្បាស់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ គឺជាសមាជិកដែលមានការទទួលខុសត្រូវនៅក្នុងសហគមន៍អន្តរជាតិ។ ឋានៈ តួនាទីនិងការរៀបចំរបស់ប្រទេសម្ចាស់ផ្ទះ វៀតណាម ត្រូវបានថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើងនិងសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់។
វៀតណាមបានចែករំលែកនូវបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិ គឺភាគីនានាបន្តធ្វើកិច្ចចរចាដើម្បីដោះស្រាយរាល់បញ្ហានៅលើឧបទ្វីបកូរ៉េ ក៏ដូចជាជំរុញទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង; ត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដើរតួនាទីនៅក្នុងការស្ថាបនាសន្តិភាព ការសម្របសម្រួល ដើម្បីជំរុញដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ”៕
(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន