យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាម នៅខាងក្រៅមហាសន្និបាតលើក ទី១៤០នៃសហភាពអន្តរសភាពិភពលោក (IPU-140) នាថ្ងៃ ៧ ខែមេសា (ម៉ោងក្នុងស្រុក ពោលគឺនារសៀលម៉ោងទីក្រុងហាណូយ) នៅទីក្រុងដូហាប្រទេសកាតា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការនិងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាតា លោក Abdullah bin Nasser bin Khalifa Al Thani ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកាតា លោក Abdullah bin Nasser bin Khalifa Al Thani (រូបថត: TTXVN)
ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់រួសរាយរបស់គណៈរៀបចំ IPU ក៏ដូចជា ប្រទេសម្ចាស់ផ្ទះកាតាតែម្តង ចាប់តាំងពីពេលដែលគណៈប្រតិភូបានទៅដល់ទីក្រុងដូហា។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះរាល់សមិទ្ធផលដ៏ធំធេងដែលកាតាសម្រេចបានក្នុងគ្រប់ទិដ្ឋភាព។ លោកស្រីប្រធានរដ្ឋសភាបានអបអរសាទរ ដល់ក្រុមកីឡាបាល់ទាត់ជាតិកាតាដែលបានឈ្នះពានរង្វាន់បាល់ទាត់អាស៊ីនៅឆ្នាំ ២០១៩ (ASEAN Cup 2019 ព្រមទាំងជូនពរក្រុមជម្រើសជាតិកាតាបន្តទទួលបានជ័យជម្នះថ្មីនៅក្នុងការប្រកួតអន្តរជាតិនាពេលខាងមុខនេះ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកាតា ដោយចាត់ទុកកាតាថាជាដៃគូសំខាន់មួយនៅក្នុងតំបន់។
រូបថតៈ TTXVN
ជាការឆ្លើយតបវិញ នាយករដ្ឋមន្ត្រីកាតា បានថ្លែងអំណរគុណនិងអបអរសាទរចំពោះប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាមដែលបានទៅធ្វើទស្សនកិច្ចនៅប្រទេសកាតាដើម្បីចូលរួមកិច្ចប្រជុំ IPU-140 លើកនេះ។ លោកក៏បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនៃមហាសន្និបាត ដែលប្រព្រឹត្តទៅនាថ្ងៃទី៧ខែមេសានេះ គឺមានសារៈសំខាន់ណាស់ រួមចំណែកបង្កើនទំនាក់ទំនងរវាងសភា / អន្តរសភានៃបណ្តាប្រទេស។ នេះក៏ជាឱកាសមួយសម្រាប់កាតាបង្កើនទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុងនោះមានវៀតណាមផងដែរ។
នាយករដ្ឋមន្ត្រី លោក Sheikh Abdullah bin Nasser bin Khalifa Al Thani បានសម្តែងក្តីសង្ឃឹមថាកាតានិងវៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។ កាតាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការស្វែងរកទិសដៅនិងវិធានការដើម្បីពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងកាតានៅក្នុងគ្រប់វិស័យទាំងអស់។ ហើយប្រទេសទាំងពីរនៅតែមានឱកាសនិងវិស័យជាច្រើនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ៕
(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន