យុគសម័យ- នារសៀលថ្ងៃទី ១១ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Hoa Binh ធ្វើជាសាក្សីសម្រាប់ថ្នាក់ដឹកនាំខេត្ត ប្រគល់សេចក្តីសម្រេចចិត្តវិនិយោគនិងចុះហត្ថលេខាលើ អនុស្សរណៈនៃការវិនិយោគជាមួយសហគ្រាសដែលមានដើមទុនសរុប ដល់ ៩៤ ពាន់លានដុង។ ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនធំជាងគេគឺ FLC ដែលមានគម្រោងវិនិយោគចំនួន៥ និងទុនវិនិយោគជិត ៣៦.០០០ ពាន់លានដុង សម្រាប់វិស័យទេសចរណ៍និងបច្ចេកទេសកសិកម្មដែលជាវិស័យដែលខេត្ត Hoa Binh មានប្រៀបខ្លាំង។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ ( រូបថត VGP / Quang Hieu)
អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា ខេត្ត Hoa Binh ជាអ្នកជិតខាងជាមួយទីក្រុងហាណូយ ជាផ្កាស្អាតមួយទង ក្នុងចំណោមផ្កាស្អាតទាំង៩ទងស្ថិតជុំវិញរដ្ឋធានីហាណូយ។ នេះជាលក្ខ័ខណ្ណសំខាន់ដើម្បីខេត្ត Hoa Binh ពង្រីកសក្កានុភាពនិងប្រៀបខ្លាំងរបស់ខ្លួន។
“ផ្កាដ៏ស្រស់ស្អាត” ស្ថិតជុំវិញរដ្ឋធានី
យោងតាមលោកនាយករដ្ឋមន្រ្តីថា ក្នុងចំណោមផ្កាទាំង៩ទងនៅជុំវិញទីក្រុងហាណូយ គឺ “ផ្កា” Hoa Binh ជាផ្កាមួយទងធំបំផុត។ (ដោយសារខេត្តមានផ្ទៃដីធំបំផុតនៃបណ្តាខេត្តជុំវិញរដ្ឋធានី)។ Hoa Binh គឺជាប្រភពទឹកសម្រាប់រដ្ឋធានី ដោយមានរោងចក្រវារីអគ្គិសនីធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។
នាយករដ្ឋមន្ត្រីអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការវិនិយោគនៅខេត្ត Hoa Binh ( រូបថត VGP / Quang Hieu)
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយខេត្ត Hoa Binh ចាំបាច់ត្រូវកសាង “គម្រោងការណ៍អភិវឌ្ឍតំបន់កម្លាំងចលករសេដ្ឋកិច្ចដល់ឆ្នាំ ២០២០ ទិសដៅដល់ឆ្នាំ២០៣០” ព្រមទាំងស្នើអោយខេត្តផ្ដោតទៅលើមុខព្រួញចំនួន៤។ ទីមួយគឺអភិវឌ្ឍន៍ខេត្ត Hoa Binh អោយក្លាយទៅជាខេត្តទេសចរណ៍; ទីពីរគឺអភិវឌ្ឍន៍កសិកម្ម រុក្ខជាតិដោយតភ្ជាប់ទៅនឹងឧស្សាហកម្មកែច្នៃដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់; ទីបី គឺអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ ផលិតកម្ម ដែលបង្កើតការងារធ្វើជាច្រើននិងមិនប៉ះពាល់ដល់បរិស្ថាន ហើយ ទីបួនគឺអភិវឌ្ឍន៍ខេត្តអោយក្លាយទៅជានគរបៃតង ដោយពឹងផ្អែកលើឧត្តមភាពខាងធម្មជាតិនិងអាកាសធាតុផងដែរ។
លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាស៍ថា៖ “មុនពេលចូលរួមសន្និសីទនេះ ខ្ញុំបានជួបជាមួយវិនិយោគិនកូរ៉េខាងត្បូង ម្នាក់និងវិនិយោគិន តៃវ៉ាន់ (ចិន) ម្នាក់ ហើយគេបាននិយាយថា គេបានមកដល់ តំបន់ជាច្រើននៅវៀតណាមហើយ ប៉ុន្តែគ្មានទីណាដែលមានរមណីយដ្ឋាន ស្អាតៗជាច្រើនដូចខេត្ត Hoa Binh ទេ។ នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលកន្លង ទៅ យើងខ្ញុំបានយោគយល់ថា ការអភិវឌ្ឍនគរគឺជាកម្លាំងចលករមួយសម្រាប់ កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលក្នុងនោះខេត្ត Hoa Binh មានលក្ខណៈ ងាយស្រួលជាច្រើនដើម្បីអភិវឌ្ឍន៍តំបន់នគរនោះ ព្រោះថាទីនេះមានលក្ខណៈ ដីធ្លីអំណោយផល និងទីតាំងជិតនឹងរដ្ឋធានីហាណូយ”។
នាយករដ្ឋមន្ត្រីអញ្ជើញទស្សនាស្តង់ណែនាំផលិតផលកសិកម្មនៅក្នុងសន្និសីទនេះ ( រូបថត VGP / Quang Hieu)
លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកខេត្ត Hoa Binh ចាំបាច់ត្រូវបន្តកែ លម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ក៏ដូចជាផ្គត់ផ្គង់សេវាកម្មដ៏ល្អសម្រាប់ វិនិយោគិនផងដែរ។ នៅខាងក្រៅសន្និសីទ នាយករដ្ឋមន្ត្រីបានអញ្ជើញទទួលជួបជាមួយវិនិយោគិន ដែលកំពុងអនុវត្តន៍សកម្មភាពវិនិយោគ ទុននៅខេត្ត Hoa Binh មួយចំនួន៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន