កិច្ចព្រមព្រៀងសកលលោកស្តីពីការធ្វើចំណាកស្រុកបានអនុម័តជាផ្លូវការ

19:54 | 12/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែធ្នូ បានប្រព្រឹត្តទៅ “សប្តាហ៍ចំណាកស្រុកអន្តរជាតិ” ដោយអង្គការសហប្រជាជាតិរៀបចំឡើងនៅទីក្រុងម៉ារ៉ាកេស្ហៈ (នៃប្រទេសម៉ារ៉ុក) ។ ក្នុងចំណោមសកម្មភាពជាង ៧០ ដែលបានប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ កិច្ចប្រជុំអន្តររដ្ឋាភិបាលដើម្បីអនុម័តនូវកិច្ចព្រមព្រៀងសកលលោកស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថភាពនិងមានសណ្ដាប់ធ្នាប់ (GCM) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែធ្នូឆ្នាំ២០១៨។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម​លោក Nguyen Quoc Dung អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

នេះជាព្រឹត្តិការណ៍សំខាន់បំផុត ដែលទាក់ទាញការចូលរួមរបស់តំណាងមកពីប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន១៦៤រួមទាំងអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អង្គការនយោបាយសង្គម វិទ្យាស្ថានស្រាវជ្រាវនានា និងតំណាងជនចំណាកស្រុក។ ក្នុងនោះមានវត្តមានប្រមុខរដ្ឋនិងរដ្ឋាភិបាលចំនួន១៣រូប រដ្ឋមន្ត្រីចំនួន៦០រូប និងជាង៥០រូបទៀត ជាអនុរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការផងដែរ។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung ចូលរួមក្នុងកិច្ចប្រជុំនេះដ៏មានសារៈសំខាន់មួយនេះផងដែរ។

ក្នុងពិធីបើកកិច្ចប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងដំណើរការកសាងនិងឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយដោយកញ្ចប់ដំណោះស្រាយសំដៅធានាការគ្រប់គ្រងល្អប្រសើរនៃលំហូរជនចំណាកស្រុកក៏ដូចជាការគោរពចំពោះអធិបតេយ្យភាពជាតិ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថាសហគមន៍អន្តរជាតិកំពុងសហប្រតិបត្តិការដើម្បីដោះស្រាយរាល់បញ្ហាក្តៅគគុកមានលក្ខណៈសកលលោក។

ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកក៏បានអះអាងថា កិច្ចព្រមព្រៀងនេះបានផ្សះផ្សានូវផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ ដែលជាប្រការល្អសម្រាប់ទាំងប្រទេសបញ្ជូននិងប្រទេសដែលកំពុងទទួលខុសត្រូវ ព្រមទាំងអះអាងថាកិច្ចព្រមព្រៀងនេះមិនមែនជាសន្ធិសញ្ញាអន្តរជាតិ គ្មានលក្ខណៈចាប់បង្ខំខាងច្បាប់និងគោរពឯករាជ្យភាព អធិបតេយ្យភាពទាំងស្រុហនិងលក្ខណៈស្ម័គ្រចិត្តរបស់ប្រទេសនីមួយៗ។

កិច្ចប្រជុំនេះបានឯកភាពថា ការធ្វើចំណាកស្រុកអន្ដរជាតិកំពុងក្លាយជាបញ្ហាសកលដែលគ្មានប្រទេសណាមួយអាចដោះស្រាយដោយខ្លួនឯងបានទេ។ គណៈប្រតិភូទាំងអស់បានអះអាងថា ជនចំណាកស្រុកត្រូវបានធានាសិទ្ធិជាមូលដ្ឋាននិងការធ្វើចំណាកស្រុកស្របច្បាប់ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់បណ្តាប្រទេស។

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវជោគវាសនាល្អប្រសើរដល់ជនចំណាកស្រុករាប់លាននាក់នៅជុំវិញពិភពលោក ដែលរួមចំណែករារាំងការធ្វើចំណាកស្រុកខុសច្បាប់ដែលកំពូងជាបញ្ហាក្តៅគគុករបស់ប្រទេសមួយចំនួន។

ប្រទេសទាំងអស់បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនិងការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិកនិងអង្គការអន្តរជាតិនិងភ្នាក់ងារទទួលបន្ទុករបស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវកញ្ចប់ដំណោះស្រាយសកលលោកដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសសមាជិកក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាមួយអង្គការសហប្រជាជាតិនិងភាគីពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តកិច្ចព្រមព្រៀងតាមរបៀបដែលមានប្រសិទ្ធភាពបំផុត។

រដ្ឋមន្ត្រីកា​រ​បរទេស​ម៉ារ៉ុក​លោក Nasser Bourita (កណ្តាល​ ឆ្វេ​ង) និយាយជាមួយលោកអគ្គលេខា​ធិការអ.ស​.ប. Antonio Guterres (កណ្តាល) (រូបថតៈ AFP)

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀង GCM ជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីការធ្វើចំណាកស្រុក ព្រមទាំងលើកច្បាស់នូវគោលនយោបាយនិងទស្សនៈរបស់វៀតណាមក្នុងការលើកទឹកចិត្តការធ្វើចំណាកស្រុកស្របច្បាប់ មានសណ្តាប់ធ្នាប់ ជាពិសេស បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលុបបំបាត់ប្រភពដើមនិងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។

លោកអនុរដ្ឋមន្ត្រីក៏បាននិយាយផងដែរថា មិនមានកិច្ចព្រមព្រៀងពហុភាគីនិងសកលណាមួយដែលអាចបំពេញនូវរាល់តម្រូវការនិង ផលប្រយោជន៍របស់បណ្តាប្រទេសនោះទេ ដូច្នេះហើយនៅក្នុងដំណើរការនៃការអនុវត្ត ចាំបាច់ត្រូវគោរពនូវលក្ខណៈពិសេសនៃប្រទេសនីមួយៗនិងបន្តកែសម្រួលជាបណ្តើរៗ។

សូមគូសបញ្ជាក់ថា កិច្ចព្រមព្រៀង GCM ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍ទីក្រុងញូយ៉កស្តីពីជនចំណាកស្រុកនិងជនភៀសខ្លួនដែលបានអនុម័តនៅសម័យប្រជុំលើកទី៧១ នៃមហាសន្និបាតលើកទី ១៩ នាខែកញ្ញាឆ្នាំ ២០១៦ (សេចក្តីថ្លែងការណ៍ញូវយ៉ក) ។ ក្រោយរយៈពេល ១៨ ខែនៃការពិគ្រោះយោបល់និងការចរចាជាមួយការចូលរួមយ៉ាងសកម្មនិងគណនេយ្យភាពនៃរដ្ឋជាសមាជិកភាគច្រើនរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិនានា អង្គការក្រៅរដ្ឋាភិបាល អង្គការនយោបាយសង្គម សហគមន៍ជនអន្តោប្រវេសន៍ និងភាគីពាក់ព័ន្ធដទៃទៀត កិច្ចព្រមព្រៀង GCM ត្រូវបានគេចាត់ទុកថាជាការសម្រុះសម្រួលនៃការយកចិត្តទុកដាក់និងផលប្រយោជន៍របស់រដ្ឋជាសមាជិកដែលគ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់នៃការធ្វើចំណាកស្រុកដែលក្នុងនោះជនចំណាកស្រុកជាចំណុចកណ្តាល។

កិច្ចព្រមព្រៀង GCM មិនត្រូវចាប់បង្ខំតាមលក្ខណៈច្បាប់ ដោយផ្អែកលើការគោរពអធិបតេយ្យជាតិ ការទទួលខុសត្រូវរួម ការមិនរើសមុខនិងសិទ្ធិមនុស្សជាមូលដ្ឋាន។ ផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ ២០៣០៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត