យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh បានវាយតម្លៃថា ដំណើរទស្សនកិច្ចនៅវៀត ណាមរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev (ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ វិច្ឆិកា) នឹងជួយបង្កើតនូវសន្ទុះថ្មីសម្រាប់ទំនាក់ទំនងវៀតណាម - រុស្ស៊ី ខណៈឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov បានសង្កត់ធ្ងន់លើឆន្ទៈអភិវឌ្ឍន៍ទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាមត្រូវទទួលបានការគាំទ្រយ៉ាងទូលាយនៅក្នុងសង្គមរុស្ស៊ី។
នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev
ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Duc Manh បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev នឹងផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទិសដៅជាក់ស្ដែងនិងវិធានការនានាដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ភាគីទាំងពីរនឹងរួមគ្នាជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគដើម្បីស្របតាមកម្រិតជំនឿទុកចិត្តនយោបាយខ្ពស់បំផុតរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Duc Manh បានលើកឡើងថា៖ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងបរិបទនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងគ្រប់ទិដ្ឋភាពទាំងអស់។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Medvedev មានសារៈសំខាន់ពិសេស ដែលរួមចំណែកបង្កើតកម្លាំងចលករថ្មីមួយដើម្បីពង្រឹងថែមទៀតនូវជំនឿទុកចិត្តនយោបាយ ក៏ដូចជាជម្រុញភាពជាដៃគូយុទ្ធសាស្រ្តដ៏គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់ស៊ីជម្រៅនិងមានប្រសិទ្ធិភាពជាក់ស្តែង៕
(យោងតាម baochinhphu.vn)

មតិពីមិត្តអ្នកអាន