យុគសម័យ - នារសៀលថ្ងៃទី៣ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួប ជាមួយអតីតអនុប្រធានាធិបតីអាមេរិក លោក Al Gore នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះ ការរួមចំណែករាល់សកម្មរបស់លោក Al Gore ក្នុងការកសាងនិងជម្រុញទំនាក់ទំនងវៀតណាម-អាមេរិក ជាពិសេសគឺដំណើរការប្រក្រតីនៃទំនាក់ទំនងទ្វេភាគី (នាឆ្នាំ១៩៩៥)។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងអតីតអនុប្រធានាធិបតីអាមេរិក លោក Al Gore (រូបថតៈ VGP/Quang Hieu)
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាល ចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខ និង មានបំណងជម្រុញកិច្ចសហប្រតិបត្តិការដើម្បីទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍជាក់ស្តែងប្រកបដោយប្រសិទ្ធភាពដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ក្នុងបរិបទដែលវៀតណាម និងអាមេរិកកំពុងមានទំនាក់ទំនងយ៉ាងល្អប្រសើរនោះ នាយករដ្ឋមន្ត្រីវៀតណាម មានបំណង ឲ្យប្រទេសទាំងពីរនឹងជម្រុញទំនាក់ទំនងពាណិ្ជជកម្មនិងវិនិយោគឲ្យកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
(រូបថតៈ VGP/Quang Hieu)
រីឯ លោក Al Gore វិញក៏បានសម្តែងក្តីសប្បាយរីករាយ ដោយបានឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាគួរឲ្យកត់សម្គាល់។ យោងតាមលោក Al Gore នៅអាមេរិកបច្ចុប្បន្ន រោងចក្រថាមពលដើរដោយធ្យូងថ្ម ត្រូវបានបិទទ្វាទាំងអស់ គឺជំនួស រោងចក្រថាមពលដើរដោយខ្យល់និងពន្លឺព្រះអាទិត្យដើម្បីការពារបរិស្ថាន។ ហើយលោកវាយតម្លៃថា វៀតណាមមាន សក្តានុពលអភិវឌ្ឍន៍ថាមពល ដើរដោយខ្យល់និងពន្លឺព្រះអាទិត្យ គឺលោក Al Gore មានបំណងចង់ឲ្យភាគីទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ។
សូមគូសបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមនិងសហរដ្ឋអាមេរិកបានសហការយ៉ាងសកម្មក្នុងវិស័យថាមពលដែលមិនត្រឹមតែនៅថ្នាក់រដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងនៅតាមសហគ្រាសនានាទៀតផង។
(រូបថតៈ VGP/Quang Hieu)
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នាពេលថ្មីៗនេះ អគ្គនាយកក្រុមហ៊ុនឧស្ម័នវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ជាមួយអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍បំពង់បង្ហូរឧស្ម័ន Alaska ដែលមានសក្តានុពលឡើងដល់៥ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំ។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc សង្ឃឹមថា ទោះបីជានៅឋានៈណាក៏ដោយ លោក Al Gore នៅតែបន្តរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាមេរិកជានិច្ច៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)



មតិពីមិត្តអ្នកអាន