យុគសម័យ - នាថ្ងៃទី២៣កក្កដា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Tony Smith ប្រធានរដ្ឋសភាអូស្ត្រាលី មកសម្តែងការគួរសមក្នុងឱកាស បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។
អគ្គលេខា លោក Nguyen Phu Trong អញ្ជើញទទួលជាមួយប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith មកសម្តែងការគួរសម (រូបថតៈ VOV)
ប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith បានសម្តែងក្តីសោមនស្សរីករាយដែលបានមកជួបសម្តែងការគួរសមជាមួយអគ្គលេខា លោក Nguyen Phu Trong និងសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៃទំនាក់ទំនងទ្វេភាគីវៀតណាម-អូស្ត្រាលីនាពេលកន្លងទៅ ជាពិសេសគឺការដែលប្រទេសទាំងពីរបានឯកភាពលើកកម្ពស់ទំនាក់ទំនងឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។
ប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith បានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាអូស្ត្រាលីនិងរដ្ឋសភាវៀតណាម ក៏ដូចជាការជួបប្រាស្រ័យប្រជាជនជាសក្ខីភាពអំពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោក Tony Smith បានសម្តែងគោលបំណងថា ដំណើទស្សនកិច្ចរបស់លោកមកវៀតណាមលើកនេះក៏ដូចជាដំណើរទស្សនកិច្ចជាន់ខ្ពស់នានារបស់ភាគីអូស្ត្រាលីខាងមុខ នឹងរួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអូស្ត្រាលី-វៀតណាមនាពេលខាងមុខ។
ក្នុងជំនួបនេះ អគ្គលេខាលោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ជាពិសេស ក្នុងបរិបទដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។
អគ្គលេខាលោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះការដែលរដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ភាគីអូស្ត្រាលីចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ានក៏ដូចជាគោលជំហមុនក៏ដូចជាក្រោយរបស់អូស្ត្រាលីលើបញ្ហាសមុទ្រខាងកើត។ អគ្គលេខា លោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជានៅសមុទ្រខាងកើត៕
(សរុបព័ត៌មាន ដោយ ថាញ់ កុង)

មតិពីមិត្តអ្នកអាន