មានចម្ងាយប្រមាណ៣០គ.មប៉ែកខាងត្បូងពីទីក្រុងហាណូយ ភូមិ ទឺវ៉ិន (Tu Van) ឃុំ Le Loi ស្រុក Thuong Tin មិនត្រឹមតែល្បីឈ្មោះដោយមុខរបរ ប៉ាក់ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងដោយរបរដេរទង់ជាតិ ទៀតផង។ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅនៅទីលាន បាឌីញពោរពេញទៅដោយទង់ជាតិ ជាកន្លែងដែលលោកប្រធាន ហូជីមិញអញ្ជើញអានសេចក្ដីថ្លែងការណ៍ឯករាជ្យនោះ មានទង់ជាតិរាប់ហ្មឺន ដែលត្រូវបានធ្វើដោយអ្នកភូមិ ទឺវ៉ិន។
មូលដ្ឋានធ្វើទង់ជាតិមួយនៅភូមិ ទឺវ៉ិន (រូបថត៖ VOV)
តាមជនចាស់ជរាក្នុងភូមិឲ្យដឹងថា ចាប់តាំងពីសតវត្សទី១៦ ភូមិ ទឺវ៉ិន បានល្បីឈ្មោះនៅក្នុងនិងក្រៅប្រទេសដោយផលិតផលប៉ាក់និងត្បាញជាប្រពៃណីហើយ។ នាគ្រានោះ អ្នកភូមិ ទឺវ៉ិន ជាច្រើននាក់ បានទៅកាន់ទីក្រុងហាណូយ បើកហាងលក់ផលិតផលប៉ាក់ប្រពៃណី។ ដោយហេតុនេះ ដើម្បីត្រៀមរៀបចំឲ្យថ្ងៃក្រោកឈរឡើងជាទូទៅនាខែសីហាឆ្នាំ១៩៤៥ គណៈកម្មការតស៊ូបានអញ្ជើញជាងដេរនិងសិប្បករនានានៃភូមិ ទឺវ៉ិន មកធ្វើទង់ជាតិនៅក្នុងសហករណ៍ទង់ក្រហមនៅលើវិថី ហាងប៊ុង រដ្ឋធានីហាណូយ។ នោះគឺជាពេលវេលាប្រវត្តិសាស្ត្រ ហើយក៏ជារបត់សំខាន់មួយនៃរបរកាត់ដេរទង់នៅភូមិ ទឺវ៉ិន ផងដែរ។
លោក Nguyen Van Phuc ម្ចាស់ហាងកាត់ដេរមួយនៅភូមិ Tu Van បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះនៅក្នុងភូមិមានគ្រួសារចំនួន១០គ្រួសារដែលប្រកបមុខរបរកាត់ដេរទង់ជាតិ។ ដេរទង់ជាតិដើម្បីបម្រើការបើកឆ្នាំសិក្សាថ្មី ក្នុងទិវាបុណ្យេឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឬគាំទ្រក្រុមបាល់ទាត់វៀតណាម។ មុននោះ ត្រូវដេរ ដោយដៃបានជាត្រូវចំណាយពេលវេលានឹងកម្លាំងពលកម្មជាច្រើនណាស់ ហេតុនេះហើយមានឆ្នាំខ្លះគឺធ្វើមិនគ្រប់ការបញ្ជាទិញឡើយ។ ប៉ុន្តែនាបច្ចុប្បន្ន យើងខ្ញុំប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិទំនើបៗ បានជាមានភាពត្រឹមត្រូវនិងផលិតភាពខ្ពស់ណាស់”។
ទង់ជាតិបង្កប់នូវស្មារតីពិសិដ្ឋរបស់ប្រជាជាតិទាំងមូល ហេតុនេះហើយការដេរទង់ជាតិ ទោះបីមិនទាមទារបច្ចេកទេសខ្ពស់ទេ ប៉ុន្តែត្រូវដេរយ៉ាងហ្មត់ចត់និងប៉ិនប្រសព។ របរដេរទង់ជាតិមានការពិបាកច្រើនជាងរបរប៉ាក់និងកាត់ដេរផ្សេងៗចាប់ពីការជ្រើសរើសក្រណាត់ ប៉ាក់ បោះពុម្ភ និងលាយពណ៌ជាដើម។ ត្រូវធ្វើយ៉ាងម៉េចដើម្បីទង់មានទំហំដ៏ត្រឹមត្រូវ ពណ៌ស្រស់ស្អាត និងមានភាពជាប់ដ៏យូរអង្វែងទៀតផង។ កញ្ញា Nguyen Thi Thao ជាងដេរទង់ជាតិមួយរូបនៅភូមិ ទឺវ៉ិន បានរៀបរាប់ថា៖ “ដើម្បីធ្វើទង់ជាតិជំហានដំបូងគឺត្រូវជ្រើសរើសក្រណាត់ស្អាត កាត់ជារាងទង់រួចទើបយកដេរ។ ត្រូវវាស់ឲ្យបានត្រឹមត្រូវ គូសវាស ហើយយកផ្កាយមាសដាក់នៅកណ្ដាល។ នាងខ្ញុំធ្វើទង់ជាតិបានពី ២០០ដល់៣០០ផ្ទាំងក្នុងមួយថ្ងៃ”។
ការអភិរក្សនិងអភិវឌ្ឍមុខរបរដេរទង់ជាតិមិនត្រឹមតែនាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារនានានៅភូមិ ទឺវ៉ិន ប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវសេចក្ដីស្នេហាជាតិនិងមោទនភាពជាតិទៀតផង។ នៅក្នុងព្រឹត្តិការណ៍ដ៏មហិមារឬពិធីបុណ្យធំៗរបស់ប្រទេសជាតិ សុទ្ធតែមានវត្តមានរបស់ទង់ជាតិមកពីភូមិ ទឺវ៉ិន ដែរ។ លោក Nguyen Van Phuc ម្ចាស់មូលដ្ឋានដេរមួយកន្លែងនៅភូមិ ទឺវ៉ិន បានឲ្យដឹងថា៖“គ្រួសារខ្ញុំតែងតែទទួលបានការបញ្ជាទិញពីស្ថាប័នរដ្ឋ។ ខ្ញុំបានធ្វើទង់ជាតិមានទំហំ៥៤ម៉ែត្រក្រឡាដែលត្រូវបានព្យួនៅលើដង ទង់ Lung Cu ខេត្ត Ha Giang។ ទង់ជាតិមានទំហំ៥៤ម៉ែត្រក្រឡាគឺតំណាងឲ្យជនជាតិទាំង៥៤នៃប្រទេសវៀតណាម ដូច្នេះហើយត្រូវធ្វើឲ្យបានស្អាតនិងមានភាពជាប់ដ៏យូរអង្វែង។ ខ្ញុំក៏ជាសមាជិកសមាគមន៍ភូមិរបរដេរនៃភូមិផងដែរ។ សមាគមន៍ភូមិរបរនេះត្រូវបានបង្កើតឡើងដើម្បីសមាជិកទាំងអស់ជួបប្រាស្រ័យ ផ្លាស់ប្ដូរបច្ចេកទេសជាមួយគ្នា។ យើងខ្ញុំមានមោទនភាពថា ធ្វើទង់ជាតិស្អាតមិនចាញ់ប្រទេសផ្សេងៗ”។
ក្នុងចំណោមទង់ជាតិក្រហមផ្កាយមាសដែលកំពុងបក់រវិចៗក្នុងខ្យល់នៅគ្រប់កន្លែងក្នុងទូទាំងប្រទេសដើម្បីអះអាងនូវឯករាជ្យនិងអធិបតេយ្យភាពរបស់វៀតណាមនោះ មានទង់ជាច្រើនមកពីភូមិ ទឺវ៉ិន។ ឆ្លងកាត់ពេលវេលា សេចក្ដីស្នេហាជាតិនៅតែបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈផលិតផលនីមួយៗរបស់អ្នកភូមិ ទឺវ៉ិន៕
(ប្រភពព័ត៌មាន: VOV5)


មតិពីមិត្តអ្នកអាន