ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធសាធារណៈរដ្ឋប្រជាធិបតេយ្យអេត្យូពី នាព្រឹកថ្ងៃទី២៤ ខែសីហា នៅរដ្ឋធានី Addis Ababa ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបចរចាជាមួយប្រធានព្រឹទ្ធសភាអេត្យូពីលោកស្រី Keira Ibrahim។
ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ
លោក Tran Dai Quang បានអះអាងថា វៀតណាមយកចិត្តទុកដាក់ដល់ការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអេត្យូពី ហើយស្នើឲ្យព្រឹទ្ធសភានិងរដ្ឋាភិបាលអេត្យូពីបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសវៀត ណាមទៅស្វែងរកឱកាសវិនិយោគនៅអេត្យូពីលើវិស័យនានាដែលវៀតណាមមានឧត្តមភាពនិងបទពិសោធន៍ដូចជាកសិកម្ម ពាណិជ្ជ កម្មទូរគមនាគមន៍ អាកាសចរណ៍ជាដើម។ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កភាពងាយស្រួលសម្រាប់សហគ្រាសអេត្យូពីមកធ្វើអាជីវកម្មនិងបណ្ដាក់ទុននៅវៀតណាមដែរ។
រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាអេត្យូពីលោកស្រី Keira Ibrahim មានគោលបំណងថា វៀតណាមនឹងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសគឺក្នុងវិស័យដែលវៀតណាមមានបទពិសោធន៍និងសមត្ថភាពខ្ពស់ដូចជាកសិកម្មនិងការចិញ្ចឹមជលផល។ លោកស្រីរូបនេះអះអាងថា ដោយទីតាំងជារដ្ឋធានីនៃទ្វីបអាហ្វ្រិក ជាច្រកទ្វារនៃតំបន់ស្នែងអាហ្វ្រិកនោះ អេត្យូពីត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់រវាងសហគ្រាសវៀតណាមជាមួយទីផ្សារអាហ្វ្រិក ហើយស្នើឲ្យវៀតណាមបើកស្ថានទូតប្រចាំ Addis Ababa ឡើងវិញ ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយសម្ព័ន្ធភាពទ្វីបអាហ្វ្រិកផងដែរ។
ក្នុងឱកាសនេះ ប្រធានរដ្ឋលោក Tran Dai Quang បានបញ្ជូនសេចក្ដីអញ្ជើញ របស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដែលអញ្ជើញប្រធានព្រឹទ្ធសភាអេត្យូពីលោកស្រី Keira Ibrahim មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ហើយលោកស្រី Keira Ibrahim បានទទួលសេចក្ដីអញ្ជើញនេះ៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន