ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមគំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ និងស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា បានរៀបចំកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា
កម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសដល់តំណាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ពិភាក្សា អំពីសារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងកាលានុវត្តភាព និងបញ្ហាប្រឈមនៃការលើកកម្ពស់បច្ចេក វិទ្យាហិរញ្ញវត្ថុ។
កម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាវេទិកាមួយ ដែលអនុញ្ញាតឲ្យភាគីពាក់ព័ន្ធទាំងអស់ ចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានក្នុងស្ថាប័ន និងប្រទេសខ្លួន ដែលរួមចំណែកបង្កើនចំណេះដឹង និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកស្រី នាវ ច័ន្ទថាណា បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗ ដែលធនាគារជាតិនៃកម្ពុជា សម្រេចបានបន្ទាប់ពីវេទិកា បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូង ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១៧ និងសារសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកំពុងត្រូវបានប្រើប្រាស់ ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុ កាន់តែប្រសើរឡើងនាពេលបច្ចុប្បន្ន។
លោកស្រីបានសង្កត់ធ្ងន់ពីតួនាទីសំខាន់ ដែលនវានុវត្តន៍បានចូលរួមលើកកម្ពស់ប្រសិទ្ធភាព ក្នុងប្រព័ន្ធទូទាត់ និងការរក្សាឱ្យបានតុល្យភាពរវាងនវានុវត្តន៍ និងស្ថិរភាព ដែលធនាគារជាតិនៃកម្ពុជា និយ័តករត្រូវបំពេញ ដើម្បីការពារផលប្រយោជន៍អតិថិជន និងរក្សាទំនុកចិត្តសាធារណជន លើវិស័យហិរញ្ញវត្ថុ។
លោកស្រីទេសាភិបាលរងបានបន្ថែមថា ព័ត៌មាន និងចំណេះដឹងដែលទទួលបានពីកម្មវិធីនេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់អ្នករៀបចំគោលនយោបាយ និងអាជ្ញាធរ ក្នុងការសែ្វងយល់កាន់តែច្បាស់ អំពីស្ថានភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសកលលោក និងក្នុងប្រទេសកម្ពុជា និងរៀបចំគោលនយោបាយ ព្រមទាំងបទប្បញ្ញត្តិកាន់តែប្រសើរ ក្នុងការគាំទ្រដល់ការរីកចម្រើននៃ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
សូមជម្រាបថា ក្នុងនោះប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សា ក្នុងកម្មវិធីរួមមាន៖ បច្ចុប្បនភាពនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ, បទពិសោធក្នុងការរៀបចំគោលនយោបាយគាំទ្រ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងផ្នែកផ្សេងៗនៃវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរួមមាន៖ បច្ចេកវិទ្យា Blockchain, បច្ចេកវិទ្យា Artificial Intelligence និងបច្ចេកវិទ្យា Cloude ជាដើម៕
(ប្រភព៖ Fresh News)
