នាពេលថ្មីៗនេះ ប្រទេសស៊ុយអែតតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអែត (SIDA) បានផ្តល់ទឹកប្រាក់ជិត ៣ លានដុល្លារដល់អង្គការតម្លាភាពកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំ (២០២០ - ២០២២)។
ពិធីចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយរបស់ស៊ុយអែតកាលពីថ្មីៗនេះ។
ប្រទេសស៊ុយអែតតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអែត (SIDA) បានផ្តល់ទឹកប្រាក់ជិត ៣ លានដុល្លារដល់អង្គការតម្លាភាពកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំដែលកិច្ចព្រមព្រៀងថ្មីនេះរំពឹងថានឹងគាំទ្រដល់ការងារពង្រឹងតម្លាភាព និងគណនេយ្យភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
កាលពីរសៀលថ្ងៃអង្គារ អង្គការតម្លាភាពកម្ពុជា និង (SIDA) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលមានទំហំទឹកប្រាក់ចំនួន ២៥,៥ លានសេក ឬ (ប្រមាណជា ២,៧ លានដុល្លារអាមេរិក) ក្នុងរយៈពេល ៣ ឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២។
ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាបានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រនេះមានកម្មវិធីស្នូលចំនួន ៥ ដូចជា ១- កម្មវិធីការចូលរួមក្នុងវិស័យសាធារណៈ និងកសាងភាពជាដៃគូ ២- កម្មវិធីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ និងយុវជន ៣- កម្មវិធីសុចរិតភាពធុរកិច្ច ៤- កម្មវិធីពង្រឹងអភិបាលកិច្ចផ្ទៃ ក្នុង និងអភិវឌ្ឍន៍សមត្ថភាព និង ៥- កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍស្ថាប័ន។
លោក Megnus Saemundsson ប្រធានស្តីទីផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស្ថានទុតស៊ុយអែត បានលើកឡើងថា ថវិកាដែលផ្តល់ឲ្យអង្គការតម្លាភាព នឹងជួយសម្រួលដល់ការប្រយុទ្ធប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធភាព ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិយាកាសអាជីវកម្មជាដើម។ជាពិសេសពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងអភិវឌ្ឍន៍សមត្ថភាព រួមទាំងការស្រាវជ្រាវ និងអភិវឌ្ឍស្ថាប័នក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់២០២២។
តំណាងស្ថានទុតស៊ុយអែតរូបនេះ បានបញ្ជាក់ដូច្នេះថា ៖«យើងជឿថា កម្មវិធីជាដៃគូដើម្បីគណនេយ្យភាព និងតម្លាភាព រួមជាមួយនឹងស្ថាប័នដៃគូកម្ពុជា ជំនាញរបស់អាជ្ញាធរស៊ុយអែត នឹងរួមចំណែកជាវិជ្ជមានលើទិដ្ឋភាពជាច្រើននៅកម្ពុជា។ កម្មវិធីនេះមានគោលដៅស្របគ្នានឹងការងារអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ថាប្រាប់អ្នកសារព័ត៌មានថ្មីៗថា ថវិកាទាំងនេះ គឺលោកនឹងយកទៅអភិវឌ្ឍកម្មវិធីគាំទ្រផ្នែកកំណែទម្រង់ជាមួយនឹងរាជរដ្ឋាភិបាល ,អង្គការសង្គមស៊ីវិល ,សារព័ត៌មាន និងស្ថាប័នឯកជន ដើម្បីជំរុញ និងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងសុចរិតភាពធុរកិច្ច ពិសេសសេវាកម្មសាធារណៈ និងគុណភាពនៃការគ្រប់គ្រងផ្នែកហរិញ្ញវត្ថុ ព្រមទាំងការកំណែទម្រង់ព័ន្ធដារនៅកម្ពុជា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានប្រាប់ដូច្នេះថា៖«យើងសង្ឃឹមថា នឹងបន្តធ្វើឲ្យមានការវិវត្តមួយកម្រិតទៀត យ៉ាងហោចឲ្យមានការចូលរួមកាន់តែច្រើនទៀតតាមរយៈកម្មវិធីដែលយើងធ្វើជាមួយនឹងប្រជាពលរដ្ឋ យុវជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យមានស្មារតីចូលរួម និងធ្វើការរួមគ្នាប្រឆាំងអំពើពុករលួយ ហើយនឹងមានចំណែកបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ដើម្បីកែលំអសង្គម»។
លោក ព្រាប កុល បានសង្កត់ធ្ងន់ថា ដើម្បីឲ្យការងារផ្នែកប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព គឺត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ យុវជន និងស្ថាប័នពាក់ព័ន្ធ។
ក្រៅពីទទួលបានជំនួយជិត៣លានដុល្លារពីស៊ុយអែតនេះ អង្គការតម្លាភាពក៏ទទួលជំនួយបន្ថែមពីរដ្ឋាភិបាលអាមេរិក រដ្ឋាភិបាលស្វីស និងសហភាពអឺរ៉ុបផងដែរ ដោយគិតជាទឹកប្រាក់សរុបជិត៦លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការងារអភិវឌ្ឍយុវជន និងពលរដ្ឋកម្ពុជា៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន