យុគសម័យ - ប្រទេសកម្ពុជាកាលពីថ្ងៃទី ១៥ ខែធ្នូ បានចាប់ផ្តើមរៀបចំពិធីបុណ្យសមុទ្រលើកទី ៧ នៅខេត្តកោះកុង ដើម្បីផ្សព្វផ្សាយនូវរូបភាពនៃទេសចរណ៍សមុទ្ររបស់កម្ពុជាទៅកាន់អ្នកទេសចរនៅក្នុងស្រុកនិងក្រៅប្រទេស។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុពិធីបើកពិធីបុណ្យ (រូបថតៈ FRESH NEWS)
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុពិធីបើកពិធីបុណ្យនេះ។ ពិធីបុណ្យក៏មានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូត, មន្រ្តីរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។ ពិធីបុណ្យសមុទ្រលើកទី៧ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
ទិដ្ឋភាពនៃពិធី (រូបថតៈ FRESH NEWS)
ជាកិច្ចចាប់ផ្ដើមនៃពិធីបើកបុណ្យសមុទ្រ ក៏មានការបង្ហាញការដើរព្យុះហយាត្រា ដែលបង្ហាញពីសមិទ្ធផលតាមខេត្តជាប់នឹងមាត់សមុទ្រ និងបង្ហាញពីសកម្មភាពផ្សេងៗនៃការអភិវឌ្ឍសង្គម ព្រមទាំងមានការបង្ហាញជូនផងដែរពីទម្រង់សិល្បៈតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ដូចជា ថៃ វៀតណាម ឥណ្ឌា និងឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុនសែន អញ្ជើញថ្លែងសន្ទរកថាក្នុងពិធី (រូបថតៈ FRESH NEWS)
អញ្ជើញថ្លែងសន្ទរកថាក្នុងពិធី សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ព្រឹត្តិការណ៍បុណ្យសមុទ្រនេះ បានក្លាយជាយន្តការណ៍ជាក់លាក់មួយរបស់ប្រទេសកម្ពុជាមួយក្នុងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកប ដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ។
(រូបថតៈ FRESH NEWS)
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ដល់អ្នកដែលបានចូលរួមទាំងអស់ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិទាំង ហើយសម្តេចតេជោ បានស្វាគមន៍ដល់ថ្នាក់ដឹកនាំដែលមកពីបណ្តាខេត្តក្រុងក៏ដូចជាបណ្តាប្រទេសមួយចំនួនដូចជាប្រទេសថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា ព្រមទាំងអរគុណសិល្បករ និងសិល្បការិនីទាំងអស់ដែលបានចូលរួមសម្តែងនៅក្នុងពិធីដ៏អធិកអធមនៅយប់នេះ។
ការសម្តែងសិល្បៈក្នុងពិធី (រូបថតៈ FRESH NEWS)
ក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្តេជ្ញាការពារមិនឱ្យធ្វើអាជីវកម្មរ៉ែទីតាញ៉ូម (Titanium) ទេ ព្រោះវានឹងបំផ្លាញព្រៃឈើអស់ជាង២ម៉ឺនហិកតា ហើយនៅពេលកាយយករ៉ែ នោះវានឹងបំផ្លាញបរិស្ថាន ធ្វើឱ្យទឹកសមុទ្រប្រែពណ៌តាមរយៈការបង្ហូរដីក្រហមចូលទៅក្នុងសមុទ្រដែលនាំឱ្យបាត់បង់សម្រស់ធម្មជាតិ ទឹកសមុទ្រព័ណ៍ខៀវស្រងាត់នឹងក្លាយទៅជាពណ៌ក្រហម ដូច្នេះ គោលនយោបាយរបស់ សម្តេចតេជោ គឺថែរក្សាការពារបរិស្ថានឱ្យនៅគង់វង្សល្អ។
(រូបថតៈ FRESH NEWS)
ដើម្បីអភិវឌ្ឍតំបន់ឆ្នេរនេះអោយកាន់តែមាននិរន្តភាពនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍ចំនួន៨ចំនុច៖ ដែលក្នុងនោះបានបញ្ជាក់ថា៖ ត្រូវធានាអោយមានវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ស្ថិរភាពនយោបាយ គឺត្រូវខិតខំរក្សាសន្តិសុខ ស្ថានភាពនយោបាយ កុំឲ្យមានការវាយប្រហារដោយភេរវកម្ម ដែលនេះគឺជាចំនុចដែលប្រជាពលរដ្ឋត្រូវការ ដើម្បីភាពរីកចម្រើនរបស់កម្ពុជានាពេលខាងមុខ; រក្សាឲ្យបាននូវសមុទ្របៃតង អោយនៅតែជាជាតារារះនាទិសនិរតីនៃខេត្តទាំង៤ ដែលជាប់មាត់សមុទ្រដែលស្ថិតនៅក្នុងចំណោមឆ្នេរដ៏ស្អាតបំផុតលើសាកលលោក និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍អេកូទេសចរណ៍ដូចជានៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរជាដើម។ ថែរក្សាព្រៃឈើ ថែរក្សាឆ្នេរសមុទ្រ ជាពិសេសនៅខេត្តព្រះសីហនុ សូមអោយរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងដែនដីចាត់វិធានការជាក់លាក់មិនអោយមានកាចាក់ដីលុបឆ្នេរដោយគ្មានការអនុញាត្តិ និងបង្ហូរទឹកចូលទឹកសមុទ្រជាដាច់ខាត។ ដើម្បីធានាធ្វើយ៉ាងណាឲ្យសមុទ្ររបស់យើងនៅតែជាសមុទ្របៃតងជារៀងរហូត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កន្លងមកមានមតិមួយចំនួននិយាយថាការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់សមុទ្រជាការរៀបចំមូលដ្ឋានកងទ័ព។ ត្រង់ចំនុចនេះ សម្តេចតេជោ បានបដិសេធ ហើយសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគឺមិនអនុញ្ញាតអោយមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីប្រទេសកម្ពុជានោះទេ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)





