យុគសម័យ - បច្ចុប្បន្នកម្ពុជាគឺស្ថិតក្នុងពេលវេលានៃការឃោសនាការបោះឆ្នោតសភា (គិតចាប់ពីថ្ងៃទី ៧ខែកក្កដាដល់ថ្ងៃទី ២៧ ខែកក្កដា) ចំណែកថ្ងៃទី ២៨ ខែកក្កដាគឺជាថ្ងៃ "ស" ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃបោះឆ្នោត ២៩ / ៧ ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) កំពុងស្ថិតក្នុងសភាពប្រញាប់ប្រញាលដើម្បីបញ្ចប់ការងារចុងក្រោយជាស្ថាពរ សម្រាប់ការបោះឆ្នោតមួយដែលអាចទទួលបានទំនុកចិត្តខ្ពស់ពីសាធារណជន។
អ្នកសង្កេតការណ៍ជិត ៨០.០០០ នាក់នឹងត្រួតពិនិត្យការបោះឆ្នោតនៅកម្ពុជា
យោងតាម គជប សន្លឹកឆ្នោតជាង ១០លានសន្លឹក ត្រូវបានយល់ស្របពីគណបក្សទាំងអស់ សម្រាប់ការបោះពុម្ភហើយនឹងបញ្ជូនទៅកាន់ការិយាល័យបោះឆ្នោត ៣៦ ម៉ោងមុនថ្ងៃបោះឆ្នោត។ មានអ្នកសារព័ត៌មានចំនួន ៩០៩ នាក់មកពីអង្គការសារព័ត៌មាននានា ក្នុងនិងក្រៅប្រទេសកម្ពុជា មកសង្កេតនិងធ្វើជូនព័ត៌មាន។ មានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ចំនួន 0៨ ដែលគណបក្សចូលរួមការបោះឆ្នោត ជួលឃោសនាផ្សព្វផ្សាយ ។ គិតត្រឹមថ្ងៃទី ១៧ ខែកក្កដាគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអនុម័ត ឱ្យមានអ្នកត្រួតពិនិត្យចំនួន ៧៩,៧៨១ នាក់ (៥១,៥៦៥ នាក់ពេញសិទ្ធិ និងមន្ត្រីបម្រុងទុក ២៨,២៧៥ នាក់) របស់គណបក្ស ដែលជាប់ពាក់ព័ន្ធក្នុងការត្រួតពិនិត្យការបោះឆ្នោត។។
ក្នុងពេលជាមួយគ្នានេះដែរ គជប ក៏បានទទួលយកអ្នកសង្កេតការណ៍ចំនួន ៦៥,៧៤៤ នាក់នៅទូទាំងប្រទេស និងអន្តរជាតិ (ចំនួនអ្នកសង្កេតការណ៍បានកើនឡើងបើធៀបទៅនឹងឆ្នាំ ២០០៣) ។ បច្ចុប្បន្ននេះកម្ពុជា កំពុងបន្តធ្វើការពិនិត្យ និងទទួលពាក្យសុំអង្កេត ការបោះឆ្នោតពីអន្ដរជាតិ រហូតដល់ថ្ងៃទី ២៥ ខែកក្កដា ហើយ កំពុងស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជូនគណៈប្រតិភូម្នាក់ដើម្បីត្រួតពិនិត្យការបោះឆ្នោតទៀតផង។ ក្រសួងមហាផ្ទៃ និង គជប បានចេញសេចក្តីណែនាំទូទៅ ស្តីពីការសម្របសម្រួល រវាងភ្នាក់ងាររដ្ឋបាលមូលដ្ឋាន និង គជប។ ក្រសួងមហាផ្ទៃ ក៏ចេញសេចក្តីណែនាំអំពីការប្រើប្រាស់ មធ្យោបាយ សម្ភារៈ សកម្មភាពរបស់មន្រ្តីស៊ីវិល ភ្នាក់ងារគ្រប់គ្រងដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីនគរបាល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) បានឲ្យដឹងថាអ្នកសង្កេតការណ៍ ចិន មីយ៉ាន់ម៉ា និង សិង្ហបុរី នឹងធ្វើការតាមដានការបោះឆ្នោតទូទៅ នាថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។
សន្តិសុខក៏ត្រូវបានរឹតបន្តឹងផងដែរ
យោងតាមអ្នកនាំពាក្យ គជប លោក ហង់ ពុទ្ចា ការអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិក្នុងចំនួនដ៏ច្រើន បានបង្ហាញថាការបោះឆ្នោតនេះគឺមានលក្ខណៈ ជាសាធារណៈ និងទូលំទូលាយទាំងស្រុង ហើយទទួលបានទំនុកចិត្តពីសាធារណជនថែមទៀត។ គជប កំពុងពិចារណាលើការផ្តល់អាជ្ញាប័ណ្ណដល់អ្នកសង្កេតការណ៍បរទេសចំនួន ៨00 នាក់ មកពីអង្គការក្រៅរដ្ឋាភិបាល។
និយាយដោយឡែក អ្នកជំនាញការបោះឆ្នោត លោក យឿង សុធារ៉ា បានកត់សម្គាល់ថាការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្នុងការបោះឆ្នោត មានសារសំខាន់ខាងនយោបាយ ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅស្របច្បាប់និងសុចរិតនៅក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។
ប្រទេសកម្ពុជានឹងកៀងគរកងកម្លាំងសន្ដិសុខចំនួន ៨០.០០០ នាក់រួមទាំងអ្នកស្ម័គ្រចិត្ត ដើម្បីធានាសន្តិសុខជូន ការបោះឆ្នោតទូទៅនៅ ខែកក្កដាឆ្នាំ ២០១៨។
ក្នុងចំនួនទាំងនេះ មានកងកម្លាំងចំនួន ២០,០០០នាក់ ជា "កងកម្លាំងស៊ីវិល" ដែលត្រូវបានជ្រើសរើសដោយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះគឺជាចំនួនដ៏ច្រើនបំផុតនៃកងកម្លាំងការពារសន្តិសុខ ក្នុងអំឡុងពេលបោះឆ្នោតនៅ ប្រទេសកម្ពុជាគិតចាប់ពីមុនរហូតមកដល់បច្ចុប្បន្ន។ កាលពីឆ្នាំ ២០១៣ កម្ពុជាបានប្រើប្រាស់កងកម្លាំង ចំនួន ៧០.០០០ នាក់។
មុននេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ បានមានប្រសាសន៍ថា ទីភ្នាក់ងារបានរៀបចំ គ្រប់វិធីសាស្រ្តទាំងអស់ ដើម្បីដោះស្រាយហានិភ័យ នៃស្ថានភាពរំខានណាមួយ។
ការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ គ្រោងធ្វើនៅថ្ងៃទី ២៩ ខែកក្កដា ម្ចាស់សន្លឹកឆ្នោតកម្ពុជានឹងទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន ១២៥ នាក់។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសទទួលស្គាល់គណបក្សនយោបាយជាផ្លូវការចំនួន ២០ ដោយមានអ្នកបោះឆ្នោតប្រមាណ ៨, ៣៨លាននាក់។ យុទ្ធនាការនេះនឹងប្រព្រឹត្តទៅរយៈពេល ២០ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែកក្កដា៕
(ប្រែសម្រូលដោយស្រីពេជ្រ)

