សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ផ្ដល់ព័ត៌មានជាក់លាក់ ដើម្បីផ្ដាច់ឬសគល់នៃការឆ្លងចូលសហគមន៍ ដោយសម្ដេចបានបញ្ជាក់ថា បញ្ហាពេលនេះ គឺត្រូវស្វះស្វែងរកឱ្យខាងតែបាននូវសិទ្ធិរស់រានមានជីវិត មិនមែនជាសិទ្ធិដែលត្រូវលាក់លៀម ជាមួយនឹងអ្វីដែលទាក់ទិនទៅនឹងសុខភាពសាធារណៈ របស់សង្គមទាំងមូលនោះទេ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងសារជាសម្លេងដែលបានផ្សព្វផ្សាយនាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា៖ « ខ្ញុំបានយល់ព្រមទៅលើសំណើរបស់អន្តរក្រសួង ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលក្នុងនោះមាន ទីមួយ ទៅលើបញ្ហាការបង្ហាញអត្តសញ្ញាណអ្នកមានកូវីដ-១៩ ដែលបញ្ហានេះគឺវាចាំបាច់ណាស់ នៅពេលនេះដែលយើងត្រូវធ្វើ។ ព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា មកដល់ពេលនេះពុំទាន់មានពន្លឺថា វាឆ្លងមកពីប្រភពណានៅឡើយទេ ហើយវាចាប់ផ្ដើមឆ្លងពីអ្នកណា។ ពិតមែនតែក្រុមអ្នកបច្ចេកទេស បានធ្វើការបកស្រាយច្បាស់លាស់ថាមិនមានទាក់ទងទៅនឹងករណីព្រឹត្តិការណ៍៣វិច្ឆិកានោះទេ ប៉ុន្តែភាពងងឹតរបស់យើងនៅតែបន្ត ចំពោះការឆ្លងពីប្រភពណា និងឆ្លងអ្នកណាមុន អ្នកណាក្រោយ នៅមិនទាន់បានច្បាស់។ ដូច្នេះហើយមានការចាំបាច់ ដើម្បីធ្វើការផ្សព្វផ្សាយរូបថត ក៏ដូចជាឈ្មោះ ទីលំនៅ អាស័យដ្ឋាន ជារួមអត្តសញ្ញាណអ្នកដែលបានកើតកូវីដ១៩នេះ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើង បានស្គាល់ឈ្មោះ ហើយប្រសិនបើមានទំនាក់ទំនងជាមួយនឹងឈ្មោះនោះ គឺមកបង្ហាញខ្លួនភ្លាមៗ ដើម្បីនឹងយកសំណាក និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា បើមិនដូច្នោះទេ សភាពការណ៍វានឹងពិបាកស្រោចស្រង់ »។
សម្ដេចតេជោបន្តថា ថ្ងៃនេះ យើងបានរកឃើញចំនួន ៦នាក់ផ្សេងទៀត ដែលសុទ្ធតែឆ្លងក្នុងចង្កោមនៃអ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងក្រុមគ្រួសារ និងអ្នកដែលមានទំនាក់ទំនងជាមួយនឹងលោក ឆែម សាវុធ និងក្រុមគ្រួសារ ដូច្នេះហើយដើម្បីចៀសវាងការបែកខ្នែង និងរីកសាយភាយ ជម្រើសដែលលឿនជាងគេ គឺនៅពេលដែលអ្នកណាមានកូវីដ ទាក់ទិនជាមួយបញ្ហានេះ គឺត្រូវផ្សព្វផ្សាយជាព័ត៌មានជាអត្តសញ្ញាណ ហើយអាចនឹងមានមនុស្សមួយចំនួនចោទឡើងពីបញ្ហាសិទ្ធិបុគ្គល។ សម្ដេចតេជោបន្ថែម ៖ « ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកា ក៏យើងបានផ្សព្វផ្សាយអំពីអ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩ និងអ្នកដែលត្រូវធ្វើចត្តាឡីស័ក រាប់ទាំងខ្លួនខ្ញុំ និងភរិយាផងដែរ។
ដូច្នេះពេលនេះយើងក៏បានផ្សព្វផ្សាយរួចមកហើយ ជាមួយអ្នកដែលត្រូវធ្វើចត្តាឡីស័ក រាប់ទាំងប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្រុមគ្រួសាររបស់គាត់ និងសមាជិកសភាដទៃទៀត ឧបនាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីមួយចំនួនផ្សេងទៀត ក៏បាននិងកំពុងធ្វើចត្តាឡីស័ក។ ឯចំពោះអ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩ បើទោះបីជាយើងមិនផ្សាយ ក៏សារព័ត៌មាននានាបានផ្សាយរួចទៅហើយ។
ដូច្នេះយកល្អក្រសួងសុខាភិបាលជាអ្នកផ្សាយផ្ទាល់ ដើម្បីឱ្យសារព័ត៌មានដែលមានការទទួលខុសត្រូវខាងវិជ្ជាជីវៈ មានការផ្សព្វផ្សាយ ហើយងាយស្រួលទៅដល់បងប្អូនដទៃទៀតសម្រាប់ធ្វើការផ្ទៀងផ្ទាត់ ហើយក្នុងករណីដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកដែលបានឆ្លងកូវីដ១៩ ទាំងអ្នកចាស់ និងថ្មី គឺចាំបាច់ត្រូវតែមកបង្ហាញខ្លួនដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ដើម្បីចៀសវាងនូវការឈឺចំពោះផ្ទាល់ខ្លួន ចំពោះក្រុមគ្រួសារ និងចម្លងទៅមិត្តភក្ដិ។ សម្ដេចតេជោគូសបញ្ជាក់ថា បញ្ហាពេលនេះគឺត្រូវស្វះស្វែងរកឱ្យខាងតែបាននូវសិទ្ធិរស់រានមានជីវិត មិនមែនជាសិទ្ធិដែលត្រូវលាក់លៀម ជាមួយនឹងអ្វីដែលទាក់ទិនទៅនឹងសុខភាពសាធារណៈរបស់សង្គមទាំងមូលនោះទេ។ ដូច្នេះនេះគឺជាការបកស្រាយ ដ៏សមហេតុសមផលមួយដែលសង្ឃឹមថាប្រជាពលរដ្ឋរបស់យើង ជាពិសេសអ្នកដែលមានវិជ្ជមានកូវីដ១៩ អ្នកដែលត្រូវធ្វើចត្តាឡីស័ក មានការយោគយល់ អាធ្យាស្រ័យទៅលើបញ្ហានេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា បញ្ហាទីពីរ ខ្ញុំក៏ទើបបានសម្រេច អំពីបញ្ហាដែលមុននេះយើងបានធ្វើចត្តាឡីស័កត្រឹមត្រូវសម្រាប់អ្នកដែលមកពីក្រៅប្រទេសចំនួន១៤ថ្ងៃ ប៉ុន្តែក្រោយមកដើម្បីពន្លឿនទៅដល់ការរស់រានមានជីវិតនៅខាងវិស័យសេដ្ឋកិច្ច យើងក៏បានផ្ដល់ឱកាសឱ្យរង់ចាំត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានហើយ គឺអនុញ្ញាតឱ្យពួកគេបានធ្វើដំណើរទៅធ្វើការ ដោយមានការធានាពីក្រុមហ៊ុននានាផងដែរ។ នេះវាពាក់ព័ន្ធនឹងចលនាខាងសេដ្ឋកិច្ចសង្គមរបស់យើង ដែលយើងមានតម្រូវការ។ ក៏ប៉ុន្តែស្ថានភាពបែបនេះ នៅពេលដែលយើងរកពុំទាន់ឃើញក្បាលកន្ទុយ យើងត្រូវផ្អាកជាបណ្ដោះអាសន្ននូវយន្តការពាក់ព័ន្ធ និងការផ្អាកឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយមកនៅសល់ពីរថ្ងៃ សម្រាប់អ្នកបច្ចេកទេស អ្នកធុរកិច្ចដែលមកពិនិត្យរោងចក្រក្នុងរយៈពេលខ្លី។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា៖ « នេះវាជាហានិភ័យមួយខ្ពស់សម្រាប់ប្រទេសរបស់យើង ប្រសិនបើយើងបណ្ដែតបណ្ដោយបន្តទៅទៀត។ ដូច្នេះខ្ញុំបានយល់ព្រមឱ្យបញ្ឈប់ដំណើរការ នៃការធ្វើចត្តាឡីស័កក្នុងរយៈពេលខ្លី ដើម្បីទៅធ្វើធុរកិច្ច ជាអ្នកបច្ចេកទេស ឬឯកទេស ប៉ុន្តែត្រូវទុករយៈពេលប្រាំពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ខែធ្នូ ស្អែកនេះតទៅ ដើម្បីឱ្យបណ្ដាក្រុមហ៊ុនមានពេលគ្រប់គ្រាន់ជូនដំណឹងទៅបុគ្គលិក ទៅអ្នកដែលធ្វើការនៅក្រុមហ៊ុនរបស់ខ្លួនឱ្យមានពេលច្បាស់លាស់ ហើយត្រូវដឹងថា នៅពេលដែលពួកគេមកដល់ ពួកគេត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ នេះគឺជាស្ថានភាពដែលមិនអាចអូសពេលបានតទៅទៀតទេ ដែលយើងត្រូវមានការលះបង់ខាងសេដ្ឋកិច្ចខ្លះ ដើម្បីប្រជាពលរដ្ឋរបស់យើង ព្រោះសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងជាការសំខាន់ជាង »។
សម្តេចតេជោក៏បានសំណូមពរសូមឱ្យមានការយោគយល់ ពីសំណាក់ក្រុមហ៊ុនដែលរកស៊ីនៅកម្ពុជា ឬក្រុមហ៊ុនរបស់កម្ពុជា ដែលត្រូវការអ្នកបច្ចេកទេសពីខាងក្រៅ ហើយត្រូវការរយៈពេលចត្តាឡីស័កក្នុងរយៈពេលខ្លី ហើយចេញដំណើរ។ ស្ថានភាពបែបនេះ នឹងនាំឱ្យកម្ពុជាជួបហានិភ័យកាន់តែខ្ពស់ទាំងក្នុងការឆ្លងចូលសហគមន៍ ដោយសារតែយើងមិនបានដឹងច្បាស់ អំពីតើអ្នកទាំងនោះមានមេរោគ ឬអត់ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន ប៉ុន្តែនៅពេលបន្ទាប់ពីចេញក្នុងការរង់ចាំពីរថ្ងៃ ប៉ុន្តែនៅថ្ងៃទី៤ ទី៥ ពួកគេនឹងមានរោគសញ្ញាចេញ អាចនឹងបណ្ដាលឱ្យកើតចេញជារូបរាង។
សម្ដេចតេជោបានបន្តទៀតថា៖ « ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានេះ តាមការប៉ាន់ស្មានរបស់អ្នកបច្ចេកទេស ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ លទ្ធភាពជាច្រើន គឺអាចចេញមកពី ស្ថានភាពនៃចត្តាឡីស័កមិនគ្រប់គ្រាន់សម្រាប់ជនបរទេសមួយចំនួន ហើយដែលអាចមានទំនាក់ទំនងជាមួយនឹង លោកឆែម សាវុធ និងក្រុមគ្រួសារលោកឆែម សាវុធ នេះកំពុងតែធ្វើការផ្ទៀងផ្ទាត់ » ។
សម្ដេចតេជោ ក៏បានអំពាវនាវដល់អ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩ទាំងអស់ សូមឱ្យមានការស្មោះត្រង់ ឆ្លើយឱ្យត្រង់ៗ ហើយពេលវេលានេះ គឺជាពេលវេលាដែលចាំបាច់បំផុត ដែលត្រូវតែធ្វើការបំភ្លឺឱ្យបានច្បាស់លាស់ គឺមិនអាចប្រើតាមវិធីចង់ឆ្លើយក៏ឆ្លើយ មិនចង់ឆ្លើយក៏ហី មិនអាចធ្វើយ៉ាងដូច្នោះទេ វាជាមហន្តរាយសម្រាប់សុខភាពសាធារណៈ។ ដូច្នេះត្រូវផ្ដល់ចម្លើយឱ្យបានជាក់លាក់ ច្បាស់លាស់ តើពេលកន្លងទៅនេះបានជួបជាមួយអ្នកណាខ្លះ បានធ្វើអ្វីខ្លះ ហើយបានទៅទីណាខ្លះ ព្រោះបញ្ហានេះជាពន្លឺសំខាន់ សម្រាប់ការរុករក ផ្ដាច់ឬសគល់ នៃការឆ្លងចូលសហគមន៍។
សម្ដេចតេជោ ក៏ស្នើឱ្យកងនគរបាលជាតិ ត្រូវគ្រប់គ្រងឱ្យបានការធ្វើចត្តាឡីស័ករបស់ជនស៊ីវិល អាជ្ញាធរមូលដ្ឋានត្រូវមើលចំពោះប្រជាពលរដ្ឋដែលធ្វើចិត្តាឡីស័កនៅតាមផ្ទះ ហើយត្រូវផ្គត់ផ្គង់ឱ្យពួកគាត់ចំពោះគ្រួសារក្រីក្រដែលខ្វះលទ្ធភាព ពិសេសយកចិត្តទុកដាក់ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យពួកគាត់ទទួលបាននូវម្ហូបអាហារ។ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់ពិនិត្យមើល កុំមានការប្រមូលផ្ដុំកងទ័ព ហើយបើមានការបញ្ហាណាមួយនោះកងទ័ពត្រូវដោះស្រាយខ្លួនឯង។ សម្តេចបានមានប្រសាសន៍ថា៖ « ខ្ញុំដឹងថាអគ្គមេបញ្ជាការបានដឹកនាំការប្រជុំរៀបចំផែនការនេះរួចជាស្រេច។ ដូច្នេះសុំឱ្យទាំងអស់គ្នាយកចិត្តទុកដាក់ ទាំងជនស៊ីវិល ប្រជាពលរដ្ឋព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ ជារួមមនុស្សទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងជាមួយនឹងការឆ្លងរីករាលដាលនៅក្នុងប្រទេសរបស់យើង ដែលខ្ញុំសង្ឃឹមថាយើងនឹងជម្នះបានឧបសគ្គនេះ ហើយយើងនឹងបន្តរួមគ្នាដោះស្រាយបញ្ហានេះឱ្យបានគ្រប់ជ្រុងជ្រោយ »៕
(សរុបដោយ ហេង វុធ្ធ)
(ប្រភពព័ត៌មាន: FreshNews និង information.gov.kh)

មតិពីមិត្តអ្នកអាន