ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចែករំលែកនូវទស្សនៈ ៣ចំណុចសំខាន់ៗ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី១ តាមរយៈប្រព័ន្ធវីដេអូ ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានចែករំលែកនូវទស្សនៈដូចជា៖ ទី(១) ភាពជាដៃគូនាពេលអនាគត គួរកសាងដោយផ្អែកលើយន្តការដែលមានប្រសិទ្ធភាព និងឆ្លងកាត់បទពិសោធន៍ ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការតាមរយៈកម្មវិធីជាក់លាក់ ឬផែនការសកម្មភាពជាក់ស្តែង ដែលអាចផ្តល់នូវលទ្ធផលរូបី និងមានឥទ្ធិពលសម្រាប់តំបន់ និងប្រជាជន។ ទី(២) ការទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូថាមពលជប៉ុន-អាមេរិក-មេគង្គ តាមរយៈការជំរុញថាមពលនៅក្នុងតំបន់ប្រកបដោយតម្លៃសមរម្យ អាចប្រើប្រាស់ និងពឹងផ្អែកបាន គំនិតផ្តួចផ្តើមនេះនឹងនាំមកនូវតម្លៃដ៏សំខាន់ និងបំពេញបន្ថែមទៀតទៅដល់ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និង ទី(៣) ក្នុងនាមជាសហប្រធានជាមួយអាមេរិក នៅឆ្នាំ២០២១ កម្ពុជាប្តេជ្ញាចិត្តជំរុញភាពជាដៃគូនេះឱ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតីនៃការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។
នៅកិច្ចប្រជុំនេះបានស្វាគមន៍ចំពោះការតម្លើងកម្រិតពីកិច្ចសហប្រតិបត្តិការមួយទសវត្សន៍ នៃគំនិតផ្តួចផ្តើមមេគង្គក្រោម ទៅជាភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ដែលនឹងបន្តពង្រឹងតម្លាភាព អភិបាលកិច្ចល្អ ការតភ្ជាប់ សមាហរណកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាព ដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ។
ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩និងជួយសម្រួលការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតនេះត្រូវបានបញ្ចប់។ កិច្ចប្រជុំបានទទួលស្គាល់ពីភាពចាំបាច់សម្រាប់ការទទួលបានដោយគ្មានឧបសគ្គ និងទាន់ពេលវេលានូវឱសថព្យាបាល វ៉ាក់សាំង ការពិគ្រោះពិនិត្យ និងការធ្វើតេស្តរោគវិនិច្ឆ័យ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីប្រកាសរួម របស់រដ្ឋមន្រ្តីការបរទេសនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងបានឯកភាពគ្នាលើឯកសារមូលដ្ឋានគ្រឹះនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកផងដែរ៕
(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន