នាថ្ងៃទី ១០ ខែកញ្ញា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជូនដំណឹងថា ធនាគារនេះបានអនុម័តផ្តល់កម្ចីចំនួន ១២៧,៨ លានដុល្លារឱ្យប្រទេសកម្ពុជា សម្រាប់គាំទ្រលើការកសាងបណ្តាញបញ្ជូននិងអនុស្ថានីយអគ្គិសនីនៅខេត្តក្រុងចំនួន ៤ គឺ រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ចាម និងកំពង់ធំ។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំកម្ពុជារបស់ ADB នាជំនួបជាមួយលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាកាលពីឆ្នាំ២០១៨។ រូបថត Krako
ADB បានបញ្ជាក់ថា តាមរយៈកម្ចីនេះ កម្ពុជានឹងទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថេរភាព និងអាចទុកចិត្តបាន។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី រាជធានី និងខេត្តគោលដៅទាំងនេះ ក្រៅពីបានអភិវឌ្ឍបណ្តាញអគ្គិសនីហើយនោះ ក៏នឹងមានការសាកល្បងប្រព័ន្ធផ្ទុកថាមពលដើរដោយអាគុយខ្នាតធំដំបូងបង្អស់នៅកម្ពុជាផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា គម្រោងសាកល្បងប្រព័ន្ធផ្ទុកថាមពលដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់នៅកម្ពុជានេះ គឺប្រើថវិកាអស់៦,៧លានដុលា្លរ ដោយក្នុងនោះ មាន៤,៧លានដុល្លារបានពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ (Strategic Fund)នៃការពង្រីកការអនុវត្ត កម្មវិធីថាមពលកកើតឡើងវិញនៅប្រទេសមានចំណូលទាប។ រីឯ ២លានដុល្លារទៀត បានពីមូលនិធិថាមពលស្អាត(Clean Energy Fund)នៃគ្រោងដៃគូហិរញប្បទានសម្រាប់ថាមពលស្អាត(Clean Energy Financing Partnership Facility)។
គម្រោងនេះនឹងជួយដល់អគ្គិសនីកម្ពុជា(EDC) ដែលជាស្ថាប័នជាតិ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញបញ្ជូន១១៥-២៣០គីឡូវ៉ាត ចំនួន៤ និងអនុស្ថានីយអគ្គិសនីចំនួន១០ នៅក្នុងរាជធានី និងខេត្តខាងលើ។ នេះបើតាមធនាគារអភិវឌ្ឍន៍អស៊ី ដោយបន្តថា គម្រោងសាកល្បងថាមពលដើរដោយអាគុយ នឹងធ្វើនៅទីតាំងនៅក្បែរឧទ្យានថាមពលព្រះអាទិត្យមានកម្លាំង១០០មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អស៊ី នឹងរួមបញ្ជូលនូវការបណ្តុះបណ្តាលបច្ចេកទេសផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនសមត្ថភាពផលិតចរន្តអគ្គិសនីថាមពលព្រះអាទិត្យដល់៤១៥មេហ្គាវ៉ាត់ នៅក្នុងឆ្នាំ២០២២។ ហើយប្រព័ន្ធផ្ទុកថាមពលដោយអាគុយដែលគាំទ្រដោយគម្រោងនេះ មានសមត្ថភាពសន្សំថាមពលអគ្គិសនីបាន១៦មេហ្គាវ៉ាត់ម៉ោង នឹងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូលថាមពលកកើតឡើងវិញ ដោយកាត់បន្ថយការកកស្ទះការបញ្ជូនចរន្ត និងធ្វើតុល្យាភាពនៃការផ្គត់ផ្គង់ និងតម្រូវការ។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថា គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយជាបន្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដល់កម្ពុជា ក្នុងការរៀបចំផែនការបណ្តាញថាមពល បានបង្ហាញថាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន គឺអាចផ្តល់ជូនក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសមធម៌។
លោកស្រីបានបន្តថា ប្រព័ន្ធផ្ទុកថាមពលដោយអាគុយនិងបង្ហាញពីរបៀបដែលការអភិវឌ្ឍខ្នាតធំនៃការអនុវត្ត បច្ចេកវិទ្យាច្នៃប្រឌិតថ្មី អាចត្រូវបានប្រើ ដើម្បីដំណើរការបណ្តាញអគ្គិសនីនៅកម្ពុជា នាពេលអនាគត និងដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត។
ជាមួយគ្នានេះ លោកស្រី Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា គម្រោងតាមរយៈការផ្តល់ហិរញ្ញប្បទាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្តចាំបាច់សម្រាប់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរ៍ភាពនេះ នឹងជំរុញផលិតភាពសេដ្ឋកិច្ចកម្ពុជា សមត្ថភាព ការប្រកួតប្រជែង និងការធ្វើពិពិធកម្មនានា។ លើសពីនេះទៅទៀត នឹងបង្កើតការងារ និងគាំទ្រដល់ការងើបឡើងវិញរបស់កម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩(COVID-19)។
បើតាមអ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីរូបនេះ គម្រោងផ្ទុកថាមពលដោយអាគុយនេះ នឹងបង្កើតការងារដោយផ្ទាល់ចំនួន១,៣០០នាក់ នៅក្នុងវិស័យសំណង់ ជាមួយនឹងការផ្តល់អត្ថប្រយោជន៍ ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ក្រៅពីនេះ គម្រោងនេះក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់EDC ក្នុងការកម្ពស់បរិយាប័ន្ន និងសមភាពយេនឌ័រ នៅកន្លែងធ្វើការ និងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់ស្ត្រី នៅក្នុងវិស័យថាមពល៕
(ប្រភពព័ត៌មាន: cambonomist)

មតិពីមិត្តអ្នកអាន