លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (SECC) បានឲ្យដឹងថា ការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋនឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលក្នុងការមានឧបករណ៍ហិរញ្ញវត្ថុថ្មីមួយដើម្បីធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន កៀរគរហិរញ្ញប្បទានក្នុងស្រុក និងក្រៅស្រុក និងជួយកាត់បន្ថយការខ្ចីបុលពីបរទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៤ ខែសីហា។ រូប SPM
សេចក្តីព្រាងច្បាប់មូលបត្របំណុលរដ្ឋត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីក្រោមអធិបតីភាពលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃសុក្រសប្តាហ៍មុន។បើយោងតាមលទ្ធផលនៃកិច្ចប្រជុំចាប់តាំងពីឆ្នាំ ១៩៩៣ ការគ្រប់គ្រងបំណុលសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា គឺមានភាពប្រយ័ត្នប្រយែង ច្បាស់លាស់ និងហ្មត់ចត់។ នៅក្នុងបរិការណ៍បច្ចុប្បន្នដោយពិនិត្យមើលនូវបញ្ហាប្រឈមពីកត្តាខាងក្រៅ និងខាងក្នុងមួយចំនួនដែលអាចបង្កផលប៉ះពាល់ជាយថាហេតុលើស្ថានភាពបំណុលសាធារណៈ ជាមួយនឹងគោលដៅនៃការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន ស្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងការសម្លឹងឆ្ពោះទៅរកការប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ ការចាប់ផ្ដើមសាកល្បងបោះផ្សាយមូលបត្ររដ្ឋដើម្បីកៀរគរទុនពីផ្សារមូលបត្រក្នុង និងក្រៅប្រទេសមកបំពេញសេចក្ដីត្រូវការនូវធនធាន និងហិរញ្ញប្បទាន គឺជាកាលានុវត្តភាព និងអាទិភាពថ្មីសម្រាប់កម្ពុជា។ សេចក្តីប្រកាសព័ត៌មានសរសេរថា «មូលបត្ររដ្ឋគឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយសម្រាប់បម្រើឲ្យរាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុក និងក្រៅស្រុកពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
លិខិតបានបន្តថា «ដើម្បីឆ្លើយតបនឹងបរិការណ៍បច្ចុប្បន្ននៃការអនុវត្តជាក់ស្ដែង ទាំងផ្នែកបច្ចេកទេសគ្រប់គ្រងប្រតិបត្តិការចំណូល ចំណាយ ផ្នែកលក្ខខណ្ឌ និងបទដ្ឋានគតិយុត្តថ្មីនៃប្រព័ន្ធទីផ្សារមូលបត្ររបស់កម្ពុជាព្រមទាំងសេចក្ដីត្រូវការថ្មីៗរបស់វិស័យឯកជន រាជរដ្ឋាភិបាលបានរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីមូលបត្ររដ្ឋ (ថ្មី) នេះឡើងដោយធ្វើនិរាករណ៍ច្បាប់ស្ដីពីមូលបត្ររដ្ឋ ឆ្នាំ ២០០៧ ទាំងស្រុង»។ លោក ស៊ូ សុជាតិ បានឲ្យដឹងថា មូលបត្របំណុលរដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន។ លោកបន្តថា៖ «មូលបត្រនេះនឹងអាចឲ្យរដ្ឋាភិបាលបោះផ្សាយដើម្បីកៀរគរហិរញ្ញប្បទានពីសាធារណជន ជាពិសេសពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។
លោកថ្លែងថា៖ «ការអនុម័តសេចក្តីព្រាងច្បាប់នេះ គឺជាការរៀបចំរបស់រដ្ឋាភិបាល។ នៅពេលមានសេចក្ដីត្រូវការ រដ្ឋាភិបាលអាចប្រើឧបករណ៍ហិរញ្ញវត្ថុនេះដើម្បីកៀរគរហិរញ្ញប្បទាន»។ លោកលើកឡើងថា៖ «មូលបត្របំណុលក៏អាចជួយរដ្ឋាភិបាលក្នុងការកាត់បន្ថយកម្ចីបរទេសផងដែរ។ វានឹងផ្ដល់ជម្រើសសម្រាប់រដ្ឋាភិបាលក្នុងការកំណត់ថា តើរដ្ឋាភិបាលត្រូវការកម្ចីប៉ុន្មានពីបរទេស និងតើរដ្ឋាភិបាលនឹងបោះផ្សាយមូលបត្របំណុលប៉ុន្មាន ដើម្បីទទួលបានហិរញ្ញប្បទានពីវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក»។
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ
លោក Jong Woen Ha អនុប្រធានក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិបន្ថែមទៀតពីការចេញមូលបត្របំណុលរដ្ឋ ការចុះបញ្ជី ការជួញដូរ និងការដាក់ប្រាក់បញ្ញើ។ លោកបញ្ជាក់ថា៖ «យើងសង្ឃឹមថា មូលបត្ររដ្ឋនឹងត្រូវចុះបញ្ជី និងជួញដូរនៅលើ CSX ហើយយើងត្រៀមខ្លួនរួចរាល់លើហេដ្ឋារចនាសម្ព័ន្ធនេះ»។
លោកបន្ថែមថា៖ «នៅពេលរដ្ឋាភិបាលត្រូវការប្រាក់សម្រាប់ការវិនិយោគ ឬការចំណាយណាមួយ ពួកគេអាចពិចារណាការចេញមូលបត្របំណុលនេះ។ វាជាជម្រើសមួយផ្សេងទៀតនៃហិរញ្ញប្បទានរហ័ស ដែលមិនទាមទារលក្ខខណ្ឌតម្រូវណាមួយនោះទេ ប៉ុន្តែត្រូវបានចាត់ទុកជាប្រភេទឥណទាន។ ហិរញ្ញប្បទានក្នុងស្រុកធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុកកាន់តែមានស្ថិរភាព និងអភិវឌ្ឍរហ័ស។ រដ្ឋាភិបាលក៏នឹងមានអំណាចបន្ថែមទៀតលើឆាកអន្តរជាតិ ពេលការខ្ចីមូលនិធិពីបណ្ដាប្រទេសផ្សេងទៀតមានកម្រិតទាប»។
គួរបញ្ជាក់ថា បើតាមឯកឧត្តម ផៃ ស៊ីផាន ការចាប់ផ្តើមសាកល្បងបោះផ្សាយមូលបត្ររដ្ឋ ដើម្បីកៀរគរទុនពីផ្សារមូលបត្រក្នុង និងក្រៅប្រទេស មកបំពេញសេចក្តីត្រូវការធនធាន និងហិរញ្ញប្បទានដែលកើនឡើងជាងរៀងរាល់ថ្ងៃនេះ ជាកាលានុវត្តភាព និងអាទិភាពថ្មីសម្រាប់កម្ពុជា ក្នុងការរួមទប់ស្កាត់ផលប៉ះពាល់ជាយថាហេតុលើស្ថានភាពបំណុលសាធារណៈ និងជាគោលដៅនៃការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន សម្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងសម្លឹងឆ្ពោះទៅរកការប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប (Lower-middle income economy) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (Upper-middle income economy)នាពេលខាងមុខ។
ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋនេះ ជាមូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយមួយ និងស្របតាមតម្រូវការនៃតថភាពជាក់ស្ដែង ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាន សម្រាប់អនុញ្ញាតប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុជាមូលបត្ររដ្ឋនេះ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមពីវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់ ឆ្លើយតបបានទៅនឹងតម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា៕
(postkhmer)


មតិពីមិត្តអ្នកអាន