នាពេលថ្មីៗ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា រដ្ឋបាលស្រុកនេះបានចាប់ផ្ដើមប្រមូលផលស្រូវរបស់គម្រោង “ស្រែសង្គម” ក្នុងឃុំព្រះដាក់ ដែលត្រូវបានដាំដុះអស់រយៈពេល៤ខែកន្លងមក ដើម្បីជួយគាំទ្រដល់កសិករនៅក្នុងតំបន់ ជាពិសេសអ្នកដែលទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចនិងជីវភាពពីជំងឺរាតត្បាត COVID-19។
គម្រោង “ស្រែសង្គម” ជួយគាំទ្រកសិករក្នុងបរិបទនៃ COVID-19
យោងតាម លោក ឃឹម ហ្វីណង់ បញ្ជាក់ថា តាមការប៉ាន់ស្មាន គម្រោងលើកទីមួយ ដែលបានអនុវត្តនៅលើផ្ទៃដី៤០ហិកតានេះ អាចផ្ដល់ផលស្រូវជាង ១០០តោន។
លោក ហ្វីណង់ បញ្ជាក់ទៀតថា គម្រោងនេះទទួលបានការគាំទ្រពីសប្បុរសជនទូទៅ ដោយពួកគាត់បានជួយជាពូជស្រូវ ម៉ាស៊ីនគ្រឿងចក្រសម្រាប់បម្រើឱ្យការភ្ជួររាស់និងដឹកជញ្ជូន ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសជួយរ៉ាប់រយរាល់ការចំណាយទាំងអស់នៅក្នុងគម្រោងជុំទីមួយនេះ។ លោកអភិបាលស្រុករូបនេះ បន្តថា ក្រុមការងារនឹងរៀបចំប្រមូលផលជាដំណាក់កាលៗ ដោយហេតុតែការចាប់ផ្តើមគម្រោងមិនបានដំណាលគ្នាកាលពីដំបូង តែនឹងបញ្ចប់ការប្រមូលផលទាំងស្រុងយ៉ាងយូរត្រឹមពីរសប្តាហ៍ទៀតប៉ុណ្ណោះ។
បើតាមលោក ឃឹម ហ្វីណង់ ក្នុងផ្ទៃដីមួយហិកតា អាចនឹងផ្ដល់ផលបានចន្លោះពី ៣ទៅ៣,៥តោន។ រដ្ឋបាលស្រុកបន្ទាយស្រី នៅតែបន្តអនុវត្តគម្រោងនេះជាបន្តទៀត ប្រសិនបើនៅតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
តាមផែនការដែលបានរៀបចំទុក ដំណាក់កាលទី២នេះ នៅតែបន្តធ្វើលើទំហំផ្ទៃដីដដែល ព្រោះថា កាលពីជុំទីមួយកន្លងទៅ គម្រោងបានជួបប្រទះបញ្ហាមួយចំនួន ក្នុងនោះបញ្ហាហិរញ្ញវត្ថុគឺជារឿងប្រឈមមួយ។ នេះបើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី៕
(សរុបដោយសាមេត)


មតិពីមិត្តអ្នកអាន