មេគង្គ គឺជាទន្លេវែងជាងគេលំដាប់ទី១២ នៅក្នុងចំណោមទន្លេទាំងឡាយនៅលើពិភពលោក។ ទន្លេនេះ មានប្រភពពីទន្លេឡានឆាងប្រទេសចិន ហូរចុះកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ដែលមានប្រវែងសរុប ៤ ៣៥០ គីឡូម៉ែត្រ ចាក់ទៅសមុទ្រចិនខាងត្បូង។
ប្រជាជនម្នាក់រស់នៅលើបឹងទន្លេសាប។ (រូបថត៖ Thmey Thmey.com)
មនុស្សយ៉ាងហោចណាស់ ៦០ លាននាក់ បានពឹងអាស្រ័យទៅលើទន្លេមួយនេះ ជាមធ្យោបាយធ្វើដំណើរ ជាប្រភពនៃសន្តិសុខស្បៀង ជាផ្លូវដោះដូរពាណិជ្ជកម្ម និងជីវភាពរស់នៅ។
ទោះជាយ៉ាងណា ការធ្វើទំនប់វារីអគ្គិសនីរាំងទឹកទន្លេ ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងទៀតកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិដ៏ធំមួយនេះដែលទាមទារឱ្យមានដំណោះស្រាយប្រសើរមួយចំពោះបញ្ហាប្រឈមទាំងនេះ។
ផ្ទៃបឹងទន្លេសាប ចាប់ផ្តើមរីកមាឌបន្ដិច ក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នារដូវវស្សានេះ។ ការនេសាទរបស់ប្រជានេសាទ ក៏ចាប់ផ្តើមមានសកម្មភាពឡើងវិញ ខណៈដែលក្នុងរដូវប្រាំងកន្លងទៅ ផ្នែកធំនៃបឹងមួយនេះ គោករីងស្ទើរតែទាំងស្រុង។
ដ្បិតទឹកចាប់ផ្តើមឡើងវិញក៏ពិតមែន តែស្ថិតក្នុងកម្រិតទាប និងមិនទាន់អំណោយផលក្នុងការនេសាទ និងខ្សត់ត្រី។ គ្រួសារអ្នកនេសាទនៅតំបន់ចុងឃ្នៀស ដែលពឹងអាស្រ័យលើបឹងដ៏ធំមួយនេះ កំពុងបារម្ភពីជីវភាពរស់នៅ ខណៈដែលផលនេសាទត្រូវបានគេមើលឃើញថា កាន់តែខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំ។ មូលហេតុចម្បង ត្រូវគេរកឃើញថា ដោយសារការប្រែប្រួលអាកាសធាតុ និងកំណើនការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាដើម៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន