ទស្សនៈ៣ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់ការអភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

11:05 | 24/08/2020 (សរុបដោយវិច្ឆិកា)

ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ឆ្នាំ២០២០ បានរៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» ដោយមានប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំ ក្នុងនោះលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកទស្សនៈដូចតទៅ៖

សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៣ចំណុច សម្រាប់ការអភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ទី១៖ ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យបាននូវប្រភពកំណើនថ្មី នៅក្នុងអនុតំបន់របស់យើង គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ យើងត្រូវខិតខំពនឿនការរៀបចំ និងការសម្រេចឱ្យបាន នូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសម្រាប់អនុតំបន់យើង។ ការលើកកម្ពស់នូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ ផ្នែកឧស្សាហកម្ម និងជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និង ពង្រឹងការធ្វើសមាហរណកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ នៃអនុតំបន់របស់យើង ចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង រយៈពេលវែងនៃអនុតំបន់របស់យើងផងដែរ។ ក្នុងន័យនេះ សម្តេចសូមគាំទ្រនូវវិធានការទាំងឡាយ ដែលមានចែង នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សហប្រធាន។

ទី២៖ អស់រយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងសានយ៉ា សម្តេចជឿជាក់ថានេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើប្រព័ន្ធតាមដាន និងវាយតម្លៃច្បាស់លាស់មួយ ដើម្បីធានា នូវប្រសិទ្ធភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ជាក់ស្តែង ចាប់តាំងពីពេលដែលដាក់ឱ្យដំណើរការនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងឆ្នាំ២០១៦មក កម្ពុជាបានទទួលគម្រោងចំនួន៥៥ ដែលគ្របដណ្ដប់លើសកម្មភាព សហប្រតិបត្តិការជាក់លាក់ ហើយយើងមានជំនឿថា បាននាំមកនូវការអភិវឌ្ឍជាក់ស្តែង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនយើងទាំងអស់គ្នា។

ទី៣៖ ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០ យើងត្រូវបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថាជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិយើង ជាពិសេសគឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាពសម្រាប់តំបន់របស់យើង។ នៅក្នុងបរិការណ៍នេះ ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស ២បន្ថែមទៀត នៃសកម្មភាពរួមរបស់យើង។ ជាមួយគ្នានេះដែរ សម្តេចតេជោក៏សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្រប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ពាក់ព័ន្ធនឹងអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះចក្ខុវិស័យការងាររបស់ លោកនាយករដ្ឋមន្ត្រី លី កឺឈាង (Li Keqiang) និងគាំទ្រនូវសំណើរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យអាទិភាពចំនួន៤ រួមមាន៖ ១៖ ការតភ្ជាប់តាមរយៈការកសាងខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង និងការជំរុញសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្ម តាមដី-សមុទ្រអន្តរជាតិថ្មី, ២៖ កិច្ចសហប្រតិបត្តិការធនធានទឹក, ៣៖ ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យ កសិកម្ម និងបរិស្ថាន និង៤៖ ការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការបង្កើតឡើង នូវសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។

សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហប្រធានទាំងពីរ សម្រាប់ការរៀបចំកិច្ចប្រជុំនេះឡើង ប្រកបដោយ ភាពជោគជ័យ។ ទន្ទឹមនេះ សម្តេចក៏សូមឆ្លៀតយកឱកាសនេះ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសមីយ៉ាន់ម៉ា ដែលនឹងបំពេញតួនាទី ជាសហប្រធាននៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅពេលខាងមុខជាមួយនឹងប្រទេសចិន។

ជាមួយគ្នានេះ សម្តេចក៏បានអះអាងដែរថា កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំចំពោះកិច្ចសហប្រតិបត្តិការមេគង្គឡាន-ឆាង ហើយកម្ពុជាទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា និង ប្រទេសសមាជិកដទៃទៀត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការកសាង «សហគមន៍មួយដែលមានអនាគតរួមគ្នា ប្រកបដោយសុខសន្តិភាព និងវិបុលភាព»៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន